រាជធានីភ្នំពេញ : ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានព្រមានពីការរាតត្បាតដោយប្រភេទសត្វល្អិតចង្រៃម្យ៉ាង ដែលនឹងបង្អាក់ការនាំចេញផលិតផលពីប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ សត្វចង្រៃនោះត្រូវបានគេដាក់ឈ្មោះថា «ខ្មួតកាប្រា» ដែលវាអាចបំផ្លាញលើផលិតផលរាប់រយមុខ បើទោះបីវាមានខ្លួនតូចក៏ដោយក្តី។
លោក ហ៊ាន វណ្ណហន អគ្គនាយកផ្នែកកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅថ្ងៃទី១២ ខែមករា បានឱ្យដឹងថា ប្រភេទសត្វល្អិត ជាប្រភេទសត្វចង្រៃដែលពិភពលោកកំពុងមានការភ័យខ្លាចជាទីបំផុត ដោយសារតែវាអាចស៊ីបំផ្លាញលើផលិតផលរាប់រយមុខ រួមទាំងផ្ទះប្រក់ស្លឹកផងដែរ។
លោកបានបញ្ជាក់ថា សត្វប្រភេទនេះ អាចរស់នៅដោយគ្មានចំណីលើសពី៩ ខែ និងអាចរស់បានរហូត៦ឆ្នាំ ព្រមទាំងធន់នឹងថ្នាំសម្លាប់សត្វល្អិតទៀតផង។ លោកថ្លែងថា «ខ្មួតកាប្រា នេះ អាចមានលើសម្បកបាវចាស់ៗ សម្បកកុងតឺន័រ លើរថយន្ដ និងមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទហើយវាមានការពិបាក ក្នុងការកំចាត់ខ្លាំងណាស់ ដោយប្រើពេលយូររហូតដល់មួយសប្តាហ៍ ទៅ១០ថ្ងៃទើបងាប់ ខណៈសត្វខ្មូតធម្មតាវិញប្រើពេលតែ៤ថ្ងៃប៉ុណ្ណោះ គឺវាងាប់ហើយ»។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវឱ្យសមត្ថកិច្ចតាមច្រកព្រំដែនទាំងអស់បង្កើនការត្រួតពិនិត្យ និងទប់ស្កាត់ចំពោះវត្តមាននាំចូលសត្វចង្រៃនេះ តាមអនុញ្ញាតឱ្យទំនិញណាមួយចូលមកប្រទេសកម្ពុជា បើទោះបីបច្ចុប្បន្ននៅមិនទាន់មានវត្តមានសត្វចង្រៃនេះនៅឡើយក្តី។
លោក ហ៊ាន វណ្ណហន មានប្រសាសន៍ថា «ប្រសិនបើមានវិញ គឺគ្រប់ផលិតផលកសិផលទាំងអស់ មិនអាចនាំចេញទៅក្រៅប្រទេសបានឡើយ សូម្បីតែមធ្យោបាយដឹកជញ្ជូនឆ្លងកាត់ប្រទេសគេ ក៏អាចមិនឱ្យឆ្លងកាត់បានផង ដោយសារគេខ្លាចឆ្លងសត្វចង្រៃនេះដល់ប្រទេសគេដែរ»។
បើតាមអ្នកជំនាញ បានឱ្យដឹងថា សត្វខ្មួតកាប្រានេះ មានដើមកំណើតនៅក្នុងប្រទេសឥណ្ឌា និងបណ្តាប្រទេសជាច្រើនទៀតនៅជុំវិញពិភពលោក។ សត្វល្អិតប្រភេទនេះ ក៏ត្រូវបានគេរកឃើញ មានវត្តមាននៅក្នុងប្រទេសកម្ពុជា តាមរយៈការចេញចូលកប៉ាលនៅសតវត្ស៨០ តែត្រូវបានទប់ស្កាត់ ទាន់ពេលវេលា៕
