ខេត្តមណ្ឌលគីរី ៖ សេចក្តីរាយការណ័ប្រាប់ថា លោក រឿន ផៃរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តមណ្ឌលគិរី កំពុងត្រូវបានមន្ត្រីគណនេយ្យតាមមន្ទីរនានាក្នុងខេត្តមណ្ឌលគិរីបើកកកាយជាបន្តបន្ទាប់ដើម្បីឲ្យថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានជ្រួតជ្រាបហើយចាត់វិធានការទប់ស្កាត់ ទាន់ពេលវេលា។ ទន្ទឹមនឹងនេះក៏មានសេចក្ដីអំពាវនាវឲ្យលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេត ទៅលើរឿងអាស្រូវពុករលួយរបស់លោក រឿន ផៃរិទ្ធ ជាបន្ទាន់ផងដែរព្រោះលោក រឿន ផៃរិទ្ធ និងបក្ខពួកមួយចំនួនតូចឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយច្រើនឆ្នាំមកហើយ។
តាមការបង្ហើបពីមន្ត្រីគណនេយ្យ នៅក្នុងមន្ទីរមួយចំនួន ដែលមកបើកលុយចេញពីមន្ទីរហិរញ្ញវត្ថុខេត្តមណ្ឌលគិរី បានឲ្យដឹងថា ពួកគេត្រូវកាត់៥ភាគរយឬរហូតដល់១៥ភាគរយ សម្រាប់បង់ឲ្យលោក រឿន ផៃរិទ្ធ ទើបអាចបើកលុយបានឆាប់រហ័សយកទៅប្រើប្រាស់តាមគម្រោងនានា។ ក្នុងនោះសម្រាប់លោក រឿន ផៃរិទ្ធ ដែលជាប្រធានមន្ទីរ ទទួលបានលុយប្រមាណ៥ភាគរយយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន ដោយគ្មានញញើតអ្វីទាំងអស់ ហើយបើមន្ទីរណា មិនបង់លុយភាគរយទេនោះ គឺមិនងាយបើកលុយបាន យកទៅប្រើប្រាស់ឡើយ។
ដូច្នេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក ឱម យ៉ិនទៀង មិនគួរមើលរំលង រឿងអាស្រូវ ពុករលួយរបស់លោករឿនផៃរិទ្ធ ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តមណ្ឌលគិរីដែលកំពុងធ្វើអ្វីៗតាមអំពើចិត្តនោះទេ។ជាច្រើនឆ្នាំមកហើយដែលលោក រឿន ផៃរិទ្ធ បង្កការលំបាក ដល់មន្ទីរជុំវិញសាលាខេត្តមណ្ឌលគិរី ដែលមកបើកលុយ យកទៅអនុវត្តន៍គម្រោងនានា ព្រោះលោក រឿន ផៃរិទ្ធ មានជំនាញខាងកាត់ភាគរយយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទម៕
