ខេត្តកណ្តាល : ករណីឃាតកម្មដែលស្ដ្រីម្នាក់បានយកកូនកាំបិតចាក់សម្លាប់បុរសម្នាក់ក្នុងផ្ទះសំណាក់យីហោ សំណាងណាស់ បន្ទប់លេខ១១ បណ្ដាលឲ្យស្លាប់កើតហេតុកាលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៣និង១០នាទី ស្ថិតនៅភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ឥឡូវត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល សហការជាមួយកម្លាំងនគរបាលស្រុកអង្គស្នួល ចុះស្រាវជ្រាវបំបែកសំណុំរឿងចាប់ខ្លួនស្ដ្រីជាឃាតកបានកាលពីរសៀល ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចភោជនីយដ្ឋានវាលស្រែ១០០ ស្ថិតនៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបានព្រហ្មទណ្ឌស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ផេង ណាន ភេទស្រី អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ចំណែកឯជនរងគ្រោះមានឈ្មោះ នួន សុភាព អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកហាងកោសជប់ និងម៉ាស្សា ជាអ្នកសារព័ត៌មានសម្លេងប្រជាជន និងក៏ជាមន្ត្រីយោធានៅអង្គភាពទ័ព ពិសេសឆ័ត្រយោងលេខ៩១១ផងដែរ មានទីលំនៅក្នុងភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះ ត្រូវបានសង្ស័យដែលត្រូវជាស្រីស្នេហ៍ ចាក់សម្លាប់ចំនួន១៧កាំបិត ត្រូវស្លាប់ ទាំងអាក្រាតកាយ និងត្រូវបានគេប្រទះឃើញដេកស្លាប់ កាលពីវេលាម៉ោង៦ និង២០នាទីយប់ថ្ងៃទី២១ ខែមករា ស្ថិតក្នុងបន្ទប់លេខ១១ ផ្ទះសំណាក់យីហោ «សំណាងណាស់» ស្ថិតក្នុងភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល និង បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
យោងតាមរបាយការណ៍របស់នគរបាលស្រុក បានឲ្យដឹងថា ក្រោយសម្លាប់ជនរងគ្រោះ ជនសង្ស័យបានលួចយករបស់មានតម្លៃមួយចំនួន រួមមាន ខ្សែកប្លាទីន១ខ្សែ ទម្ងន់២តម្លឹង ចិញ្ចៀនត្រាមាស១វង់ ទម្ងន់១ម្លឹង លុយចំនួន១,២០០ដុល្លារ និងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ដែលសរុបក្នុងការបាត់បង់នេះ គឺមានចំនួនប្រហែលជាង៧០០០ដុល្លារអាមេរិក។
ក្រោយពីសាកសួរយ៉ាងយកចិត្ដទុក នៅចំពោះសមត្ថកិច្ច ស្ដ្រីសង្ស័យជាឃាតកបានឆ្លើយសារភាពថា មុនពេលកើតហេតុ ជនរងគ្រោះបានទូរស័ព្ទទៅរួបនាង (ជនសង្ស័យ) ដោយបបួលមករួមភេទ ខណៈនោះស្ដ្រីសង្ស័យគិតថា ដោយសារខ្លួនមានការខ្វះខាតលុយចំនួន២,៥០០ដុល្លារសហរដ្ឋមេរិក ហើយដឹងថា ជនរងគ្រោះមានគ្រឿង អលង្ការជាប់ខ្លួនច្រើនផងនោះ ក៏មានគម្រោងសម្លាប់ជនរងគ្រោះដើម្បីប្លន់យកទ្រព្យសម្បត្តិនោះ។ ភ្លាមនោះស្ដ្រីសង្ស័យបានទារតម្លៃខ្លួន ក្នុងការរួមភេទចំនួន១០ម៉ឺនរៀល តែជនរងគ្រោះឲ្យតែ២០ដុល្លារអាមេរិកទេ ខណៈនោះស្ដ្រីសង្ស័យក៏យល់ព្រមចេញក្រៅ រួចស្ដ្រីសង្ស័យបានយកកូនកាំបិតចុងស្រួច លាក់ទុកក្នុងកាបូបរួចជាស្រេច។
លុះដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ជាថ្ងៃកើតហេតុ វេលាម៉ោងប្រហែលប្រមាណ១១ ជនសង្ស័យបានទូរស័ព្ទទៅជនរងគ្រោះម្ដងទៀត ដើម្បីណាត់ជួបគ្នារកកន្លែងរួមភេទ។ ប្រហែលម៉ោង១២ថ្ងៃត្រង់ ជនរងគ្រោះបានជិះម៉ូតូមកទទួលស្ដ្រីសង្ស័យនៅចំណុចមុខច្រកចូលភូមិបូរីកម្មករ ឃុំបែកចាន ដើម្បីទៅចូលដេកផ្ទះសំណាក់យីហោសំណាងណាស់ ដែលមានចម្ងាយប្រហែល៥០០ម៉ែត្រ។ ខណៈចូលដល់ក្នុងបន្ទប់ផ្ទះសំណាក់ ជនរងគ្រោះបានផ្លាស់កន្សែង រួចចូលងូតទឹកក្នុងបន្ទប់ទឹក ឆ្លៀតក្នុងឱកាសនោះផងដែរ ជនសង្ស័យបានយកកូនកាំបិតពីក្នុងកាបូបលាក់ទុកក្រោមខ្នើយដេក។ ជនរងគ្រោះ និងជនសង្ស័យបានរួមភេទជាមួយគ្នា ដោយជនរងគ្រោះដេកផ្ងារឡើងលើ រីឯស្ដ្រីសង្ស័យអង្គុយពីលើ ខណៈដែលកំពុងរួមភេទ ស្ដ្រីសង្ស័យឃើញជនរងគ្រោះកំពុងមានអារម្មណ៍ស្រើបស្រាលភ្លេចខ្លួន ក៏យកកូនកាំបិតពីក្រោមដែលខ្លួនលាក់ទុកនោះ មកចាក់ជនរងគ្រោះជាច្រើកាំបិត ក៏មានការប្រតាយប្រតប់គ្នាធ្លាក់ពីលើគ្រែ ក្នុងគ្រាជាមួយគ្នានោះជនរងគ្រោះខំប្រឹងស្រែក តែត្រូវបានជនសង្ស័យយកខ្នើយសង្កត់ខ្ទប់មាត់ និងចាក់បន្ថែមរហូតដល់ស្លាប់។
ក្រោយមកស្ដ្រីសង្ស័យបានងូតទឹកសម្អាតខ្លួនរួច បានប្រមូលយកគ្រឿងអលង្ការ លុយ ទូរស័ព្ទ និងម៉ូតូរបស់ជនរងគ្រោះយកទៅលក់ដើម្បីយកលុយចិញ្ចឹមកូន និង ប្តីដែលជាប់គុក នៅក្នុងពន្ធនាគារ៕