រាជធានីភ្នំពេញ : រដ្ឋាភិបាលចិន តាមរយៈស្ថានទូតចិននៅកម្ពុជា បានផ្តល់ជំនួយជាសម្ភារៈឧបករណ៍ជាច្រើន សម្រាប់បម្រើការងារវិស័យសកម្មភាពមីនដល់កម្ពុជា ក្នុងគោលបំណងជួយទៅដល់ការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុនៅ ដែលការផ្តល់ជំនួយលើវិស័យសកម្មភាពមីនរបស់ចិននេះ ស្របពេលដែលសហរដ្ឋអាម៉េរិកបានប្រកាសលែងផ្តល់ជំនួយដល់កម្ពុជាលើវិស័យនេះ។
ពិធីប្រគល់និងទទួលជំនួយជាផ្លូវការបានត្រូវធ្វើឡើងកាលពីរសៀលថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០១៧ នៅទីស្តីការគណៈរដ្ឋមន្ត្រីដោយមានការចូលរួមពីឯកឧត្ដមទេសរដ្ឋមន្ត្រី សេរី កុសល អនុប្រធានទី១អាជ្ញាធរមីន ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុច អគ្គលេខាធិការអាជ្ញាធរមីន និងឯកឧត្ដម សុង ប៉ឯ កអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។
ឯកឧត្ដមទេសរដ្ឋមន្ត្រី លី ធុច បានមានប្រសាសន៍ឱ្យដឹងថា ជំនួយនេះបង្ហាញពីទឹកចិត្តសប្បុរសរបស់មហាមិត្តចិន ចំពោះសុខទុក្ខរបស់ប្រជាជនកម្ពុជាជាបងប្អូន។ ជំនួយទាំងនោះរួមមានម៉ូតូចំនួន៤០គ្រឿង កុំព្យូទ័រយួរដៃ១៤គ្រឿង កុំព្យូទ័រលើតុពីរគ្រឿង Ipad ១០គ្រឿង រទេះជនពិការ១២០០គ្រឿង តង់ចល័ត៣៤០សម្រាប់ ម៉ាស៊ីនរាវរកជាតិដែកចំនួន១៨គ្រឿង ម៉ាស៊ីនកំទេចគ្រាប់១៨គ្រឿង សម្លៀកបំពាក់ការពារពេលដោះមីន១៨ កំប្លេឧបករណ៍ បោសសម្អាតមីន១៨គ្រឿង។
ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា នាពេលកន្លងមកប្រទេសចិន ក៏បានផ្តល់ជំនួយជាច្រើនដល់កម្ពុជាលើវិស័យសកម្មភាពមីនរួមមាន ថវិកា សម្ភារៈ ការបណ្តុះបណ្តាលផងដែរ។
ឯកឧត្ដមឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាបានថ្លែងថា ប្រទេសកម្ពុជាជាប្រទេសរងគ្រោះ ដោយសារមីនបន្សល់ពីសម័យសង្គ្រាម ដែលប៉ះពាល់ដល់អាយុជីវិតប្រជាជនកម្ពុជា និងសេដ្ឋកិច្ចកម្ពុជា។
ជារៀងរាល់ឆ្នាំមនុស្សជិត១០០នាក់រងគ្រោះដោយសារមីន។ ការបោសសម្អាតមីនជាបុព្វហេតុនាំសេចក្តីសុខដល់មនុស្សជាតិ។
ដូច្នេះរដ្ឋាភិបាលចិនបានទទួលកាតព្វកិច្ចមនុស្សធម៌ និង បានគាំទ្រយ៉ាងសកម្មនូវបុព្វហេតុបោសសម្អាតមីន ។លោកទូត បានបញ្ជាក់ថារដ្ឋាភិបាលចិន នៅតែបន្តជួយនិងសហការជាមួយកម្ពុជាលើវិស័យបោសសម្អាតមីន៕


