បែកធ្លាយ លិខិតមេគយខេត្តបន្ទាយមានជ័យ សូមពន្យារកំណើតពីនាយករដ្ឋមន្រ្តី

, , Leave a comment

ខេត្តបន្ទាយមានជ័យ ៖ បណ្តាញសង្គមនៅថ្ងៃទី១៣-១៤កុម្ភ: ឆ្នាំ២០១៨ នេះ បានទម្លាយនូវលិខិត១ច្បាប់ដែលលោក ឆែ សុធា ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ សុំពន្យារកំណើត១ឆ្នាំទៀត ។ លិខិតដែលគោរព ជូនសម្តេចតេជោ នាយករដ្ឋមន្ត្រី នោះ បានសរសេរថា សំណើសុំពន្យាអាណត្តិបម្រើការងាររយ:ពេល១ឆ្នាំពីថ្ងៃទី១១ធ្នូឆ្នាំ២០១៧រហូតដល់ថ្ងៃទី១១ធ្នូឆ្នាំ២០១៨ ។

 

លិខិត​ចុះ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧ មាន​សេចក្តី​ថា ខ្ញុំបាទ​ឈ្មោះ ឆែ សុធា ភេទ​ប្រុស មាន​ថ្ងៃខែ​ឆ្នាំ​កំណើត ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​១៩៥៧ បច្ចុប្បន្ន​ជា ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តបន្ទាយមានជ័យ នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សំណើសុំ​ពន្យារ អាណត្តិ​បម្រើ​ការងារ រយៈពេល ១​ឆ្នាំ (​មួយឆ្នាំ​) ពីថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៧ រហូតដល់ ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨​។

 

សេចក្តី​ដូច​មានចែង ក្នុង​កម្មវត្ថុ​ខាងលើ ខ្ញុំបាទ​មាន​កិត្តិយស សូម​គោរព ជម្រាបជូន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មេត្តា​ទាន​ជ្រាប ដ៏​ខ្ពង់ខ្ពស់​ថា បច្ចុប្បន្ន​ខ្ញុំបាទ បាន​បម្រើ​ការងារ ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តបន្ទាយមានជ័យ និង​បាន​ខិតខំ បម្រើ​ជាតិ​មាតុភូមិ ទទួលបាន សមិទ្ធផល​សំខាន់ៗ ដូចខាងក្រោម​៖

១-​ចាប់ពី​ខែធ្នូ ឆ្នាំ​២០១៥ កន្លងមក ខ្ញុំបាទ​បាន ខិតខំ​អនុវត្ត​យុទ្ធសាស្ត្រ កៀងគរ​ចំណូល​របស់​រាជរដ្ឋាភិបាល ដោយបាន​ធ្វើ​ឲ្យ ចំណូល​ពន្ធគយ នៅ​ខេត្តបន្ទាយមានជ័យ មានការ​កើនឡើង គួរ​ជាទី​មោទនៈ និង​ថែមទាំង បាន​បង្ការ និង​បង្ក្រាប នូវ​រាល់​បាតុភាព​អសកម្ម​ភាព នានា ដែល​ធ្លាប់​កើតមាន កន្លងមក ដោយ​ជន ឆ្លៀតឱកាស មួយចំនួន​។

២-​ខ្ញុំបាទ ជា​អនុប្រធាន គណៈ​ពង្រឹង ស្រុក​មង្គល​បូរី និង​ជា​ប្រធាន គណៈ​ពង្រឹង ឃុំ​ឫស្សី​ក្រោក ចំនួន ១៧​ភូមិ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។ លើសពីនេះ ខ្ញុំបាទ ក៏​ជា​អនុប្រធាន គណៈ​ពង្រឹង ឃុំ​ព្រែក​អំពិល ចំនួន ៧​ភូមិ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។

លិខិត​លោក ឆែ សុធា ប្រធាន​សាខាគយ និង​រដ្ឋាករ ខេត្តបន្ទាយមានជ័យ បាន​ធ្លាក់​ដល់ដៃ សម្ដេច​តេ​ជោ ហ៊ុន សែន ហើយ​សម្ដេច​តេ​ជោ បាន​ចារ​ទៅ​មេ​គយ គុណ ញឹម នៅ​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​សម្តេច ឲ្យ​រក្សាទុក រហូតដល់ ក្រោយ​បោះឆ្នោតជាតិ ឆ្នាំ​២០១៨ ដើម្បី​គ្រប់គ្រង​កិច្ចការ ជា​ប្រធាន​គយ ខេត្តបន្ទាយមានជ័យ ជា​ករណី​ពិសេស​។ ជុំវិញ​ករណី សូម​ពន្យារ​ការងារ របស់លោក ឆែ សុធា ខាងលើនេះមន្ត្រី​គយ​តូចតាច​ក្នុង​ខេត្តបន្ទាយមានជ័យមានការ ថ្នាំងថ្នាក់​ចិត្ត ជាខ្លាំង ខណៈដែល លោក ឆែ សុធា មកកាន់​តំណែង​ជា ប្រធាន​សាខាគយ ខេត្ត​នេះ មាន​ឈ្មួញ នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ នៅតែ​កើតឡើង យ៉ាង​ពេញបន្ទុក​។

 

មិនតែប៉ុណ្ណោះ លោក ឆែ សុធា បាន​បើកដៃ ឲ្យ​កូនចៅ​ជិតស្និទ ជាមួយ​ខ្លួន​មួយចំនួន ជំរិត​យកលុយ ពី​ឈ្មួញ និង​អាជីវករ តាម​អំពើ​ចិត្ត បើទោះបី​ឈ្មួញ និង​អាជីវករ ទាំងនោះ បង់ពន្ធ​ត្រឹមត្រូវ នៅ​ច្រកព្រំដែន យ៉ាងណាក៏ដោយ​។ ក្រុមមន្ត្រី​គយ​តូចតាច បាន​បន្តទៀតថា លោក ឆែ សុធា បានធ្វើ​លិខិត ខាងលើនេះ ហាក់ដូចជា កុហក​នាយករដ្ឋមន្ត្រី​ថា ខ្លួន​បាន​ខិតខំ ចុះ​ពង្រឹង​ក្នុង​មូល​ដ្ឋា​ល ដែល​បាន រៀបរាប់​ខាងលើ  តែ​ធាតុពិត លោក ឆែ សុធា មិនបាន ចុះ​មូលដ្ឋាន​ទេ គឺ​គ្រាន់តែ​ផ្ដល់​លុយកាក់ ទៅ​ឲ្យ​ក្រុមការងារ តិច​តូច​ប៉ុណ្ណោះ ពោលគឺ​គាត់ អង្គុយតែ​ក្នុង​ប៊ុ​យ​រ៉ូ ចាំ​យកលុយ​ក្រោម​តុ ពី​ពួក​ឈ្មួញ​ធំៗ ដែល​នាំ​ទំនិញគេចពន្ធ ដើម្បី ប្រយោជន៍​ផ្ទាល់ខ្លួន តែប៉ុណ្ណោះ​៕

 

Leave a Reply

(*) Required, Your email will not be published