ប្រធានការិយាល័យ​រៀបចំ​ដែនដី នគររូបនីយកម្ម មួយចំនួនទៀត​ក៏​ត្រៀម​ចូល​គុក​ដែរ ព្រោះ​បាន​ប្រព្រឹត្តិ​អំពើ​ទុច្ចរិត​…!

, , Leave a comment

​រាជធានី​ភ្នំពេញ ៖ លោក ស៊ូ ស៊ី​វុត្ថា ប្រធានការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​ភូមិបាល ខណ្ឌ​ព្រែក​ព្នៅ ត្រូវបាន​លោក ស៊ិន វីរៈ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ “​ក្លែង​ដោយ​អ្នកជំនាញ​” តាម​មាត្រា​៥៥១​នៃ​ក្រមព្រហ្មទណ្ឌ ដែល​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​ពី​២​ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ទៅ​១០​លាន​រៀល​។​

 

​មន្ត្រី​តុលាការ​បាន​ថ្លែង​ឱ្យដឹង​នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ថា បច្ចុប្បន្ន សំណុំរឿង​ជន​ត្រូវ​ចោទ ស៊ូ ស៊ី​វុត្ថា បាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ ចាត់ការ​បន្ត​តាម​នីតិវិធី តាម​រូបភាព​ជន​ត្រូវ​ចោទ​នៅក្រៅ​ឃុំ​។​
​យោងតាម​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ​បង្ហាញថា “​លោក ស៊ូ ស៊ី​វុត្ថា ដែលជា​អ្នកជំនាញ​ខាង​រដ្ឋបាល​បានធ្វើ​សេចក្ដីបញ្ជា​ក់មួយ​តាមរយៈ​លិខិត​លេខ​០៧៧​របក ចុះ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៧ ផ្ញើ​ទៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ត្រង់​ទំព័រ​ទី​២ បន្ទាត់​ទី​៧ ដែលមាន​ខ្លឹមសារ​ថា “​ឈ្មោះ នុត រស្មី បាន​មានប្រសាសន៍ថា បើ​មាន​បណ្តឹង​ពី​បុគ្គល​ណាមួយ សូម​ឲ្យ​ទៅ​ដោះស្រាយ​នៅ​សាលាខណ្ឌ​ព្រែក​ព្នៅ ហើយ​ពួកខ្លួន ពុំ​អាច​ផ្អាក​សកម្មភាព​បានទេ លុះត្រាតែ​សាលាខណ្ឌ​មក​ផ្អាក ទើប​ខ្លួន​ផ្អាក​សកម្មភាព​បាន​”​។​

 

​លោក​ព្រះរាជអាជ្ញារង ស៊ិន វីរៈ ចាត់ទុកថា​ខ្លឹមសារ​នៃ​លិខិតបញ្ជាក់​នេះ គឺជា​ការ​ក្លែង​ទិន្នន័យ​នៃ​របាយការណ៍ ជា​លាយលក្ខណ៍អក្សរ​រ​បស់​ខ្លួន ដែល​ត្រូវ​អាជ្ញាធរ​ចាត់ទុកថា​ជាការ​ពិត ហើយ​ត្រូវ​កងរាជអាវុធហត្ថ ជឿជាក់ ហើយ​បានដាក់​បន្ទុក​លើ​ឈ្មោះ នុត រស្មី ហើយ​ធ្វើការ​ឃាត់ខ្លួន តែម្ដង ។​

 

​ដោយ​ឡើង​លិខិត​បំភ្លឺ​របស់លោក ស៊ូ ស៊ី​វុត្ថា ចុះ​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៨ បញ្ជាក់ថា តុលាការ​ពុំទាន់​មានការ​ចោទប្រកាន់ ណាមួយ ដូច​ការចុះផ្សាយ​របស់​កាសែត​រស្មី​កម្ពុជា​និង​គេហទំព័រ​មួយចំនួន​ទេ។​

 

​ត្រង់ចំណុច​នេះ​មជ្ឈដ្ឋាន​មួយចំនួន យល់ថា លោក ស៊ូ ស៊ី​វុត្ថា កំពុង​កុហក​សាធារណជន និង បាន​បំភ្លៃ​ការសម្រេច​របស់​តុលាការ ព្រោះ​រឿងនេះ តុលាការ​បាន​ចោទប្រកាន់​លោក ស៊ូ ស៊ី​វុត្ថា តាំងពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៨​មកម្ល៉េះ​៕

 

 

 


 

Leave a Reply

(*) Required, Your email will not be published