ព្រឹត្តិការណ៍ចុះអនុវត្តសាលដីកា វាយបំផ្លាញផ្ទះ៣ខ្នងរាបដល់ដី ក្រោមសម្លេងទ្រហោយំកងរំពង ម្ចាស់លំនៅដ្ឋានស្នើសុំអន្តរាគមន៍ពីថ្នាក់ដឹកនាំ

, , Leave a comment

ខេត្តកណ្ដាល ​៖ ព្រឹត្តិការណ៍ចុះអនុវត្តសាលដីការបស់តុលាការកំពូល តាំងពីចុងខែធ្នូ ឆ្នាំ២០១៥កន្លងទៅ ពីសំណាក់អាជ្ញាសាលានៃអយ្យការអម សាលាដំបូងខេត្តកណ្ដាល ដឹកនាំកម្លាំងសមត្ថកិច្ច​ជាង១០០នាក់ ចុះទៅរឹបអូសយក ដីធ្លី និងវាយកម្ទេចលំនៅដ្ឋាន៣ខ្នង សង់នៅតាមផ្លូវជាតិលេខ២១A តាំងពីឆ្នាំ១៩៨៧ ក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល តាំងពីព្រលឹមរហូតដល់កណ្ដាលថ្ងៃត្រង់ទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ បានក្លាយជាប្រធានបទដ៏ក្ដៅមួយ ត្រូវបានចែករំលែកនៅតាមបណ្ដាញសង្គម Facebook យ៉ាងព្រោងព្រាត។

ពេល​សមត្ថកិច្ច​ចុះ​អនុវត្ត​សាលក្រម​នេះ ភាគីចាញ់ក្ដី បានដុត​កង់ឡាន​​នៅ​មុខ​ផ្ទះ​របស់​ខ្លួន និង​លើក​រូបថត​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ សម្ដេច​កិត្ត​ព្រឹ​ទ្ធិ​បណ្ឌិត សុំឱ្យ​​ជួយ​រក​​យុ​ត្ត​ធម៌​ដល់​ពួក​គាត់ ខណៈ​ពេល​មាន​សមត្ថកិច្ច​ចម្រុះ​រាប់រយ​នាក់ ចុះ​មក​ការពារ​ការ​អនុវត្ត​សាលក្រម​នេះ ។

 

ការចាប់អារម្មណ៍ និងមានការចែករំលែក ព័ត៌មាននេះតៗគ្នា និងមានការបញ្ចេញប្រតិកម្មរៀងៗខ្លួននោះ ដោយសារតែ ពេលចុះអនុវត្តសាលដីការបស់តុលាការកំពូល មានការប្រឈមគ្នាយ៉ាងខ្លាំង និងមានអំពើហិង្សាកើតឡើងទៀតផង រវាងម្ចាស់ផ្ទះទាំង៣ មានសមាជិកជាង១០នាក់ទាំងក្មេងទាំងចាស់ជាមួយកងកម្លាំងសមត្ថកិច្ច ពោលម្ចាស់ផ្ទះទាំងនោះ នៅក្រាញននៀល ស្រែកទាមទារមិនឲ្យអនុវត្តរុះរើ គឺសុខចិត្តស្លាប់នៅលើដីរបស់ខ្លួននិងបានពាក់អាវ កាន់រូបថតសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងស្លាក គណបក្សប្រជាជនកម្ពុជា ស្នើសុំអន្តរាគមន៍ ពីថ្នាក់ដឹកនាំដើម្បីឲ្យពួកគាត់បានលំនៅដ្ឋាននៅវិញ។

តាមទិដ្ឋភាពជាក់ស្ដែង សមាជិកក្រុមគ្រួសារទាំង៣ផ្ទះ បានស្រែកទ្រហោយំយ៉ាងខ្លាំង រហូតយកសាំងចង់ដុតសម្លាប់ខ្លួន ព្រមទាំងឡើង ជិះនៅលើអេស្កាវ៉ាទ័រ ដើម្បីទប់ស្កាត់ ការបំផ្លាញផ្ទះរបស់ខ្លួន ប៉ុន្ដែសមត្ថកិច្ច ដែលដឹកនាំដោយ លោក ហេង ណារ៉ា មន្ដ្រីអាជ្ញាសាលា នៃអយ្យការ អមសាលាដំបូងខេត្តកណ្ដាល បានបន្ដអនុវត្តរហូតបានសម្រេចជាស្ថាពរ នៅជិតវេលាថ្ងៃត្រង់ ក្នុងនោះផ្ទះទាំង៣ខ្នង និងទ្រព្យសម្បត្តិនៅក្នុងផ្ទះ២ខ្នង ត្រូវបានវាយរាបដល់ដី។

 

​មន្ត្រី​តុលាការខេត្ត​កណ្ដាល​​ដឹកនាំ​កំលាំង​ចម្រុះមក​អនុវត្ត​សាលក្រមរបស់​តុ​លា​ការកំពូល​បាន​ឱ្យ​ដឹង​ថា រឿង​ក្តី​នេះ​ គឺ​កើត​មាន​តាំងពី​ឆ្នាំ​២០០៤មក ដែល​មាន​ដើម​បណ្ដឹងឈ្មោះ ​ម៉ី ក​ល្យា​ណ ភេទ​ស្រី អាយុ​៥៧​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​បឹង​កេងកង​២ ខណ្ឌ​​ចំការមន រាជធានី​ភ្នំពេញ ជា​អ្នក​ឈ្នះក្តី ចាប់​តាំង ពី​សា​លា​ដំបូង​ខេត្តកណ្ដាល សាលា​ឩ​ទ្ធ​រណ៍ និង​តុលាការ​កំពូល ។

 ចំណែក​ភាគី​ចាញ់ក្ដី ទី​១ ឈ្មោះ​ប៉ុន ថត ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ ទី​២​ឈ្មោះ អ៊ុង អ៊ីម​ ភេទ​ស្រី អាយុ​៥៥​ឆ្នាំ និង​ទី​៣ ឈ្មោះ សែ គឹ​ម​អូន ភេទ​ស្រី​អាយុ​៣៤​ឆ្នាំ អ្នក​ទាំង​បី​នាក់​ មាន​ទីលំនៅ​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់​ស្រុក​ស្អាង ។ដី​ដែល​អនុវត្ត​សាលក្រម អោយទៅ​ភាគី​ឈ្នះក្តី មានទំហំ២៥​គុណ​និង​១០​ម៉ែត្រ ពីរ​ប្លង់ និង​ដី​ទំហំ២០​គុណ​ និង​១០០​ម៉ែត្រ មួយ​ប្លង់ ។ សាលក្រម របស់​តុលាការ​កំពូល បាន បង្គាប់​ឱ្យ​​ភាគី​ចាញ់ក្តី រុះរើ​ផ្ទះ ចេញ​ប្រគល់​ដី​អោយ​ភាគី ឈ្នះក្ដី និង​ជួយ​ដោះស្រាយសំណងពីរ​គ្រួសារក្នុង​មួយ​គ្រួសារ​ៗ​ចំនួន​១​ពាន់​ដុល្លារនិងមួយ​គ្រួសារ​ទៀត២ពាន់​ដុល្លារ តែ​ភាគី​ចាញ់ក្ដី​មិន​ព្រម​រុះរើ តាម​សាលដីការ ។ប៉ុន្តែ​បើ​តាម​ភាគី​ចាញ់ក្តី​ទាំង​បី​គ្រួសារ បាន​ប្រាប់​អោយ​ដឹង​ថា ដី​នេះ ជា​ដីពួក​គាត់ រស់​នៅ​​តាំង ពី ឆ្នាំ​១៩៨៧ មក​ម្លិះ គឺ តាំងពី​មិន​ទាន់​មាន អ្នក​រស់នៅ​ច្រើន​មក​ម្ល៉េះ។ ​ហើយ​ក៏​មាន​ការ​ទទួលស្គាល់ ពី​ប្រធាន​ភូមិ មេឃុំដែរ ។ ភាគីចាញ់ក្ដី​ថា សាលក្រម អោយ​ពួក​គាត់​ចាញ់ក្ដី បែប​នេះ ពិតជា​អ​យុ​ត្តិធម៌​ខ្លាំង​ណាស់ និង បាន លើក​រូបថត​សម្ដេច គ្គ​មហា​សេនាបតី​តេ​ជោ និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជួយ​រក​យុត្តិធម៌ ដល់​ពួក​គាត់ទាំងអស់​គ្នា ជា​ប្រជាពលរដ្ឋ​ស្លូតត្រង់​ផង​។

ចំពោះព្រឹត្តិការណ៍ នៃការចុះអនុវត្តលើកនេះ ក៏ទទួលការរិះគន់ យ៉ាងខ្លាំងផងដែរ ពីមជ្ឈមដ្ឋានជាច្រើនក្នុងនោះ មានការរិះគន់ចំពោះមន្ដ្រីអាជ្ញាសាលា ដែលចង់ប្រើអំពើហិង្សា ទៅលើម្ចាស់ផ្ទះ ហើយក្រុមកម្មកររបស់ម្ចាស់ដី និងម្ចាស់ដីផ្ទាល់ ហាក់ដូចជាមានសិទ្ធិអំណាច បញ្ជាទៅលើស្ថាប័នតុលាការ ព្រមទាំង ចូលទៅវាយបំផ្លាញផ្ទះទាំង៣ខ្នងនេះ។

យ៉ាងណាក៏ដោយបើទោះ បីការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងនេះ មិនបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិត របស់ពលរដ្ឋណាម្នាក់នោះទេ ក្រៅពីមានមនុស្ស ២ នាក់ ដួលសន្លប់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

នៅល្ងាចថ្ងៃដដែលនេះ អយ្យការ អមសាលាដំបូងខេត្តកណ្ដាល ក៏បានចេញសេចក្ដីថ្លែងការណ៍ ពាក់ព័ន្ធទៅនឹងសំណុំរឿងមួយនេះ ជូនដល់សាធារណៈជនឲ្យបានជ្រាបជៀសវាង មានការបកស្រាយខុសទៅលើទិដ្ឋភាពច្បាប់៕

 

 

Leave a Reply

(*) Required, Your email will not be published