ចាប់ពី​ខែវិច្ឆិកា​នេះ​ទៅ រដ្ឋសភា​លុបឈ្មោះ​តំណាងរាស្ត្រ និង​ជំនួយការ​CNRP​ជាង​១០០​នាក់ លែង​ផ្តល់​ប្រាក់ខែ​ហើយ

, , Leave a comment

​រាជធានី​ភ្នំពេញ : លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា បានបញ្ជាក់​ប្រាប់​បណ្តាញ​ព័ត៌មាន​ឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​ថា រដ្ឋសភា ពេលនេះ​បានសម្រេច​លុបឈ្មោះ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥​រូប និង​ទីប្រឹក្សា ជំនួយការ អ្នកបើករថយន្ត សរុប​ជាង​១០០​នាក់ ចេញពី​បញ្ជី​ក្របខណ្ឌ ហើយ​ពួកគេ​ត្រូវបាន បញ្ចប់​មុខងារ និង​ប្រាក់ខែ​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ​តទៅ​។​

 

​ការសម្រេច​លុបឈ្មោះ​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​តុលាការ​កំពូល បានប្រកាស​សាលដីកា កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​សម្រេច​ឱ្យ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ជាមួយគ្នា​នោះ តុលាការ​កំពូល​ក៏បាន​ប្រកាស​ហាមឃាត់​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨​នាក់ មិនឱ្យ​ធ្វើ​នយោបាយ រយៈពេល​៥​ឆ្នាំ​ផងដែរ​។​

 

​បើតាម លោក ឡេង ប៉េងឡុង សម្ភារៈប្រើប្រាស់​ដូចជា រថយន្ត​ទំនើបៗ កុំព្យូទ័រ សម្ភារ​ការិយាល័យ របស់​អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងនោះ​ក៏ត្រូវ​រឹបអូស​យកមក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​ដែរ​។​

 

​សូមបញ្ជាក់ថា ក្រោយពេល​រំលាយ នៅពេលនេះ ស្លាក បដា និង​ពាក្យស្លោក​គណបក្ស​សង្គ្រោះ​ជាតិ នៅតាម​បណ្តា រាជធានី ខេត្ត ត្រូវបាន​រុះរើ និង​ទម្លាក់​ជិត​អស់ហើយ ក្នុងនោះ​ក៏មាន​ស្លាក​សញ្ញា ទីស្នាក់ការ​គណបក្ស​ស​ង្គ្រោះ​ជាតិ ជាច្រើន​ត្រូវបាន​សមាជិក​បក្ស​នេះ​ទម្លាក់​ដោយ​ខ្លួនឯង​ដែរ​៕

 

Leave a Reply

(*) Required, Your email will not be published