ខេត្តមណ្ឌលគិរី ៖ ប្រសិនបើពុំមានវិធានការទប់ស្កាត់ណាមួយ ពីអាជ្ញាធរខេត្តមណ្ឌលគិរី និង សមត្ថកិច្ច ជំនាញពាក់ព័ន្ធ សកម្មភាពកាប់បំផ្លាញព្រៃឈើចេញពីតំបន់អភិរក្សដែនជម្រកសត្វភ្នំព្រិច នឹងត្រូវវិនាសហិនហោចដ៏ខ្លីបំផុតខាងមុខនេះ ។ ក្នុងនោះមិនត្រឹមតែក្រុមហ៊ុន ម៉ាស្ទ័រឃេសាន់របស់ឧកញ៉ា ស៊ឹង សំអុល ប៉ុណ្ណោះទេ ចាំទទួលទិញឈើពីឧកញ៉ា អ៊ឹង ប៊ុនចិន ឈ្មួញសាន ចយ និងឈ្មួញ ស្រឿង ម៉េង ហៅម៉េង ៣ពូថៅ ដើម្បីអូសចូលក្រុមហ៊ុន ឲ្យទៅជាឈើស្របច្បាប់ឃុបឃិតគ្នាជាមួយរដ្ឋបាលព្រៃឈើប៉ុណ្ណោះទេ ។ សូម្បីតែ ក្រុមហ៊ុនយូនីគ្រិន ក៏មានវប្បធម៌បែបនេះ ចាំទទួលទិញឈើពីខាងក្រៅ ពីឈ្មូញប្រមូល ទិញពីពលរដ្ឋ ពីប្រជាពលរដ្ឋផ្ទាល់យ៉ាងគគ្រឹកគ្រេងដឹកជញ្ជូនចូលក្រុមហ៊ុនយូនីគ្រិន ទាំង យប់ទាំងថ្ងៃមកពីគ្រប់ទិសទី ។
ប្រភពប្រាប់ថា នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ គេក៏បានឃើញពីសកម្មភាពលើកនិងស្ទូចឈើ ក្នុងក្រុមហ៊ុនយូនីគ្រិន ដាក់ លើរថយន្តយីឌុបបម្រុងនាំចេញទៅក្រៅ ។
ប្រភពឈើទាំងនោះ ត្រូវបានប្រជាពលរដ្ឋធ្លោយឲ្យដឹងថា គ្រុមហ៊ុនយូនីគ្រិន បានប្រមូល ទិញពីតំបន់ព្រៃសហគមន៍ ក៏ដូចជាដែនអភិរក្ស ក្នុងនោះគឺមានរថយន្តកែច្នៃ គោយន្តកន្ត្រៃ រថយន្តបាកុង សម្រាប់ធ្ចើជាមធ្យោបាយដឹកជញ្ជូនចូលក្នុងក្រុមហ៊ុននេះ ។
លោក អ៊ុំវណ្ណ សុភ័គ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី ដែលគេសង្ស័យថា ពុករលួយលាបាតដៃទទួលប្រាក់ពីឈ្មួញ បានប្រាប់តាមទូរស័ព្ទ យ៉ាងដូច្នេះថា ក្រុមហ៊ុនខាងលើនេះមានច្បាប់ត្រឹមត្រូវ មិនដូចអ្វីដែលប្រជាពលរដ្ឋចោទ ប្រកាន់នោះទេ ។ លោកនាយខណ្ឌបានជំរុញឲ្យអ្នកសារព័ត៌មាន គួរចូលទៅមើលក្នុងក្រុមហ៊ុនដោយខ្លួនឯងផ្ទាល់ ។ បើទោះជាមានការលើកឡើងបែបនេះជាការបញ្ចៀសបញ្ហា ការទទួលខុសត្រូវ ពីនាយខណ្ឌ ក៏ដូចជាចំអកឲ្យអ្នកសារព័ត៌មានដែលគ្មានតួនាទីជាអ្នក បង្ក្រាបចុះធ្វើការរឿងនេះក៏ដោយ ។ ករណីលោកនាយខណ្ឌកំពុងប្រឈមផងដែលនូវអំពើ ពុករលួយ ទោះជាក្រុមហ៊ុនយូនីគ្រិនមានច្បាប់ក៏ដោយ ប៉ុន្តែសព្វមួយដង កាត់ប៉េសេក្នុង មួយឡាន១៧ទៅ១៨ម៉ែត្រគូប ចុះហេតុអ្វីបានជាក្រុមហ៊ុនមួយនេះផ្ទុកយ៉ាងតិចមូយឡាន ពី៥០ទៅ៦០ម៉ែត្រគូប? នេះមិនទាន់គិតដល់សកម្មភាពដែលក្រុមហ៊ុនបើកចំហរទទួល ទិញឈើពីខាងក្រៅអូសចូលក្រុមហ៊ុនរបស់ខ្លួន និងឲ្យឈ្មួញ ប្រជាពលរដ្ឋដឹកជញ្ជូនឈើ ហ៊ុបមកលក់ឲ្យខ្លូនដោយផ្ទាល់នៅក្នុងក្រុមហ៊ុនទៀតផង។
មន្ត្រីសាលាខេត្តបានរិះគន់ថា ឮតែអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី បង្កើតគណៈកម្មការ ដើម្បីចុះពិនិត្យបង្ក្រាបបទល្មើសកាប់បំផ្លាញ និងដឹកជញ្ជូនឈើយ៉ាងគគ្រឹកគ្រេង នៅស្រុកកោះញែក ប៉ុន្តែជាលទ្ធផល បទល្មើសនេះកាន់តែរាលដាល ក្រុមហ៊ុនដែលមានច្បាប់ ប៉ុន្តែព្រៃសម្បទានរបស់ខ្លួនគ្មានឈើ តែងតែបំពានច្បាប់តាមរយៈប្រមូលទិញឈើពី តំបន់ព្រៃសហគមន៍ តំបន់អភិរក្សដែនជម្រកសត្វភ្នំព្រិចអូសចូលក្រុមហ៊ុនរួចកាត់ប៉េសេ ឲ្យទៅជាឈើស្របច្បាប់នាំចេញទៅក្រៅប្រទេសយ៉ាងធូររលុង ៕