ខេត្តព្រះសីហនុ ៖ ប្រភពពីឈ្មួញនិងអាជីវករដែលរកស៊ីនាំចូលទំនិញពីប្រទេសសៀមតាមច្រក កំពង់ផែទំនប់រលក ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឲ្យដឹងថា លោក នុប សំអាន ប្រធានការិយាល័យគយប្រចាំផែទំនប់រលកថ្មី ដែលចូលកាន់តំណែង ជំនួសអ្នកចាស់ កំពុងសាងភាពល្បីល្បាញ ខាងប្រព្រឹត្តអំពើ ពុករលួយ។
តាមការអះអាង របស់ឈ្មួញតូចតាច បានឲ្យដឹងថា ប្រធានការិយាល័យគយច្រកផែទំនប់រលក សព្វថ្ងៃនេះ កំពុងគាបសង្កត់ ឲ្យពួកគាត់បង់លុយ លើតុក្រោមតុ ស្រេចតែអំពើចិត្ត ដោយគ្មានញញើតអ្វីទាំងអស់ ដោយសារតែអាងមានខ្នងបង្អែករឹងមាំ។ទន្ទឹមនឹងនេះមេគយថ្មីប្រចាំផែទំនប់រលកបែរជាបើក ដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់ តាមអំពើចិត្តដោយគ្មានញញើតអ្វីទាំងអស់ ដូច្នេះលោក ទុំ ណូ ប្រធានសាខាគយខេត្តព្រះសីហនុ មិនគួរបណ្ដោយឲ្យមេគយថ្មីប្រចាំផែទំនប់រលក ធ្វើអ្វីៗស្រេចតែអំពើចិត្តទៀតទេ។
តាមការបង្ហើបពីមន្ត្រីនិងភ្នាក់ងារគយនៅខេត្តព្រះសីហនុ មួយចំនួនបានឲ្យដឹងថាមេគយថ្មីប្រចាំផែទំនប់រលកទំនងជាចំណាយដើមទុនយ៉ាងច្រើនដើម្បីមុខតំណែងនេះ ទើបខំប្រឹង ប្រើគ្រប់វិធី ប្រមូលលុយស្រង់ដើម ដោយគ្មានញញើតអ្វីឡើយ។
ជាក់ស្ដែងនៅផែទំនប់រលកឬផែ សូ ជុងហួរ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ បច្ចុប្បន្នគឺជាចំណុចដែលឈ្មួញធំៗនាំចូលទំនិញគេចពន្ធនិងទំនិញខុសច្បាប់ ច្រើនប្រភេទ ដែលធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធ យ៉ាងច្រើន សន្ធឹកសន្ធាប់ក្នុងមួយខែៗ។
ប្រភពបានឲ្យដឹងទៀតថា ទំនិញគេចពន្ធ ដែលឈ្មួញនាំចូល តាមផែទំនប់ រលក មានដូចជា ម៉ូតូស៊េរីទំនើបៗ សម្ភារៈប្រើប្រាស់ក្នុងការិយាល័យ គ្រឿងសំណង់ ភេសជ្ជៈ គ្រឿងកំប៉ុង ស្រាថ្លៃៗស្រាបៀរ ទូរស័ព្ទដៃទំនើបៗ កុំព្យូទ័រ និង គ្រឿងអេឡិចត្រូនិចផងដែរ។
ប្រភពបានបន្តទៀតថា ជារៀងរាល់ថ្ងៃទំនិញ ដែលដឹកតាម រថយន្តសណ្តោងធំៗ និងមានបិទបាំងជិត មិនត្រូវបាន មន្ត្រីការិយាល័យគយ ទំនប់រលក និងសមត្ថកិច្ចប្រចាំការនៅច្រក ផែមួយនេះ ត្រួតពិនិត្យ ឲ្យបានដិតដល់ នោះទេ។
ករណីនេះ លោក ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ គួរ តែបញ្ជូនមន្ត្រី ឲ្យចុះស៊ើបអង្កេត ពីភាពមិនប្រក្រតី និងអំពើពុករលួយ ជាប្រព័ន្ធនៅការិយាល័យគយនិងរដ្ឋាករទំនប់រលក ដែលមានការឃុបឃិត បើក ដៃឲ្យឈ្មួញ នាំចូលទំនិញគេចពន្ធ បំផ្លាញចំណូល ថវិកាជាតិ រាប់សិបឆ្នាំ មកហើយ៕



