អ្នកទោស​ស្លាប់​ក្នុង​ពន្ធនាគារ ត្រូវបាន​តុលាការ​រកឃើញ​មូលហេតុ ហើយ ដែល​ផ្ទុយ​ពី​ការលើកឡើង​របស់​ប្រធាន​ពន្ធនាគារ​ខេត្តកណ្ដាល ធ្វើ​ដើម្បី​គេចវេស​ពី​ការទទួលខុសត្រូវ​

, , Leave a comment

​ខេត្តកណ្ដាល : មន្ត្រី​តុលាការ​បាន​ប្រាប់​ឲ្យ​ដឹងថា តុលាការ​រកឃើញ​មូលហេតុ​ហើយ ក្រោយ​ការស៊ើបអង្កេត​ជា​បន្តបន្ទាប់ និង​សាកសួរ​ប្រមូល​ភស្តុតាង​សព្វគ្រប់ ហើយ​លទ្ធផល​បង្ហាញថា ការស្លាប់​អ្នកទោស​ក្នុង​ពន្ធនាគារ​ខេត្តកណ្ដាល «​ពុំមែន​ជាការ​លោត​ពី​ស៊ីទែន​ទឹក​សម្លាប់ខ្លួន ដូច​របាយការណ៍​រប​ស់​ប្រធាន​ពន្ធនាគារ​ទេ​» «​គឺជា​ការ​វាយតប់​គ្នា​រវាង​អ្នកទោស និង​អ្នកទោស​ដែល​បណ្ដាលឱ្យ​អ្នកទោស​ម្នាក់​ស្លាប់​»​។​

​មន្ត្រី​តុលាការ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា លោក ចា​ត ស៊ី​នាង ប្រធាន​ពន្ធនាគារ​ខេត្តកណ្ដាល ពុំ​ត្រូវបាន​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ចោទប្រកាន់​ទេ ដោយសារ​ពុំមាន​ការជាប់​ពាក់ព័ន្ធ​ខណៈ​អ្នកទោស​១២​នាក់​ត្រូវបាន​ចោទប្រកាន់​បញ្ជូន​សំណុំរឿង​ទៅ​ចៅក្រម​ស៊ើបសួរ ចាត់ការ​បន្ត​តាម​នីតិវិធី ករណី​វាយតប់​គ្នា​រហូតដល់​ស្លាប់​អ្នកទោស​ម្នាក់​ក្នុង​ពន្ធនាគារ​។​

​មជ្ឈដ្ឋាន​មួយចំនួន​រិះគន់​អំពី​ការគ្រប់គ្រង​អ្នកទោស ដែល​ធ្វើឱ្យ​កើតមាន​បាតុភាព​អាក្រក់​នេះ​កើតឡើង​។ ទោះបីយ៉ាងណា​លោក ចា​ត ស៊ី​នាង ប្រធាន​ពន្ធនាគារ​ខេត្តកណ្ដាល ពុំ​ត្រូវបាន​តុលាការ​ចោទប្រកាន់​ទេ ព្រោះ​ពុំមាន​ការជាប់​ពាក់ព័ន្ធ​។ មន្ត្រី​តុលាការ​បញ្ជាក់ថា អ្នកទោស​១២​នាក់ ត្រូវបាន​លោក ឯក ស៊ុន​រស្មី ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ចោទប្រកាន់​ពីបទ «​ផ្តើមគំនិត​» «​សមគំនិត​» «​បទ​ហិង្សា​ដោយ​ចេតនា​» និង «​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​» ដោយសារ​មរណភាព​នៃ​ជនរងគ្រោះ តាម​មាត្រា​២៨ មាត្រា​២៩ មាត្រា​២១៧ និង​មាត្រា​២២៤ នៃ​ក្រមព្រហ្មទណ្ឌ​។​

​បច្ចុប្បន្ន សំណុំរឿង​ត្រូវបាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​បន្ត​តាម​នីតិវិធី ។ ជន​ត្រូវ​ចោទ​ឈ្មោះ មុត លី​ណាន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជាប់ចោទ​ពីបទ «​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​» ប្រព្រឹត្ត​នៅ​ភូមិ​ទេព​អរជូន ឃុំ​កោះ​ខែល ស្រុក​ស្អាង កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៧ តាម​មាត្រា​៤១០ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ជននេះ ត្រូវបាន​លោក គឹម ម៉េង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល ឃុំខ្លួន​នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៧ ។ កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៧ ជននេះ​បាន​លោត​សម្លាប់ខ្លួន​ពី​ស៊ីទែន​ផ្ទុក​ទឹក​ដ៏​ធំ​ក្នុង​ពន្ធនាគារ ដែល​អ្នកដឹង​រឿង​ច្បាស់​អះអាងថា «​មិនមែនជា​ករណី​លោត​សម្លាប់ខ្លួន​ទេ គឺជា​ករណី​វាយតប់​គ្នា​ក្នុង​ពន្ធនាគារ​»​។​

​លោក ណុ​ស បូ​ផល មេធាវី​តំណាង​ម្តាយ​សព​ជនរងគ្រោះ​ថ្លែងថា កាលដែល​ម្តាយ​ប្តឹង​ចូល​តុលាការ គឺ​ចង់ឱ្យ​តុលាការ​ស្វែង​ការពិត​ក្នុងករណីនេះ ដែល​ម្តាយ​នៃ​សព​អះអាងថា «​សព​កូនប្រុស​មាន​ស្លាកស្នាម​ច្រើន​ដែល​ទំនង​មិនមែន​ជាការ​លោត​សម្លាប់ខ្លួន​នោះទេ​»​។ លោក ចា​ត ស៊ី​នាង ប្រធាន​ពន្ធនាគា​ខេត្តកណ្តាល បដិសេធថា «​នេះ​ពុំមែន​ជា​ករណី​វាយតប់​គ្នា​រហូតដល់​ស្លាប់​ទេ គឺ​អ្នកទោស​លោត​សម្លាប់​ខ្លួនឯង​»៕

 

 

Leave a Reply

(*) Required, Your email will not be published