ឧកញ៉ា តែ តាំងប៉ ប្ដឹងមេទាហាន ជើងទឹក ឈ្មោះ អ៊ុក សីហា រំលោភយកដី

, , Leave a comment

ខេត្តព្រះស៊ីហនុ : យោង​តាម​អាជ្ញាធរ​ខេត្ត​ព្រះស៊ីហនុ ​បាន​ឲ្យ​ដឹង​ថា ​អាជ្ញាធរ​ខេត្ត​បាន​ធ្វើការ​ស៊ើបអង្កេត​លើ​ពាក្យ​បណ្តឹង​របស់​​ឧកញ៉ា តែ តាំងប៉ ដែល​បាន​ប្តឹង​មេបញ្ជាការ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ឈ្មោះ អ៊ុក សីហា ​និង​ឈ្មោះ អឿ សារឿន ពី​បទ​​រំលោភ​យក​ទ្រព្យ​ជា​អចលនវត្ថុ​។

យោង​តាម​ពាក្យ​បណ្តឹង​របស់​ឧកញ៉ា តែ តាំងប៉ កាលពី​ថ្ងៃ​ទី​២ តុលា​ គឺ​លោក​បាន​ដាក់​ពាក្យ​បណ្តឹង​ ទៅ​កាន់​អភិបាល​ នៃ​គណៈអភិបាល​ខេត្ត​ព្រះសីហនុ​ដោយ​បាន​ចោទប្រកាន់​លោក អ៊ុក សីហា មេបញ្ជាការ​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម​ និង​បក្ខពួក​ឈ្មោះ អឿ សារឿន ព្រម​ទាំង​បក្ខពួក​របស់​ពួកគេ​ពី​បទ​រំលោភ​យក​ទ្រព្យ​ជា​អចលនវត្ថុ​របស់​លោក ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ និង​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ៣០ ខែ​កញ្ញា ឆ្នាំ​ ២០១៧ នៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់​។

ពាក្យ​បណ្តឹង​នោះ​គាត់​បាន​​បញ្ជាក់​ថា​គាត់​ជា​ម្ចាស់​ដី​មាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​ចុះ​ថ្ងៃ​ទី​ ១១ កក្កដា​ឆ្នាំ ២០០៧ ដែល​ចេញ​ដោយ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម ហើយ​គាត់​បាន​ឲ្យ​ឈ្មោះ រស់ ម៉ានិន និង​កម្មករ​ផ្សេង​ទៀត​ស្នាក់នៅ និង​យាម​ដី​ខាង​លើ​ពីព្រោះ​គាត់​បាន​សង់​ផ្ទះ​ និង​សង់​របង​ហ៊ុមព័ទ្ធ​ជុំវិញ​ដី​នោះ​ដើម្បី​កំណត់​ទីតាំង​ដី​រួចរាល់​ហើយ​។

ប៉ុន្តែ​នៅ​ថ្ងៃ​ទី​ ៣០ ​ខែ​កញ្ញា​ឆ្នាំ​ ២០១៧ វេលា​ម៉ោង​ប្រហែល​ ៨:៣០ ​នាទី​ព្រឹក​ឈ្មោះ អ៊ុក សីហា បាន​បញ្ជា​ឲ្យ​ឈ្មោះ អឿ សារឿន ដែល​ជា​កូនចៅ​ដឹកនាំ​បក្ខពួក​ប្រមាណ​ពី​២០ ​ទៅ​ ៣០ ​នាក់​ក្នុង​ឯកសណ្ឋាន​យោធា​ជើង​ទឹក​ប្រដាប់​ដោយ ​កាំភ្លើង​ជាច្រើន​ដើម​មក ​ធ្វើការ​គំរាម​កំហែង​ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុង​ដី និង​ផ្ទះ​ដែល​ជា​កម្មសិទ្ធិ​របស់​គាត់​ និង​បាន​ដកហូត​យក​ទូរស័ព្ទ​ដៃ​ពី​អ្នក​ចាំ​ដី​របស់​គាត់​ថែម​ទៀត​ផង​។

លើស​ពី​នេះ​ទៀត​លោក​បញ្ជាក់​ថា​លោក អ៊ុក សីហា បាន​បញ្ជា​ឲ្យ​បក្ខពួក​របស់​ខ្លួន​វាយកម្ទេច​របង​ការពារ​ដី​ហើយ​ថែម​ទាំង​យក​កាំភ្លើង​ទៅ​គំរាម​កំហែង​អ្នក​បើក​គ្រឿងចក្រ​របស់​គាត់​ដោយ​និយាយ​ថា​៖ «​បើ​មិន​ធ្វើ​តាម​ពួកគេ​ប្រាប់​ទេ​ពួកគេ​នឹង​វាយខ្នោះ​ហើយ​បាញ់​ចោល​តែ​ម្តង​»​។

ក្នុង​ពាក្យបណ្តឹង​នោះ​បាន​​បញ្ជាក់​ថា​កាលពី​ពេល​កន្លង​មក​ឈ្មោះ អ៊ុក សីហា ក៏​ធ្លាប់​បាន​បញ្ជា​អ្នក​ក្រោម​បង្គាប់​របស់​ខ្លួន​ឈ្មោះ ពុទ្ធ ឌី និង​បក្ខពួក​ប្រហែល​ជាង​ ២០ ​នាក់​ឲ្យ​ទៅ​វាយរបង​ការពារ​ដី​ ក្នុង​ទីតាំង​ខាង​លើ​ ម្តង​រួច​មក​ហើយ ដោយ​ពេល​នោះ​ គាត់​បាន​ចំណាយ​ប្រាក់​រហូត​ដល់ ៥៣៥០០ ​ដុល្លារ​អាមេរិក​ដើម្បី​បញ្ចប់​វិវាទ​។

ក្នុងពាក្យបណ្តឹង លោក តែ តាំងប៉ ទាមទារ​ឲ្យ​អាជ្ញាធរ​ដាក់​ទោស ​ពួកគេ​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​ខាង​លើ​ ដោយ​ទាមទារ​ការ​ខូចខាត​ចំនួន ​១០០ ០០០ ​ដុល្លារ​។

ករណីខាងលើមិនអាចទាក់ទងលោក អ៊ុក សីហា ​ដើម្បី​សុំ​អធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​៕

 

Leave a Reply

(*) Required, Your email will not be published