ឃើញ​ឪពុកក្មេក​ឈ្លោះ​កូនបង្កើត ម​ន្រី្ត​យោធា ទាញ​កាំភ្លើង​បាញ់ អន្តរាគមន៍​

, , Leave a comment

​ខេត្តតាកែវ : យុវជនឈាមរាវ​ម្នាក់ បានកើត​មានទំនាស់​ពាក្យសម្តី​ជាមួយ​ឪពុក​បង្កើត​របស់ខ្លួន រួច​ក៏​ផ្ទុះ​កំហឹង​ទ្រាំ​មិនបាន​ទាញ​កាំបិត​ច្នៃ​គប់​សំដៅ​ឪពុក តែ​សំណាងល្អ​មិនត្រូវ ឃើញបែបនេះ បុរស​ជា​បងថ្លៃ​ធ្វើជា​យោធា​ខឹង ក៏​ដក​កាំភ្លើង​បាញ់​បង្អើល​ប្អូនថ្លៃ​ជើងល្អ​ចំនួន​២​គ្រាប់ ដើម្បី​គំរាម​កុំឱ្យ​ប្អូនថ្លៃ​ប្រើ​ហិង្សា​ទៅលើ​ឪពុក​បន្តទៀត លុះ​សមត្ថកិច្ច​ចុះទៅ​ដល់ ក៏​ចាប់​ឃាត់ខ្លួន​បុរស​ជា​ខ្មាន់កាំភ្លើង​នាំយកទៅ​ចាត់ការ​តាមច្បាប់ ខណៈដែល​ជនសង្ស័យ​ជា​កូនប្រុស​គប់​ឪពុក​បង្កើត​១​កាំបិត បាន​រត់​គេចខ្លួនបាត់​ស្រមោល​។ ហេតុការណ៍​ខាងលើនេះ បានកើត​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​តា​ស្រែ​ន ឃុំ​ខ្វាវ ស្រុក​ទ្រាំង​។​

 

​ជនបង្ក​ហេតុដែល​គប់​ឪពុក​១​កាំបិត មានឈ្មោះ​ឆេង មករា អាយុ​២៣​ឆ្នាំ មុខរបរ​កសិករ មាន​លំនៅ​ក្នុងភូមិ​-​ឃុំ​កើត​ខាងលើ​។ ចំណែក​បុរសរងគ្រោះ​ជា​ឪពុក មានឈ្មោះ​ឆេង ហឿន អាយុ​៥៨​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។ ដោយឡែក​បុរស​ជា​ខ្មាន់កាំភ្លើង ត្រូវជា​កូនប្រសា​របស់​ជនរងគ្រោះ មានឈ្មោះ​ឡោ ប៊ុន​ភ​ក្ត្រ័ អាយុ​៤២​ឆ្នាំ មុខរបរ​យោធា អត្តលេខ​៣៨៦៨ បម្រើការ​នៅ​កងពល “​ង​៧០” រស់នៅ​ផ្ទះ​ជាមួយ​ឪពុកក្មេក និង​មាន​ស្រុកកំណើត​នៅ​ឃុំ​ស្ពាន​ស្រែ ស្រុក​ភ្នំស្រុក ខេត្តបាត់ដំបង​។​

 

​តាម​ប្រភពពី​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ ជនសង្ស័យ​ឈ្មោះ ឆេង មករា បានកើត​មានទំនាស់​ពាក្យសម្តី​ជាមួយ​ជនរងគ្រោះ​ឈ្មោះ ឆេង ហឿន ត្រូវជា​ឪពុក​បង្កើត បន្ទាប់មក​ជនសង្ស័យ​ក៏​ទាញ​កាំបិត​កែឆ្នៃ ទៅ​កាប់បំផ្លាញ​ផ្លែ​ចេក​របស់​ឪពុក លុះ​ត្រូវ​ឪពុក​ស្តីបន្ទោស ក៏​ស្រាប់តែ​កូនប្រុស​អកតញ្ញូ​រូបនេះ បាន​គប់​កាំបិត​សំដៅទៅ​ឪពុក តែ​សំណាងល្អ​មិនត្រូវ​។ នៅពេល​ប្រទះឃើញ​ចរិត​កោងកាច​របស់​ជនសង្ស័យ​ជា​ប្អូនថ្លៃ​បែបនេះ ទើប​បុរស​ឈ្មោះ​ឡោ ប៊ុន​ភ​ក្ត្រ័ បាន​ដក​កាំភ្លើងខ្លី​ម៉ាក​រ៉ូឡូ បាញ់​ចំនួន​ពីរ​គ្រាប់​ឡើងលើ ពុំ​បណ្តាលឱ្យ​អ្នកណាម្នាក់​រងរបួស​ស្នាម​នោះទេ​។​

 

​ក្រោយ​កើតហេតុ​ជនសង្ស័យ​ឈ្មោះ ឆេង មករា បាន​រត់​គេចខ្លួនបាត់​ស្រមោល​។ ចំណែក​បុរស​ជា​ខ្មាន់កាំភ្លើង ត្រូវបាន​សមត្ថកិច្ច​ចុះ​ឃាត់ខ្លួន ដោយ​ដកហូត​បាន​វត្ថុតាង រួមមាន អាវុធខ្លី​ម៉ាក​រ៉ូឡូ ចំនួន​១​ដើម គ្រាប់​ចំនួន​៣​គ្រាប់ និង​សម្បក​គ្រាប់​ចំនួន​២​គ្រាប់ កាត​សំគាល់​ខ្លួន​១ កាំបិត​កែឆ្នៃ​១ នាំយកមក​សាកសួរ​។​

 

​នៅ​ចំពោះមុខ​សមត្ថកិច្ច បុរស​ឈ្មោះ​ឡោ ប៊ុន​ភ័ក្ត្រ បាន​សារភាពថា គាត់​ពិតជា​បាន​បាញ់​២​គ្រាប់​ឡើងទៅ​លើ​ប្រាកដ​មែន មូលហេតុ​ដោយសារតែ​គាត់​បានឃើញ​ប្អូនថ្លៃ (​ជនសង្ស័យ​) បាន​គប់​ឪពុកក្មេក (​ជនរងគ្រោះ​) ១​កាំបិត តែ​សំណាងល្អ​មិន​របួស ហេតុនេះ​ទើប​គាត់​បាន​បាញ់​បង្អើល និង​គំរាម កុំឱ្យ​ជនសង្ស័យ​ប្រព្រឹត្ត​ហិង្សា​ដាក់​ឪពុកក្មេក​ទៀត​ប៉ុណ្ណោះ​។​

 

​ករណីនេះ សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ខ្លួន​បុរស​ជា​ខ្មាន់កាំភ្លើង ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

 

Leave a Reply

(*) Required, Your email will not be published