រាជធានីភ្នំពេញ ៖ ក្មេងប្រុសស្រី ជាបងប្អូន៤នាក់ បាននាំគ្នាឡើងជិះទោងយោល នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្រាប់តែដាច់គន្លឹះធ្លាក់ រងរបួសធ្ងន់ម្នាក់ និងស្រាល៣នាក់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវបេតុងគ្មានលេខ ក្នុងមជ្ឃមណ្ឌលកោះពេជ្រ ស្ថិតនៅចំណុចកន្លែងក្មេងលេង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
សាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុមានក្មេងប្រុសស្រីចំនួន៤នាក់ ត្រូវជាបងប្អូននិងគ្នាបាននាំគ្នាទៅលេងនៅកន្លែងក្មេងលេង ក្នុងមជ្ឃមណ្ឌលកោះពេជ្រដោយបានជិះទោងយោល ដោយប្រើម៉ាស៊ីនយោលទៅវិញទៅមក ខណៈពេលពួកគេ កំពុងតែជិះយ៉ាងសប្បាយ ក៏ស្រាបតែដាច់គន្លឹះ បណ្តាលឲ្យធ្លាក់ក្មេងទាំង៤នាក់នោះ រងរបួសក្មេងស្រីម្នាក់ របួសធ្ងន់ចំដៃ ត្រូវបានដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យ នៅក្បែរកន្លែងកើតហេតុ ចំណែក៣នាក់ទៀត រងរបួសស្រាល។
ប្រជាពលរដ្ឋបានលើកឡើងថា ទោងយោលនេះ ជិះក្នុងម្នាក់៤០០០រៀល ហើយម្ចាស់ដែលដាក់នេះ មិនបានពិនិត្យឲ្យបានច្បាស់លាស់ទេ ទើបកំពុងតែជិះ ដាច់គន្លឹះធ្លាក់ក្មេងដែលកំពុងតែជិះបណ្តាលឲ្យ រងរបួសបែបនេះ សំណាងល្អហើយដែលមនុស្សជិះតិច ចុះបើមានមនុស្សជិះច្រើននាក់វិញ មិនដឹងជាមានអ្នករងរបួស ប៉ុន្មាននាក់ទេ។
ក្រោយពេលកើតហេតុ ម្ចាស់ទោងយោលនេះ បានសន្យាថា នឹងធានាចេញថ្លៃថ្នាំពេទ្យ ឲ្យក្មេងដែលរងរបួសទាំងអស់៕