ព្រះសីហនុ ៖ លោក យឹក យូរ មេអង្គភាព គយនិងរដ្ឋាករ កំពង់ផែស្វយ័តក្រុងព្រះសីហនុបានចាត់ចែងឲ្យកូនចៅ រកចំណូលតាមជំនាញបច្ចេកទេស ដែលភាសាសាមញ្ញ គេហៅថារកលុយក្រោមតុ បានរាប់ម៉ឺនដុល្លារ ក្នុងមួយខែៗ តាមរយះការបង្កើត ការិយាធិបតេយ្យ មានលក្ខណះប្រព័ន្ធ ជ្រកក្រោមជំនាញ ដើម្បីប្រមូលលុយពី ឯកសារប្រតិវេទន៍ លើទំនិញ វិនិយោគនាំចូល ដែលពន្ធអាករ ជាបន្ទុករបស់រដ្ឋ។
ក្រុមអ្នករត់ការទំនិញវិនិយោគនាំចូលបានបង្ហើបថា តាំងពីលោកយឹក យូរបានទៅធ្វើជាមេគយនៅកំពង់ផែ ក្រុងព្រះសីហនុមក អំពើពុករលួយ បានកើតជាលក្ខណះប្រព័ន្ធ ក្នុងអង្គភាព គយនិងរដ្ឋាករ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយយ៉ាងតិច មួយឯកសារក៏ត្រូវចំណាយ ចាប់ពី៧០ដុល្លារ ទៅ ៩០ដុល្លារ ។ជាធម្មតាឯកសារ ចុះប្រតិវេទន៍គយ ត្រូវឆ្លងកាត់គយ និង បង់លុយ ក្រោម តុបែបនេះ ក្នុងមួយថ្ងៃរាប់រយ ឯកសារ សួរថា ពួកគាត់កៀបជំរិត ពីក្រុមហ៊ុនវិនិយោគ បានប៉ុន្មានពាន់ដុល្លារ ក្នុងមួយថ្ងៃ ឬប៉ុន្មានម៉ឺនដុល្លារ ក្នុងមួយខែ ? ម្យ៉ាងទៀត ក្នុងមួយឯកសារ ចុះលេខម្តងៗ មិនមែនតិចកុងតឺន័រ ឡើយ គឺយ៉ាងតិចចាប់ ពី៥កុងតឺន័រ ទៅ ២០ឬ៣០ កុងតឺន័រ ហើយមួយកុងតឺន័រ បង់លុយក្រោមតុ ចាប់ពី៤០ដុល្លារ ទៅ៥០ដុល្លារតើមួយថ្ងៃៗ ការងារ ពុករលួយ ជាលក្ខណះប្រព័ន្ធ បែបនេះ បានប៉ុន្មាន ម៉ឺនដុល្លារ?
ប្រភពបន្តថា តាំងពីលោក យឹក យូរ បានទៅធ្វើជាមេគយ នៅកំពង់ផែក្រុងព្រះសីហនុមក មានព័ត៌មានប្រាប់ឲ្យដឹងថា ពួកឈ្មួញៗ និងក្រុមអ្នករត់ការ ឯកសារទាំងឡាយ មិនសប្បាយចិត្តនឹង វត្តមានរបស់លោក យឹក យូរ ទាល់ តែ សោះ ព្រោះគាត់ពូកែបង្កើតល្បិច គាបយកលុយស្រស់ៗពីពួកគេ (ពួកឈ្មួញៗ និងក្រុមអ្នករត់ការ) ។ពួកគេនិយាយថា សព្វថ្ងៃនេះគ្រាន់តែឯកសារ ចុះប្រតិវេទន៍គយ ក្នុងមួយថ្ងៃៗមាន រាប់រយឯកសារឯណោះ… ហើយក្នុងមួយឯកសារ ការចំណាយក្រៅផ្លូវការមានចាប់ពី៩០ដុល្លារទៅ១០០ដុល្លារអាមេរិក ? ដែលនេះមិនទាន់គិត ពីការកោសរូស ចាប់កំហុសផ្សេងៗនោះទេ? ។ ហើយការបង់លុយនេះ ធ្វើឡើងច្រើនដំណាក់កាល រាប់តាំងពីផ្នែកគណនេយ្យកន្លែងបោះត្រា និងកន្លែងត្រួតពិនិត្យទំនិញ ព្រមទាំងកន្លែងសំខាន់ ជាងគេបំផុតនោះគឺ នៅចំណុចអ្នកអនុញ្ញាត ឲ្យរថយន្ដដឹកទំនិញចេញ-ចូល ទាល់តែមានការឯកភាព (បង់លុយគ្រប់ចំនួន) ពីលោកប្រធាន ញឹកយូរទើបគេអនុញ្ញាតឱ្យ រថយន្ដអាចចេញ-ចូលបាន ឬក៍អាចយកទំនិញ ចេញពីកំពង់ផែនោះបាន ។
ពាក់ព័ន្ធនឹង ការចោទប្រកាន់ខាងលើនេះ លោក យឹក យូរ មិនទាន់អាច សុំការបំភ្លឺបានទេ៕

