ខេត្តត្បូងឃ្មុំ ៖ មន្ត្រីមួយចំនួន ក្នុងជួរកម្លាំងប្រដាប់អាវុធ ក្នុងខេត្តត្បូងឃ្មុំ មិនបានបំពេញតួនាទីរបស់ខ្លួន ក្នុងការពង្រឹងសន្តិសុខសង្គម និងការពារប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញពួកគេ មានមុខរបរបន្ថែមដូចជា ដឹកជញ្ជូនឈើខុសច្បាប់គ្មានក្រែងញញើតអ្វីឡើយ ហើយក្នុងនោះ លោក ស្រ៊ុន ផងឡាយ ដែលពីមុន បានប្រឡូកក្នុងការរកស៊ី ដឹកជញ្ជូនឈើប្រណីត ខុសច្បាប់ សល់លុយយ៉ាងច្រើនសន្ធឹកសន្ធាប់អាចរត់ការឡើងតំណែង ជាមន្ត្រីកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដើម្បីពង្រឹងជំនួញឈើខុសច្បាប់ កាន់តែខ្លាំងជាងមុន។
មន្ត្រីកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ឥទ្បូវនេះលោក ស្រ៊ុន ផងឡាយ មិនរកស៊ីដឹកជញ្ជូនឈើ ដោយខ្លួនឯងទេ បានប្រើប្រាស់ មនុស្សជំនិតៗរបស់ខ្លួន ឲ្យរកស៊ីជំនួសគាត់ហើយគាត់ជាអ្នកកាងពីក្រោយខ្នងចាំដោះស្រាយបញ្ហាសម្របសម្រួល ជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងមន្ត្រីជំនាញជាដើម។ ហើយជំនួញឈើភាគច្រើន ធ្វើការដឹកជញ្ជួនឈើប្រណីតតាមរថយន្តយីឌុបខ្នាតយក្ស ដែលមេឈ្មួញតាំងខ្លួនជាឧកញ៉ា ឈ្មោះ សឹង្ហ សំអុល ដឹកឈើចេញពីតំបន់ភ្នំព្រេច ខេត្តមណ្ឌលគិរី មួយយប់ពី៧ទៅ១០គ្រឿង យកមកចូលឃ្លាំងនៅស្រុកមេមត់ ដោយមាន លោក ស្រ៊ុន ផឹងឡាយ មន្ត្រីកងរាជអាវុធហត្ថពាក់ស័ក្ត៤ ប្រចាំនៅស្រុកមេមត់ ដែលជាកូនជឹង លោក វ៉ា សារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ដឹកបន្តនាំឈើចេញ ទៅលក់នៅប្រទេស វៀតណាម តាមច្រកបឹងជ្រោង.ច្រកចាន់មូល ច្រកដូនរដ្ឋ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ យ៉ាងរលូន ។
ជំនួញឈើប្រណិតដឹកឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកដូនរ័ត្ឋ និងច្រករបៀងជាច្រើនទៀតដូចជាច្រកច័ន្ទមូលជាដើមនោះគឺជាការសហការដឹងមាំ រវាងមេគយស្រុកមេមត់ និងនាយ ខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ រួមសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនតូចផងដែ គឺខិតខំប្រមូល លុយចែកគ្នាដាក់ហោប៉ាវ ឬអភិវឌ្ឍភូមិគ្រឺសរបស់ផ្ទាល់ខ្លួន។
ប្រភពបានឲ្យដឹងទៀតថា លោក ស្រ៊ុន ផងឡាយ ជាមន្ត្រីប៉េអឹមនឹងជាជំនួយការឬហៅថា មន្ត្រីជំនិតលោក វ៉ា សារិទ្ធ ជាមេប៉េអឹមខេត្តត្បូងឃ្មុំ កំពុង តែធ្វើជាខ្នងបង្អែក ឲ្យមនុស្សជំនិតរបស់ខ្លួន ដឹកជញ្ជូនឈើប្រណីត យកទៅលក់នៅវៀតណាមដោយគ្មាននរណា ហ៊ានទប់ស្កាត់ នោះទេ ព្រោះមានការបែងចែក ផលប្រយោជន៍ ដល់សមត្ថកិច្ចពាក់ព័ន្ធ គ្រប់ស្ថាប័ន។ ជាពិសេស នៅច្រកទន្លេចាម ច្រកចាន់មូល និងច្រកបឹងជ្រោង កំពុងតែមានសកម្មភាព នាំឈើប្រណីត ទៅលក់នៅវៀតណាមយ៉ាងពេញបន្ទុក ព្រោះសមត្ថកិច្ចគយ និងសមត្ថកិច្ចពាក់ព័ន្ធ ដទៃទៀត ឃុបឃិតជាមួយលោក ស្រ៊ុន ផងឡាយ ដើម្បីប្រមូលផលប្រយោជន៍ យកទៅច្រកហោប៉ៅ យ៉ាងត្រជាក់ចិត្តបំផុត៕



