សហរដ្ឋអាមេរិក : យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារនៅភាគខាងជើង រដ្ឋកាលីហ្វ័រនីញ៉ា នៅទីតាំងជាច្រើនរួមទាំងនៅក្នុងសាលាបឋមទៀតផង។ ការបាញ់ប្រហារនេះបានចាប់ផ្តើមនៅផ្ទះមួយនៅក្នុងសហគមន៍ជនបទ Rancho Tehama ដែលមានចំងាយប្រមាណជា១២០គីឡូម៉ែត្រពី Sacramento កាលពីព្រឹកថ្ងៃអង្គារ ទី១៤។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រទីភ្នាក់ថា BBC។
គេហទំព័រដដែលនោះបានបញ្ជាក់ថា ខ្មាន់កាំភ្លើងត្រូវបានប៉ូលីសបាញ់សម្លាប់ភ្លាមៗបន្ទាប់ពីមនុស្ស៤នាក់ ត្រូវបានសម្លាប់និង១០នាក់ផ្សេងទៀតរងរបួសនៅក្នុងការបាញ់ប្រហារនេះហើយក៏មិនទាន់បានកំណត់ពីអត្តសញ្ញណរបស់ជនសង្ស័យទេ។ មន្ត្រីប៉ូលីសជឿជាក់ថាការបាញ់ប្រហារនេះបានចាប់ផ្តើមដោយ “ជនបង្ករមានទើបតែហិង្សាក្នុងគ្រួសារដែលអាចអោយជនសង្ស័យមានស្មារតីមិនល្អហើយអាចនិងពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន” ។
លោក Phil Johnston ដែលជាជំនួយការរបស់សាលាបានប្រាប់មកទីភ្នាក់ងារព័ត៌មាន Associated Press ថាខ្មាន់កាំភ្លើងបានព្យាយាមចូលសាលាបឋមសិក្សា Rancho Tehama ដោយមានចេតនាបាញ់ទៅលើកូនសិស្សជាច្រើនប៉ុន្តែត្រូវបញ្ឈប់នៅពេលដែលបុគ្គលិកចាប់ផ្តើមចាក់សោនិងបិទទ្វារសាលា។
លោក Johnston បាននិយាយថានៅពេលការបាញ់ប្រហារត្រូវបានគេបញ្ឈប់ភ្លាមៗនោះ លោកបានសំរេចចិត្តបើកការជួយសង្គ្រោះជីវិតរបស់កុមារអោយចេញផុតពីកន្លែងកើតហេតុហើយក៏មិនទាន់បានទទួលព័ត៍មានច្បាស់ការពីការបាញ់ប្រហារនេះទេ៕

