ខេត្តកំពត ៖ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ មានហេតុការណ៍គ្រោះថ្នាក់ចរាចរដ៏រន្ធត់ បង្កឡើងដោយគោយន្តដឹកគ្រែលក់ ត្រូវរថភ្លើងបុក ខណៈគោយន្តឆ្លងកាត់ផ្លូវបំបែកមួយកន្លែង ត្រង់ចំណុចផ្លូវខ្មោចចោរ ស្ថិតក្នុងភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត រងរបួសប្ដីប្រពន្ធ២នាក់។
សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញគោយន្តកន្ត្រៃដឹកគ្រែលក់ មួយគ្រឿង ជិះពីរនាក់ប្តីប្រពន្ធ បានបើកបរតាមផ្លូវក្រួសក្រហម ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ (ផ្លូវបំ បែកឆ្លងផ្លូវរថភ្លើង) ក៏ស្រាប់រថភ្លើងខ្សែដឹកភ្ញៀវទេសចរមួយគ្រឿង បើក បរក្នុងទិសដៅពីជើងទៅត្បូង (ពីភ្នំពេញទៅខេត្តព្រះស៊ីហនុ) លុះមកដល់ក៏វាក់នឹងគោយន្ត បណ្ដាលឲ្យរថភ្លើងបុកគោយន្តមួយកំណាត់ក្បាលម៉ាស៊ីន បណ្ដាលឲ្យដាច់ម៉ាស៊ីគោយន្ត រួចខ្ទាតទៅលើស្នាមភ្លោះចម្ងាយជាង១០ម៉ែត្រពីគោយន្ត រងរបួសប្ដីប្រពន្ធ២នាក់ ។
ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ ប្តីឈ្មោះ ក្រឹម ច្រឹក អាយុ៤១ឆ្នាំ ប្រពន្ធឈ្មោះ ជា សាវន អាយុ៣៨ឆ្នាំ ទាំងពីរនាក់ មានទីលំនៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារ៉ាយ ខេត្តកំពង់ធំ ត្រូវបានអ្នកស្រុកជួយហៅពេទ្យឯកជននៅក្នុងភូមិកន្លែងកើតហេតុមកជួយចាក់ថ្នាំ និងដេររបួសឲ្យ ។ បន្ទាប់ពីមាន ហេតុការនេះកើតឡើង ខាងរថភ្លើងបានឈប់មើល ជនរងគ្រោះទាំងពីរនាក់មួយភ្លែតព្រមទាំងបានថតរូបជនរងគ្រោះ និងគោយន្តដែលក្រឡាប់នោះផង ដែរ រួចហើយក៏ចេញដំណើរទៅខេត្តព្រះស៊ីហនុបាត់ស្រមោល ៕

