រាជធានីភ្នំពេញ ៖ សេចក្ដីរាយការណ៍ពីមន្ត្រីតូចតាចក្នុងរតនាគាររាជធានីភ្នំពេញ បានឲ្យដឹងថា លោក កែ ប៊ុនឡេង ប្រើអំណាចឃុបឃិតជាមួយបក្ខពួកប្រព្រឹត្តអំពើពុករលួយ ប្រមូលលុយចែកគ្នា ធ្វើមាន-ធ្វើបាន ដោយពុំមានញញើតអ្វីទាំងអស់ ហើយបញ្ហានេះអង្គភាពប្រឆាំងអំពើពុករលួយ ដែលមានលោក ឱម យ៉ិនទៀង ជាប្រធាន គួរបើកការស៊ើបអង្កេតជបន្ទាន់។
ប្រភពបានឲ្យដឹងទៀតថា អ្នកចូលរួមប្រព្រឹត្តអំពើពុករលួយជាមួយលោក កែ ប៊ុនឡេង មានដូចជាទី១-លោក អែវ សារី ប្រធានការិយាល័យគណនេយ្យ ថវិកាថ្នាក់ជាតិ និងសរុប ទី២-អ្នកស្រី ឡុង យុកហូ ប្រធានការិយាល័យគណនេយ្យនិងថវិកាថ្នាក់ក្រោមជាតិ និងទី៣-អ្នកស្រី សោម ធាវី អនុប្រធានការិយា ល័យគណនេយ្យ និងថវិកាថ្នាក់ក្រោមជាតិ។ ចំណែកអ្នកស្រី ស៊ុត សុគន្ធនារី និងលោក សុខ ភក្ដី ដែលជាអនុប្រធានមន្ទីររតនាគាររាជធានីភ្នំពេញ ក៏ទទួលបានផលប្រយោជន៍យ៉ាងសុខស្រួលដែរ។
ក្រុមមន្ត្រីរាជការនៅក្នុងរតនាគាររាជធានីភ្នំពេញ បានឲ្យដឹងថា សម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់ សំណង់ ឬទំនិញសម្ភារៈ ដែលរត់ការឯកសារ ដកសាច់ប្រាក់ចូល មករតនាគារ គឺចាំបាច់ត្រូវផ្ដល់លុយទឹកតែ ដល់មន្ត្រីដូចរៀបរាប់ឈ្មោះខាង លើ។ សម្រាប់ក្រុមហ៊ុនណា ដែលមានបង្អែករឹងមាំ ត្រូវបង់លុយទឹកតែតិច ចំណែកក្រុមហ៊ុន ដែលគ្មានខ្នងបង្អែករឹងមាំ ឬគ្មានអ្នកធំនៅពីក្រោយ ត្រូវបង់លុយទឹកតែពី៥ទៅ៧ភាគរយ។
ប្រភពបានឲ្យដឹងទៀតថា សម្រាប់ក្រុមហ៊ុនដែលចំណាយលុយទឹកតែច្រើន គឺត្រូវយកបង់ឲ្យលោក កែ ប៊ុនឡេង ដល់ក្នុងបន្ទប់តែម្តង ទើបអាចដកលុយពីរតនាគារយកទៅប្រើប្រាស់បានឆាប់រហ័ស។
ទាក់ទងនឹងបញ្ហាខាងលើនេះដែរ មន្ត្រីរាជការនៅរតនាគាររាជធានីភ្នំពេញ បានឲ្យដឹងទៀតថា រាល់គម្រោងដេញថ្លៃ តាមរយៈលទ្ធកម្មសាធារណៈ លើការ សាងសង់សំណង់ឬផ្គត់ផ្គង់ទំនិញ សម្ភារៈ គឺក្រុមហ៊ុននីមួយៗ កំណត់តម្លៃខ្ពស់ជាទីផ្សារ២ដង ទើបពួកគេហ៊ានដាក់ពាក្យចូលដេញថ្លៃបាន។
ប្រការនេះហើយដែលធ្វើឲ្យលោក កែ ប៊ុនឡេង និងបក្ខពួកអាចប្រមូលលុយទឹកតែបានយ៉ាងច្រើនយកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល។
ចំណែកក្រុមហ៊ុនទាំងឡាយណាដែលគ្មានខ្សែរយៈ ឬគ្មានបទពិសោធន៍ក្នុងការឃុបឃិតជាមួយមន្ត្រីពុករលួយទេនោះ គឺមិនអាចដេញថ្លៃគម្រោងនានាបានឡើយ។ ប្រការនេះជារឿងដែលថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនគួរមើលរំលងតទៅទៀតទេ ព្រោះលោក កែ ប៊ុនឡេង ប្រធានរតនាគាររាជ ធានីភ្នំពេញ និងបក្ខពួកដូចរៀបរាប់ឈ្មោះខាងលើ ឃុបឃិតគ្នា ប្រព្រឹត្តអំពើ ពុករលួយច្រើនឆ្នាំមកហើយ។ ជាពិសេសលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេទៅលើរឿងអាស្រូវពុករលួយរបស់លោក កែ ប៊ុនឡេង និងបក្ខពួក ហើយចាត់វិធានការឲ្យបានសមស្របចំពោះទង្វើដែលពួកគេបានប្រព្រឹត្ត៕
