នាយរង​ប៉ុស្តិ៍​អន្តោប្រវេសន៍​ច្រក​អូរ​ស្មាច់​ត្រូវគេ​គប់​បែកក្បាល​

, , Leave a comment

​ខេត្តឧត្ដរមានជ័យ ៖ បុរស​ម្នាក់​ដែល​គេ​ដឹងថា ជា​នាយរង​ប៉ុស្តិ៍​អន្តោរ​ប្រវេសន៍ នៅ​ច្រក​អន្តរជាតិ​អូរ​ស្មាច់ បាន​បែកក្បាល ខណៈដែល​ត្រូវ​ត្រូវគេ​គប់​មួយ​កែវស្រា​បែក​ហូរឈាម​ស្រោច​ខ្លួន ព្រោះតែ​រឿង​គំនុំ​ចាស់​យូរហើយ ជា​មួយគូ​ជម្លោះ​។ ករណីនេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​១០ និង​១០​នាទី​ថ្ងៃទី​៣ ខែមីនា​ឆ្នាំ​២០១៨ នៅត្រង់ចំណុច ចំណតរថយន្ត​បេនឡាន​អូរ​ស្មាច់ ក្នុង​បរិវេណ​ក្រុម ហ៊ុន​អូរ​ស្មាច់ ស្ថិតនៅ​ក្នុងភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ​។​

 

​ជនសង្ស័យ​ឈ្មោះ ហេង សុវណ្ណ​រ័ត្ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ប​ច្នុ​ប្បន្ន​នៅ​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​យក​កែវស្រា​គប់​ទៅលើ​ក្បាល ឈ្មោះ សយ ហុង​ម៉េង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​មន្ត្រីនគរបាល​ឋានៈ​នាយរង​ប៉ុស្តិ៍​ច្រកទ្វា​អន្តរជាតិ​អូរ​ស្មាច់ ត្រូវចំ​ក្បាល​ខាងមុខ​ផ្នែក​ខាងឆ្វេង​បែកចេញ​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួន​។​

 

​ប្រភព​ពត៌មាន​ពី​សមត្ថកិច្ច​បានអោយដឹង​ថា រឿងហេតុ​គឺ​ដោយសារ​ជនរងគ្រោះ​និង​ជនសង្ស័យ​មានទំនាស់​នឹង​គ្នា​ជា​យូរ​មកហើយ ដែល​កាលពី​ប្រហែល​មួយឆ្នាំ​មុន​ឈ្មោះ​សយ ហុង​ម៉េង ធ្លាប់ប្រើ​ហិង្សា​ទៅលើ​ជនសង្ស័យ​ហើយ​នាពេល​កើតហេតុ​ស្រាប់តែ​ជនសង្ស័យ​មាន​កំហឹង​ចង់​សងសឹក​បាន​ទាញ​កែវស្រា​គប់​លើ​ក្បាល​ជនរងគ្រោះ បណ្តាលអោយ​រងរបួស​ធ្ងន់​តែម្តង​។​

 

​ក្រោយ​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​អូ​ស្មាច់ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​ឃាត់ខ្លួន​ជនសង្ស័យ​មក​សាក់សួរ​នៅ​ប៉ុស្តិ៍​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

 

 

 

Leave a Reply

(*) Required, Your email will not be published