យក​កូន​ទៅ​ផឹកស្រា​ជាមួយ ខឹង​ប្រពន្ធ​ទូរស័ព្ទ​ហៅ មកដល់​ផ្ទះ​វាយ​ប្រពន្ធ​មួយ​អង្រែបុកគ្រឿង​

, , Leave a comment

​រាជធានី​ភ្នំពេញ : បុរស​ម្នាក់​យក​កូន​ទៅ​ផឹកស៊ី​ជាមួយ​ខឹង​ប្រពន្ធ​ទូរស័ព្ទ​ឲ្យ​យក​កូន​មក​ផ្ទះ​វិញ បាន​យក​អង្រែបុកគ្រឿង​វាយ​ក្បាល​ពីក្រោយ​បែកក្បាល​ហូរឈាម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​៩​និង​២៥​នាទី​យប់ ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៧ ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

 

​ប្តី​ដែលជា​ជនដៃដល់​មានឈ្មោះ សំ កុសល ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​ជា​អ្នកជំនួយការ​សង្កាត់​ចោមចៅ​២ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រុក​ស្វាយ​ស៊ីសុផុន ខេត្តបន្ទាយមានជ័យ​។ ឬ​ឯ​ប្រពន្ធ​ដែលជា​ជនរងគ្រោះ​មានឈ្មោះ ស ស​អ អាយុ​៣៨​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​កើតហេតុ​ខាងលើ មាន​ស្រុកកំណើត​នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ពួកគេ​មានកូន​៣​នាក់ ក្នុងនោះ​ប្រុស​២ ស្រី​១​។​

 

​តាម​សម្តី​ជនរងគ្រោះ​ជា​ប្រពន្ធ បាន​ឲ្យ​ដឹងថា ប្តី​ប្រពន្ធ​របស់គាត់​បាន​រៀបការ​ជាមួយគ្នា​រយៈពេល​២០​ឆ្នាំ​មកហើយ និង​ធ្លាប់​ឈ្លោះប្រកែក​គ្នា​ជា​ញឹកញាប់​មកហើយ រហូត​ឈានដល់​សុំ​លែងលះគ្នា​ទៀត តែ​ប្តី​កំហូច​មិន​ព្រម​លែងលះ​ឡើយ​។ មុនពេល​កើតហេតុ លោក​ប្តី​របស់គាត់​បាន​ដឹក​កូនប្រុស​អាយុ​៦​ឆ្នាំ​យកទៅ​ដើរ​ផឹកស៊ី​ជាមួយ រហូតដល់​យប់​មិនឃើញ​យក​កូន​ត្រលប់មក​ផ្ទះ​វិញ ព្រោះ​កូន​ត្រូវ​ភ្ញាក់​ពី​ព្រឹក​ទៅ​រៀន​ផង ទើប​រូបគាត់​បាន​ទូរស័ព្ទ​ហៅ​ប្តី​ឲ្យ​យក​កូន​ដេក​។​

 

​ប្រភព​ដដែល​បន្តទៀត​ថា ពេល​ប្តី​យក​កូន​មកដល់​ផ្ទះ​ស្រាប់តែ​ប្តី​ខឹង ដែល​គាត់​បាន​ទូរស័ព្ទ​ហៅ ក៏បាន​ជេរប្រមាថ​គាត់ ធ្វើ​ឲ្យ​គាត់​ទ្រាំ​មិនបាន ក៏បាន​តមាត់​ត​.​ក ឈ្លោះប្រកែក​គ្នា រហូត​បុរស​ជា​ប្តី​ស្ទុះ​ទៅយក​អង្រែបុកគ្រឿង​វាយ​ក្បាល​គាត់​ពីក្រោយ បែកក្បាល​ហូរឈាម​តែម្តង​។​

 

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បាន​ទៅ​គ្លីនិក​ឯកជន​ដើម្បី​ព្យាបាល​របួស តែ​មិនមាន​លុយ​សម្រាប់​ព្យាបាល ក៏បាន​ចេញមក​វិញ ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ចោមចៅ ឲ្យ​ហៅ​បុរស​ជា​ប្តី​មក​ធ្វើការ​អប់រំ​ឈប់​ប្រើ​អំពើហិង្សា​លើ​ប្រពន្ធ​ទៀត និង​មិនបាន​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ទេ​៕

 

Leave a Reply

(*) Required, Your email will not be published