អ្នកស្រី ថាក់ ឡា​នី ជាប់ពន្ធនាគារ​១​ឆ្នាំ​ដដែល ករណី​ចោទប្រកាន់​សម្តេច​តេ​ជោ​ថា ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី

, , Leave a comment

​រាជធានី​ភ្នំពេញ : អ្នកស្រី ថាក់ ឡា​នី អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី ត្រូវបាន​លោក ប្លង់ សំណាង អនុប្រធាន​សាលាឧទ្ធរណ៍​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែសីហា សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុកជាបានការ​ដដែល ពោល គឺ​ផ្តន្ទាទោស​អ្នកស្រី ថាក់ ឡា​នី ដាក់ពន្ធនាគារ​១​ឆ្នាំ​ដដែល ករណី​ចោទប្រកាន់​សម្តេច​តេ​ជោ​ថា ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី​។ សាលដីកា​នេះ ប្រកាស​ដោយ​កំបាំងមុខ​ជនជាប់ចោទ មេធាវី​ការពារ​ជនជាប់ចោទ និង​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេ​ជោ​នាយក រដ្ឋមន្ត្រី​តែ​ចាត់ទុកជា​ចំពោះមុខ​។​

 

​គួររំលឹកថា សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៦ ប្រកាស​សាលក្រម​ផ្តន្ទាទោស​អ្នកស្រី ថាក់ ឡា​នី ដាក់ពន្ធនាគារ​រយៈពេល​១​ឆ្នាំ​និង​ពិន័យ​៨​លាន​រៀល ព្រមទាំង​សង​សំណង​ជំងឺ​ចិត្ត​ដល់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចំនួន​១០០​រៀល​។ លោក​ចៅ ក្រម អ៊ី ថាវរៈ ក៏បាន​សម្រេច​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​និង​ឃុំខ្លួន​អ្នកស្រី ថាក់ ឡា​នី ផងដែរ ខណៈ​ជនជាប់ចោទ​បាន​រត់គេច​ខ្លួន​ទៅ​ក្រៅប្រទេស​បាត់​ហើយ​។​

 

​អ្នកស្រី ថាក់ ឡា​នី ជាប់ចោទ​ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈ និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ប្រព្រឹត្ត​នៅ​ភូមិ​ប៉ា​តាង ឃុំ​ប៉ា​តាង ស្រុក​លំផាត់ ខេត្តរតនគិរី កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ តាម​មាត្រា ៣០៥ មាត្រា ៤៩៤ និង​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។ នៅក្នុង​វេទិកាសាធារណៈ​នៅ​ខេត្តរតនគិរី អ្នកស្រី ថាក់ ឡា​នី បាន​ចោទប្រកាន់​សម្តេច​តេ​ជោ​ថា ជា​អ្នក​សម្លាប់​បណ្ឌិត កែម ឡី​។​

 

​ដើម្បី​ស្វែងរក​ភាពយុត្តិធម៌ និង ភាព​ស្អាតស្អំ​ក្នុងនាម​ជា​មេដឹកនាំ​កំពូល​នៃ​ប្រទេស សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​តាមរយៈ​លោក​មេធាវី គី តិច បានដាក់​ពាក្យបណ្ដឹង​ប្តឹង​អ្នកស្រី ថាក់ ឡា​នី ដោយ​សំណូមពរ​ឲ្យ​តុលាការ​ចាត់ការ​តាមច្បាប់ និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ត្រឹម​១០០​រៀល ប៉ុណ្ណោះ​៕

 

Leave a Reply

(*) Required, Your email will not be published