រាជធានីភ្នំពេញ : ក្នុងវេទិកាថ្នាក់ជាតិ លើកទី២ ស្តីពី “ការការពារ និងអភិរក្សធនធានធម្មជាតិ” នឹងប្រព្រឹត្តទៅ នាម៉ោង ៨ ព្រឹក ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន បាន ប្រកាសអនុញ្ញាតឲ្យក្រសួងបរិស្ថាន សហការជាមួយអង្គការ WWF ដើម្បីនាំចូលពូជសត្វខ្លាដំបង សម្រាប់បង្កាត់ពូជ នៅក្នុងប្រទេសកម្ពុជាយើង។
ការសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដូច្នេះ បានធ្វើឡើងស្របតាមការលើកឡើងរបស់លោក លោក សេង ទៀក ជានាយកអង្គការ មូលនិធិសាកល សម្រាប់អភិរក្សធម្មជាតិ ហៅកាត់ថា WWF ប្រចាំកម្ពុជា ដែលបានឡើងថ្លែងនូវសំណូមពរ ដើម្បីអភិរក្សសត្វខ្លាធំ ឬខ្លាដំបង នៅកម្ពុជា។
សូមរម្លឹកថា វេទិកាថ្នាក់ជាតិលើកទី២ ស្តីពី “ការការពារ និងអភិរក្សធនធានធម្មជាតិ” នេះ មានការអញ្ជើញចូលរួមពីតំណាងមកពីព្រឹទ្ធសភា រដ្ឋសភា ក្រសួង ស្ថាប័នរដ្ឋ អង្គទូត វិស័យឯកជន គ្រឹះស្ថានអប់រំសិក្សា ប្រព័ន្ធផ្សព្វផ្សាយសិល្បករសិល្បការិនី ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ សហគមន៍ និងសមាគម ដែលធ្វើការងារពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ប្រមាណ៨០០នាក់។
សូមរម្លឹកថា វេទិកាថ្នាក់ជាតិលើកទី១ ស្តីពី “ការការពារ និងអភិរក្សធនធានធម្មជាតិ” បានប្រារព្ធឡើង កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ ក្រោមការសម្របសម្រួលរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុនសែន។ ក្នុងវេទិកាកាលពីឆ្នាំមុន ក៏មានការចូលរួមយ៉ាងទូលាយពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ។
សម្តេចហ៊ុនសែន ក៏បានប្រកាសឲ្យក្រសួងបរិស្ថាន ក៏ដូចជាស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល សហការ ធ្វើកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ជាមួយនឹងសហគមន៍ និងអង្គការសង្គមស៊ីវិល។
ដោយឡែក បើតាមការបញ្ជាក់របស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅលើទំព័រ Facebook ក្រសួងបរិស្ថាន បានឱ្យដឹងថា វេទិកាដ៏មានសារៈសំខាន់នេះ នឹងផ្តល់ឱកាសឱ្យតំណាងភាគីពាក់ព័ន្ធទាំងអស់ បានមកជួបជុំគ្នានៅវិមានសន្តិភាពជាលើកទី២ និងទទួលបាន ឱកាសស្វែងយល់ អំពីបំណងជាយុទ្ធសាស្ត្រ ចក្ខុវិស័យ និងបេសកកម្មរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាពផងដែរ៕