អំណាចតុលាកា មិនអាច​បង្គាប់​អ្នកធំ​មានអំណាច នៅពេល​ជំពាក់​លុយ​គេ​មិន​សង ដូច​លោក សន កុសល អភិបាលរង​ខេត្ត​ព្រះសីហនុ​

, , Leave a comment

​រាជធានី​ភ្នំពេញ : បើទោះជា​សាលក្រម​សំណុំរឿង​រដ្ឋប្បវេណី​មួយ​ដែល​បាន​ផ្តន្ទាទោស​លោក សន កុសល មាន​តួនាទី​ជា​អភិបាលរង​ខេត្ត​ព្រះសីហនុ និង​ភរិយា ឲ្យ​សង​ប្រា​ក់ជាង​១០​ម៉ឺន​ដុល្លារ ទៅ​ឲ្យ​ដើម បណ្ដឹង​បាន​ចូល​ជា​ស្ថាពរ​ជាច្រើន​ខែ​ក៏ដោយចុះ​ក៏​ដើមបណ្ដឹង នៅ​មិនទាន់​ទទួលបាន​អ្វី​សោះ​។​

​លោក តាំង ហុង​ឆាយ ជាដើម​បណ្ដឹង​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៧ កន្លងទៅ លោក ញឹម ពិសាល ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្ត​ព្រះសីហនុ បានចេញ​សាលក្រម​សម្រេច​ផ្តន្ទា ទោស​បង្គាប់​ឲ្យ​ឈ្មោះ សន កុសល និង​ប្រពន្ធ​ឈ្មោះ សេង ផល្លី​ន សង​ប្រាក់​ចំនួន​១០,០០០​ដុល្លារ​ទៅ​ដើមបណ្ដឹង បង់​ការប្រាក់​ចំនួន​១៨%​នៃ​ប្រាក់​ដើម រហូត​សង​អស់​ទៅ​ដើមបណ្ដឹង និង​សងជំងឺចិត្ត​ទៅ​ដើមបណ្ដឹង​ចំនួន​២០​លាន​រៀល​។​

 

​លោក​បន្តថា រហូតមកដល់​ពេលនេះ សាលក្រម​នោះ​ចូល​ជា​ស្ថាពរ​ជិត​មួយឆ្នាំ​ហើយ រូបគាត់​នៅតែ​មិនទាន់បាន​សំណង​សូម្បី​តែមួយ​សេន ចំណែក​លោក សន កុសល និង​ប្រពន្ធ​ដែល​បោកប្រាស​លោក បែរជា​ទទួលបាន​តំណែង​កាន់តែ​ធំ​ទៅៗ និង​អាង​អំណាច​នោះ មិន​ព្រម​សងលុយ​លោក​ឡើយ​។​

 

​លោក តាំង ហុង​ឆាយ បាន​ថ្លែងថា ដើមចម​ដែល​នាំ​ឲ្យ​ឈ្មោះ សន កុសល និង​ប្រពន្ធ​ឈ្មោះ សេង ផល្លី​ន ជំពាក់​លុយ​លោក គឺ​កាលពី​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០០៨ បាន​ទិញ​ដី​គាត់ ចំនួន​៦,៥​ហិកតា ដែលមាន​ទីតាំងនៅ​ភូមិ​ចាំ​ស្រី ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ ក្នុងតម្លៃ​២៥,០០០​ដុល្លារ​ក្នុង​មួយ​ហិកតា ដោយបាន​ឲ្យ​លុយ​ថ្លៃ​ដី​មួយចំនួន និង​នៅ​ខ្វះ​ចំនួន​៨១,០០០​ដុល្លារ​។ ដោយសារតែ​ឈ្មោះ សន កុសល និង​ប្រពន្ធ​ឈ្មោះ សេង ផល្លី​ន គ្មាន​លុយ​សង​ថ្លៃ​ដី យូរពេក​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១០ ពួកគេ​បាន ធ្វើ​កិច្ចសន្យា​ទទួលស្គាល់​បំណុល និង​សុខចិត្ត​សង​ថ្លៃ​ពិន័យ​ចំនួន ២០,០០០​ដុល្លារ បន្ថែម​លើ ប្រាក់​ដែល​នៅសល់​ចំនួន​៨១,០០០​។​

 

​ដោយសារតែ​ឈ្មោះ សន កុសល និង​ប្រពន្ធ​ឈ្មោះ សេង ផល្លី​ន មិន​ព្រម​សង​ប្រាក់​តាម​កិច្ចសន្យា នៅ​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០១១ លោក តាំង ហុង​ឆាយ បាន​ប្តឹង​ពួកគេ ពីបទ រំលោភ​ទំនុកចិត្ត ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ប៉ុន្តែ​នៅ​ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០១៤ លោក ហង់ ស៊ីថា ជា​ចៅក្រម​ជំនុំជម្រះ បាន​លើកលែង​ចោទប្រកាន់​លើ​ឈ្មោះ សន កុសល និង​ឈ្មោះ សេង ផល្លី​ន ដោយ​ឲ្យ​ដើមបណ្ដឹង​ឈ្មោះ តាំង ហុង​ឆាយ ទៅប្តឹង​នៅ​តុលាការ​រដ្ឋប្បវេណី​វិញ​។​

 

​ទោះជា​យ៉ាងណា​ក្រោយពី​លោក តាំង ហុង​ឆាយ ប្តឹង​ឈ្នះ​ឈ្មោះ សន កុសល ជា​អភិបាលរង​ខេត្ត​ព្រះសីហនុ​ថ្មី​នេះ និង​ប្រពន្ធ​ឈ្មោះ សេង ផល្លី​ន ក៏ដោយចុះ តែ​ពន្លឺយុត្តិធម៌​នៅ​មិនទាន់មាន​ចំពោះ​ជនរងគ្រោះ​នៅឡើយ​ទេ ព្រោះតែ​ជន​បោកប្រាស់​មានអំណាច និង​បុណ្យ​ស័ក្តិធំ ទើប​ច្បាប់​ធ្វើ​អ្វី​ពួកគេ​មិនបាន​៕

     

 

Leave a Reply

(*) Required, Your email will not be published