មន្ត្រីនគរបាល ឈ្មោះ ងោ ម៉ៅ បន្តកាប់បំផ្លាញព្រៃឈើនិងដឹកជញ្ជូនឈើចេញពីស្រុកវាលវែង យ៉ាងអនាធិបតេយ្យ

, , Leave a comment

ខេត្តពោធិ៍សាត់ ​៖ ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​ឈ្មួញ​ឈ្មោះ ងោ ម៉ៅ ដែលជា​មន្ត្រីនគរបាល​ស្រុក​ក្រគរខេត្តពោធិ៍សាត់ នៅតែ​បន្តសកម្មភាព​កាប់​ឈើ​ និង​ដឹកជញ្ជូន​ឈើ ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស យ៉ាង​រលូន​ដដែល​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​ដឹកឈើ​របស់​ឈ្មួញ​តូចតាច​មួយចំនួន ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ចាត់វិធានការ​បង្ក្រាប ​យក​ស្នាដៃ​ជា​បន្តបន្ទាប់ ប៉ុន្តែ​សម្រាប់​ឈ្មួញ​ឈ្មោះ ងោ ម៉ៅ មិនឃើញ​មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ហេតុនេះហើយ​ទើប​ឈ្មួញ​ឈ្មោះ ងោ ម៉ៅ កំពុង​បោះទីតាំង​កាប់​ឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​តំបន់​ក្បែរៗ​នោះ​ហើយ​ដឹក​ចេញ​តាម​រថយន្ត​ធំៗ​ស្រេច​តែ​អំពើ​ចិត្ត​។

សកម្មជន​ព្រៃឈើ​ និង​ប្រជាពលរដ្ឋ​ ក្នុង​ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​ មួយរយៈ​ពេល​ចុងក្រោយ​នេះ​ឈ្មួញ​ឈ្មោះ ងោ ម៉ៅ បាន​បោះទីតាំង​កាប់​ឈើ ​និង​អារច្រៀក​ឈើ ​ក្នុង​ទឹកដី ​ឃុំ​អន្លង់​រាប ស្រុក​វាលវែង តាម​អំពើ​ចិត្ត​ ក្នុងខណៈដែល ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ រក្សា​ភាព​ស្ងៀមស្ងាត់​។ មជ្ឈដ្ឋាន​នានា​សង្ស័យថា ​មន្ត្រី​បរិស្ថាន​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស គឺជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​ឈ្មោះ ងោ ម៉ៅ កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​វាលវែង ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ដែរ ទើប​មិន​បង្ក្រាប​ឈ្មួញ​ម្នាក់នេះ​។

តាម​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ គឺជា​អ្នក​បើកដៃ​ ឲ្យ​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ​ហើយ​បែងចែក​ផលប្រយោជន៍​ យ៉ាង​សុខ​ស្រួល​។ បើ​គ្មាន​ការឃុបឃិត​បើកដៃ ​ពី​សំណាក់​មន្ត្រី​បរិស្ថាន ​ប្រចាំ​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស​ទេនោះ គឺ​ឈ្មួញ​ឈ្មោះ ងោ ម៉ៅ មិនអាច​ចូល​បោះទីតាំង​កាប់​ឈើ​ក្នុង​ឃុំ​អន្លង់​រាប ស្រុក​អន្លង់វែង និង​តំបន់​ក្បែរៗ​នោះបាន​ឡើយ​។

សរុបសេចក្ដីមកឈ្មួញឈើធំៗ ដែលល្បីល្បាញខាងកាប់ឈើ និងដឹកឈើជញ្ជូនឈើខុសច្បាប់ ក្នុងខេត្តពោធិ៍សាត់ នៅតែបន្តសកម្មភាពយ៉ាងក្រអឺត ក្រទមដោយគ្មានញញើតអ្វីទាំងអស់ព្រោះមានការឃុបឃិតពីមន្រ្តីជំនាញ និង សមត្ថកិច្ចពុករលួយតាមដងផ្លូវ ។

ជាក់ស្ដែឈ្មួញឈ្មោះ ងោ ម៉ៅ នៅតែបន្តកាប់ឈើនិងដឹកជញ្ជូនឈើចេញ ពីឃុំអន្លង់រាប ស្រុកវាលវែង យ៉ាងពេញបន្ទុកហើយប្រើប្រាស់សុទ្ធ តែរថយន្តធំៗចំណុះរាប់សិបម៉ែត្រគូប។ ចំណែកឈ្មួញឈ្មោះ ជា ពៅ និងបក្ខពួកឈ្មោះ ម៉ាច ឈ្មោះធា ក៏នៅតែប្រមូលទិញឈើ ដឹកជញ្ជូនចេញពី ខេត្តពោធិ៍សាត់ យ៉ាងរលូនគ្មានការរំខាន ពីមន្រ្តីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធឡើយ។

ប្រការនេះហើយដែល ធ្វើឲ្យ ប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់ គ្មានជំនឿទៅលើសមត្ថកិច្ចនិងមន្រ្តី ជំនាញពាក់ព័ន្ធ ក្នុងការបង្រ្កាបបទល្មើសព្រៃឈើ ដែលកំពុងកើតឡើងយ៉ាង រាលដាលដូចសព្វថ្ងៃនេះ។

ដូច្នេះលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងលោក សាយ សំអាល់ ដែលជារដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរពិនិត្យមើលបញ្ហានេះផង ព្រោះបទល្មើសកាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ ចេញពីស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅតែកើតឡើងយ៉ាងរាលដាល៕

 

 

Leave a Reply

(*) Required, Your email will not be published