តុលាការ​សាកសួរ​លោក ឡាយ វណ្ណៈ ករណី​ឃាតកម្ម​សម្លាប់ ចេ​វ សុ​វ​ឌ្ឍ​នា

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ នេះ លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សាកសួរ​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ ជុំវិញ​អំពើ​ឃាតកម្ម​សម្លាប់​ស្រី្ត​ឈ្មោះ ចេ​វ សុ​វ​ឌ្ឍ​នា។ លទ្ធផល​នៃ​ការសាកសួរ​នេះ​ពុំ​ត្រូវបាន​ទម្លាយ​ឱ្យដឹង​ទេ ដោយ​មន្ត្រី​តុលាការ​អះអាងថា ជាការ​សម្ងាត់​នៃ​ការ​ស៊ើបសួរ។

គួរ​បញ្ជាក់ថា លោក កូយ សៅ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ សម្រេច​ចេញ​ដីកាឃុំខ្លួន​លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ និង បក្ខពួក៣នាក់​ទៀត ដាក់ពន្ធនាគារ​បណ្តោះអាសន្ន ។ ចំណែក​មនុស្ស​ពីរ​នាក់​ទៀត ត្រូវបាន​ដោះលែង​ឱ្យមាន​សេរីភាព​ឡើងវិញ ព្រោះ​មិនជា​ប់​ពាក់ព័ន្ធ។

លោក លី សុ​ផា​ណា អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ថ្លែងថា អយ្យការ​បានសម្រេច​បើក​ការ​ស៊ើបសួរ​ដោយ​ចោទប្រកាន់​ទៅលើ​ឈ្មោះ ឡាយ វណ្ណៈ​និង​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ពីបទ ឃាតកម្ម តាម​មាត្រា១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​ចោទប្រកាន់​ទៅលើ​ឈ្មោះ ម៉េ​ន សា​ម៉ៃ និង​ឈ្មោះ ជឹម វុ​ធ ពីបទ លាក់បាំង​តម្រុយ តាម​មាត្រា ៥៣២ នៃ​ក្រមព្រហ្មទណ្ឌ។

ជនសង្ស័យ​ត្រូវ​ចោទ​ទាំង៤នាក់​រួមមាន៖ ទី១៖ លោក ឡាយ វណ្ណៈ អតីត​អភិបាល​ខេត្តតាកែវ, ទី២៖ លោក ឡាយ ណា​រិ​ទ្ធ ស្នងការរង​នគរបាល​ខេត្តតាកែវ ត្រូវជា​បងប្រុស លោក ឡាយ វណ្ណៈ, ទី៣៖ឈ្មោះ ម៉េ​ន សា​ម៉ៃ អ្នកបើក​ឡាន​ឲ្យ​លោក ឡាយ វណ្ណៈ និង​ទី៤៖ ឈ្មោះ ជឹម វុ​ធ ហៅ ថូត ជា​អ្នកបំរើ​នៅផ្ទះ​នាង ចេ​វ សុ​វ​ឌ្ឍ​នា។ ចំណែក​មនុស្ស​ពីរ​នាក់​ទៀត​ត្រូវបាន​អនុញ្ញាតឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​មានឈ្មោះ ឈ្មោះ ចាន់ រី ភេទ​ស្រី និង​ឈ្មោះ តាក់ រតនា ជា​អ្នក​បើកឡាន​ឱ្យ​លោក ឡាយ ណា​រិ​ទ្ធ។

លោក ឡាយ វណ្ណៈ អាយុ៤៥ឆ្នាំ និង លោក ឡាយ ណា​រិ​ទ្ធ ឡាយ ណា​រិ​ទ្ធ អាយុ៤៦ឆ្នាំ ជាប់ចោទ​ប្រកាន់​ពីបទ​ឃាតកម្ម ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាម​មាត្រា១៩៩ នៃ​ក្រមព្រហ្មទណ្ឌ។

ឈ្មោះ ម៉េ​ន សា​ម៉ៃ ភេទ​ប្រុស អាយុ៣៦ឆ្នាំ និង ឈ្មោះ ជឹម វុ​ធ ហៅ​ថូត ភេទ​ប្រុស អាយុ៤១ឆ្នាំ ជាប់ចោទ​ប្រកាន់​ពីបទ​លាក់​បំបាំង​តម្រុយ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាម​មាត្រា៥៣២ នៃ​ក្រមព្រហ្មទណ្ឌ ។

យោងតាម​ច្បាប់ក្រម​ព្រហ្មទណ្ឌ បាន​ចែងថា មាត្រា១៩៩៖ បទ​ឃាតកម្ម៖ អំពើ​សម្លាប់​មនុស្ស​ដោយ​ចេតនា ដោយ​ប្រើ​អាវុធ ឬ​មិន​ប្រើ​អាវុធ ដោយ​គ្មាន​ស្ថាន​ទម្ងន់​ណាមួយ​ដូច​បានកំណត់​ក្នុង​មាត្រា២០០ (បទ​ឃាតកម្ម​គិតទុក​ជាមុន) ដល់​មាត្រា២០៥ (បទ​ឃាតកម្ម​ដោយមាន​ទារុណកម្ម អំពើ​ឃោរឃៅ ឬ​អំពើ​រំលោភ​សេពសន្ថវៈ) នៃ​ក្រម​នេះ គឺជា​ឃាតកម្ម។ ឃាតកម្ម​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ១០(ដប់)ឆ្នាំ ទៅ១៥(ដប់​ប្រាំ)ឆ្នាំ។

មាត្រា៥៣២៖ បទ​លាក់​បំបាំង​តម្រុយ ៖ អំពើ​កែប្រែ លុបបំបាត់ ឬ​លាក់​បំបាំង​តម្រុយ ឬ​ស្លាកស្នាម​នៅលើ​ទីកនលែង​នៃ​បទឧក្រិដ្ឋ ឬ​បទមជ្ឈិម ក្នុង​គោលបំណង​ធ្វើជា​ឧបសគ្គ​ដល់​ការស្វែងរក​ឲ្យ​ឃើញ​នូវ​ការពិត ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ១(មួយ)ឆ្នាំ ទៅ៣(បី)ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២,០០០,០០០(ពីរលាន)រៀល ទៅ៦,០០០,០០០(ប្រាំមួយ​លាន)រៀល៕

 

 

Leave a Reply

(*) Required, Your email will not be published