រាជធានីភ្នំពេញ : ខុសប្លែកពីរបាំព្រះរាជទ្រព្យដែលសម្រាប់សម្ដែងនៅក្នុងព្រះបរមរាជវាំង ល្ខោនខោល គឺជាទម្រង់ដែលសម្ដែងសម្រាប់មហាជន ពោលគឺនៅក្រៅបរមរាជវាំង។ ទម្រង់ល្ខោនខោលនេះសម្ដែងតែរឿងរាមកេរ្តិ៍មួយប៉ុណ្ណោះ។ នេះបើយោងតាមលោក ព្រឿង ឈៀង ទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាសាស្ត្រាចារ្យផ្នែករបាំបុរាណខ្មែរនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

ដោយយោងតាមលោក ពេជ្រ ទុំក្រវិល អតីតទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ព្រឿង ឈៀង លើកឡើងបន្តថា ល្ខោនខោលជាទម្រង់សិល្បៈដែលបំបែកចេញមកពីរបាំព្រះរាជទ្រព្យនិង របាំបុរាណខ្មែរ។ ល្ខោនដែលសម្ដែងដោយបុរសទាំងស្រុងនេះមិនមានអាយុកាលជាក់លាក់ណា មួយឡើយ ដោយអ្នកជំនាញគ្រាន់តែអាចសន្និដ្ឋានបានថា ល្ខោននេះកើតឡើងក្រោយពីការមានវិបត្តិសាសនារវាងសាសនាព្រាហ្មណ៍ និងសាសនាព្រះពុទ្ធ ក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី៧ ដែលធ្វើឱ្យនារីរបាំស្លាប់បាត់បង់ជីវិតជាច្រើននាក់។

ល្ខោនខោលមានតួសំខាន់៤ គឺតួនាយរោង តួនាង តួយក្ស និងតួស្វា ដែលសុទ្ធតែជាតួសំខាន់នៅក្នុងរឿងរាមកេរ្តិ៍។ លោក ព្រឿង ឈៀង បានរៀបរាប់អំពីមូលហេតុដែលល្ខោនខោលសម្ដែងតែរឿងរាមកេរ្តិ៍ថា៖ «ទី១ គឺទៅតាមជំនឿ ដូចនៅវត្តស្វាយ (វត្តស្វាយអណ្ដែត) រឿងរាមកេរ្តិ៍នេះគឺគេលេងរាល់ពេលចូលឆ្នាំ គេលេងដំឡើងរូប មានរូបគេហៅថាអស់លោកចូលទៅ ហើយគេសុំសេចក្ដីសុខអីហ្នឹងតៗដូនតាមក។ ហើយទី២រឿងរាមកេរ្តិ៍នេះដែលមានប្រជាប្រិយភាពជាទូទៅ ប្រជាជនខ្មែរឱ្យតែរឿងរាមកេរ្តិ៍អ្នកណាក៏និយមដែរ។ ហើយខ្ញុំមើលទម្រង់ហ្នឹងមានតួយក្ស តួស្វា ខុសពីរឿងដទៃទៀតដែលអត់សូវមានតួយក្ស តួស្វា»។
បច្ចុប្បន្ន គេអាចរៀនល្ខោនខោលដែលបែកចេញពីល្ខោនសម្ដែងតែនៅក្នុង ព្រះបរមរាជវាំងនេះ នៅសាលាមធ្យមវិចិត្រសិល្បៈនិងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលទទួលកុមារអាយុចាប់ពី១១ឆ្នាំឡើងទៅ។ ប៉ុន្តែដោយមើលឃើញថា មិនសូវមានសិស្សក្មេងៗចូលរៀនច្រើន គ្រូបង្រៀនល្ខោនខោលមួយរូប បានសម្រេចចិត្តបង្កើតជាក្រុមសិល្បៈយុវជនល្ខោនខោលជំនាន់ថ្មី ដែលទទួលបង្រៀនរបាំខ្មែរ ជាពិសេសទម្រង់ល្ខោនខោលដោយមិនគិតថ្លៃដល់យុវជនដែលមានអាយុចាប់ពី ១៥ឆ្នាំដល់៣០ឆ្នាំ។

ប្រធានក្រុមសិល្បៈយុវជនល្ខោនខោល ជំនាន់ថ្មីនិងជាគ្រូបង្រៀនល្ខោនខោល លោក ហង់ ភូមិរ៉ា លើកឡើងថា និស្សិតតាមសាកលវិទ្យាល័យនានាបានចុះឈ្មោះរៀនទម្រង់ល្ខោនខោលពី លោក ក្នុងគោលបំណងយល់ដឹងពីវប្បធម៌ខ្មែរនិងទម្រង់សិល្បៈខ្មែរ។
ប្រធានក្រុមសិល្បៈយុវជនល្ខោនខោល ជំនាន់ថ្មីរូបនេះបន្តថា ទោះបីជាយុវជនទាំងនោះមានឈ្មោះត្រឹមជាសិល្បករមហាជន ក៏គេបានខិតខំប្រឹងប្រែងនិងមានសមត្ថភាពហាត់ទម្រង់ល្ខោនខោលឱ្យ ល្អដូចសិល្បករអាជីពផងដែរ។
លោក ហង់ ភូមិរ៉ា លើកឡើងថា៖ «ប៉ុន្តែគាត់ចាប់បានលឿនដែរ ខ្ញុំកោតសរសើររបស់គាត់។ ប្រហែលគាត់ស្រលាញ់ច្រើន គាត់ចូលចិត្តវប្បធម៌របស់យើងច្រើន ហើយស្រលាញ់សិល្បៈរបស់យើង។ ជួនកាលខ្ញុំហាត់តែ២សប្ដាហ៍ ឬ៣សប្ដាហ៍ទេ ក្នុង១សប្ដាហ៍ខ្ញុំហាត់បានតែ១ថ្ងៃទេ ប៉ុន្តែគាត់ចាប់បាន។ ដូចជារបាំអីតែ៣សប្ដាហ៍គាត់អាចហាត់បាន រហូតមានអ្នកខ្លះអាចឈានទៅដល់ការសម្ដែងបានទៅទៀត»។
ដើម្បីទាក់ទាញយុវជនខ្មែរឱ្យងាកមក ចាប់អារម្មណ៍សិល្បៈទម្រង់ល្ខោនខោល គ្រូបង្រៀនល្ខោនខោលដែលមានបទពិសោធជិត២០ឆ្នាំ លោក ហង់ ភូមិរ៉ា អះអាងថា លោកបានរិះរកគំនិតថ្មីៗក្នុងការបង្កើតភាពច្នៃបន្ថែមទៅលើការ ដឹកនាំសម្ដែងដោយមានឈុតឆាកស្ដែងៗសម្រាប់រំលេចជូនអ្នកទស្សនា។ ដោយឡែកលោកក៏មិនបំពានក្បួនខ្នាតដែលបន្សល់មកពីដូនតាឡើយ ដូចជាការតម្រូវឱ្យពាក់មុខ មានអ្នកពោល និងភ្លេងពិណពាទ្យជាដើម។
ក្រុមសិល្បៈយុវជនល្ខោនខោលជំនាន់ ថ្មី ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៦ ដោយមានទទួលសិស្ស៣ជំនាន់រួចមកហើយ ដែលស្មើនឹងជាង១០០នាក់។ នៅក្នុងខែមីនា ឆ្នាំ២០១៨ ក្រុមនេះនឹងបើកវគ្គសិស្សជំនាន់ទី៤ សិក្សាអំពីទម្រង់សិល្បៈខ្មែរ។
ជាសិស្សល្ខោនខោលជំនាន់ទី១នៃក្រុម សិល្បៈយុវជនល្ខោនខោលជំនាន់ថ្មី យុវជន បូ ទ្រីតូច លើកឡើងអំពីការស្រលាញ់ពេញចិត្តចំពោះសិល្បៈវប្បធម៌ខ្មែរថា រាល់ពេលទំនេរពីការសិក្សានិងការងារ លោកតែងមកស្វែងយល់និងហាត់រៀនទម្រង់ល្ខោនខោល។
ទាក់ទងនឹងការថែរក្សាទម្រង់ល្ខោន ខោលនេះ សាស្ត្រាចារ្យ ព្រឿង ឈៀង និងលោក ហង់ ភូមិរ៉ា សរសើរយុវជនខ្មែរដែលមានចិត្តស្រលាញ់និងគោរពសិល្បៈវប្បធម៌ខ្មែរ ជាពិសេសទម្រង់ល្ខោនខោល។ ពួកលោកសំណូមពរដល់យុវជនខ្មែរខិតខំស្គាល់ឱ្យច្បាស់ពីសិល្បៈ វប្បធម៌ខ្មែរជាមុនសិន មុននឹងទៅចាប់អារម្មណ៍សិល្បៈវប្បធម៌ជាតិសាសន៍ដទៃ៕
