ចាប់រំលោភ​កូនប្រសា​មេបញ្ជាការរង​អាវុធហត្ថ​ខេត្ត​កែប​មិនបាន​សម្រេច ចាក់​សម្លាប់​ក្នុង​ថ្លុកឈាម​

, , Leave a comment

​ខេត្ត​កែប ៖ បុរស​ល្មោភកាម​ម្នាក់​បាន​ចូលទៅ​ចាប់រំលោភ​សេពសន្ថវៈ​កូនប្រសា​លោក​មេបញ្ជាការរង​កង​រាជ​អាវុធហត្ថ​ខេត្ត​កែប ប៉ុន្តែ​នាង​បាន​ខំ​រើបម្រះ​គេច​ឲ្យ​រួច​ផុតពី​ក្រញាំ​បិសាច​តណ្ហា ក៏ត្រូវ​ជនល្មើស​ចាក់​ស​ម្លា​ប់ នៅក្នុង​ថ្លុកឈាម ហើយ​សាកសព​ត្រូវគេ​ប្រទះឃើញ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅក្នុង​បន្ទប់​ហាង​ម៉ាស្សា «​លីដា ខ្មែរ​ម៉ាស្សា​» នៅ​ជិត​ផ្សារ​ក្តាម ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប​។​

 

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​នគរបាល​ខេត្ត​កែប បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ត្រូវ​ឃាតករ​សម្លាប់​នៅក្នុង​ថ្លុកឈាម​នោះ ឈ្មោះ លុច គាង អាយុ​២៧​ឆ្នាំ មុខរបរ​ជា​អ្នក​ម៉ាស្សា ត្រូវជា ប្រសា​របស់​មេបញ្ជាការ​រង​អាវុធហត្ថ​ខេត្ត​កែប មាន​ស្វាមី​ឈ្មោះ ប៉ក់ សួន​វិបុល អាយុ​២៧​ឆ្នាំ មុខរ​បរជាកសិករ​។ ពួកគេ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​មានកូន​ស្រី​ម្នាក់​ទើបនឹង​អាយុ​៨​ខែ​ប៉ុណ្ណោះ មាន​លំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​។​

 

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនល្មើស​បាន​ចូលទៅក្នុង​ហាង​ម៉ាស្សា ដើម្បី​ឲ្យ​នារី​រងគ្រោះ​ម៉ាស្សា​ឲ្យ​គេ​។ លុះ​ពេល​ស្ដ្រី​រងគ្រោះ​ចូលទៅ​ដល់​ក្នុង​បន្ទប់ ក៏​ម៉ាស្សា​ឲ្យ​ជនល្មើស​តាម​ធម្មតា ស្រាប់តែ​ជនល្មើស​បាន​ចាប់​នាង​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​។ ស្ថិតក្នុង​ស្ថានភាព​ប្រកបដោយ​គ្រោះថ្នាក់​បែបនេះ ស្ដ្រី​រងគ្រោះ​បាន​រើបម្រះ ដើម្បី​ឲ្យ​រួច​ផុតពី​ក្រញាំ​បិសាច​តណ្ហា ក៏ត្រូវ​ជនល្មើស​ចាក់​ស​ម្លា​ប់ បណ្ដាល​ឲ្យ​ស្លាប់​នៅក្នុង​ថ្លុកឈាម ហើយ​រត់​គេចខ្លួនបាត់​ស្រមោល​។​

 

​លោកស្នងការ​នគរបាល​ខេត្ត​កែប បាន​បញ្ជាក់ថា ករណី​ឃាត​កម្មនេះ គឺ​ជនល្មើស​បាន​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​មកលើ​ជនរងគ្រោះ ប៉ុន្តែ​នៅពេល​នាង​រើបម្រះ ដើម្បី​គេចខ្លួន​ឲ្យ​រួច​ផុតពី​អំពើ​ដ៏​លាមក​នេះ ទើប​ជនដៃដល់​ចាក់​សម្លាប់​នាង​តែម្តង​។

 

​ទោះជា​យ៉ាងណា ពាក់ព័ន្ធ​ករណីនេះ មន្ត្រីនគរបាល​ជំនាញ​ខេត្ត កម្លាំង​នគរបាល​សន្តិសុខ​ផ្ទៃក្នុង កំពុង​សហការ​ជាមួយ​លោកស្នងការ​នគរបាល​ខេត្តកំពត និង​នាយកដ្ឋាន​នគរបាល​យុត្តិធម៌ ដើម្បី​ស្វែងរក​ចាប់​ជនល្មើស ដើម្បី​នាំមក​ផ្ដន្ទាទោស​តាមច្បាប់​៕

 

 

 

 


 

Leave a Reply

(*) Required, Your email will not be published