រាជធានីភ្នំពេញ : បុរសម្នាក់ជាមន្ត្រីនគរបាល កំពុងជិះម៉ូតូ ហើយឈប់ភ្លើងស្តុបត្រូវបានរថយន្តធុនធំ បើកបុកពីក្រោយហើយកិនអូសច្រើនម៉ែត្រស្លាប់ភ្លាមៗនៅនឹងកន្លែង និងម្នាក់ទៀតរងរបួសស្រាល។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៦ និង៣៥នាទីល្ងាច ថ្ងៃទី៣០ ខែ សីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភ្លើងស្តុបទំនប់កប់ស្រូវ កែងផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។

រថយន្តបង្កជាប្រភេទរថយន្តកូរ៉េ ចំណុះ៥តោន ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3765 ដឹកកន្ទក់ពេញរថយន្ត បើកបរដោយឈ្មោះ ចាន់ អេងស្រ៊ាន់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកបររថយន្តឲ្យរោងម៉ាស៊ីនកិនស្រូវ ភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។ ចំណែកម៉ូតូរងគ្រោះ ម៉ាកហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FB-7949 ជិះគ្នា២នាក់បើកបរដោយ អនុសេនីយ៍ ហង្ស សុធី ភេទប្រុស អាយុ៤៥ឆ្នាំ ជាមន្ត្រីនគរបាលតម្រួតបទបញ្ជាស្លាប់ភ្លាមៗនៅកន្លែងចំណែកជនរងគ្រោះម្នាក់ទៀត មិនស្គាល់អត្តសញ្ញាណរងរបួសស្រាល។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូឌុបគ្នា២នាក់ បើកតាមផ្លូវទំនប់កប់ស្រូវ ពីជើងទៅត្បូង លើដល់ភ្លើងស្តុបឈប់រង់ចាំ ស្រាប់តែរថយន្តបង្កបើកពីជើងទៅត្បូង ស្របទិសគ្នា បើកបុកកិនពីក្រោយម៉ូតូអូសជាច្រើនម៉ែត្រ បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ភ្លាមៗនៅកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់។

ក្រោយកើតហេតុសាកសពត្រូវបានរថយន្តអង្គភាព ដឹកយកទៅតម្កល់ទុកធ្វើបុណ្យទៅតាមប្រពៃណី រីឯរថយន្តបង្ក និងម៉ូតូ រួមទាំងអ្នកបើកបររថយន្តផង ត្រូវបាននគរបាលជំនាញយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ស្នងការរាជធានីភ្នំពេញ៕
