បេក្ខជន​អវត្តមាន​ជិត ១៥០០ នាក់ ហើយ​ក៏មាន​បេក្ខជន​ប្រព្រឹត្ត​កំហុសឆ្គង​តិចតួច​

, , Leave a comment

​រាជធានី​ភ្នំពេញ : ការប្រឡង​បាក់​ឌុប នា​ថ្ងៃទី​១ ត្រូវ​នឹង​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៧ ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាសថា ថ្វី​ត្បិត​នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​មាន​ភ្លៀង​ធ្លាក់ ប៉ុន្តែ​ដំណើរការ​ប្រឡង បាន​ប្រព្រឹត្ត​ទៅតាម​ពេលវេលា​ដែល​បានកំណត់​។​

​ក្នុងនោះ​ក្រសួង អប់រំ យុវជន និង​កីឡា បានប្រកាសថា ទិដ្ឋភាព​ទូទៅ​នៃ​ដំណើរការ​មណ្ឌល​សំណេរ ស្ថានភាព​ក្នុង​ដំណើរការ​ប្រឡង មាន​ភាពស្ងប់ស្ងាត់ និង​សណ្ដាប់ធ្នាប់​របៀបរៀបរយ​ល្អ ទាំង​នៅក្នុង និង​ក្រៅ​មណ្ឌល​ប្រឡង ដោយ​មានការ​ចិត្ត​យក​ទុកដាក់ និង​ទំនួល​ខុសត្រូវ​ខ្ពស់​ពី​ប្រធាន អនុប្រធាន​មណ្ឌល​ប្រឡង គណៈកម្មការ​អនុរក្ស អ្នកសង្កេតការណ៍ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​។​

 

​ដោយឡែក​ក្រសួង អប់រំ ក៏បាន​លើកឡើងថា បេក្ខជន​បាន​គោរព​បទបញ្ញត្តិ​នៃ​ការប្រឡង​បាន​យ៉ាង​ល្អ និង​ប្រឹងប្រែង​ធ្វើ​កិច្ចការ​តាម​សមត្ថភាព​រៀងៗ​ខ្លួន​។ ក្រសួង អប់រំ បានប្រកាសថា ដំណើរការ​សំណេរ នៅ​ថ្ងៃទី​១ នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នា​ថ្ងៃទី​២១​សីហា បាន​ប្រព្រឹត្តទៅ ដោយ​រលូន​ល្អ មិនមាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។​

​នៅតាម​មណ្ឌល​ប្រឡង​នីមួយៗ បាន​ដំណើរការ​ដោយ​ភាពស្ងប់ស្ងាត់ និង​របៀបរៀបរយ​ល្អ ដោយមាន​ការយកចិត្ត​ទុកដាក់ និង​ទំនួល​ខុសត្រូវ​ខ្ពស់​ពី​គណៈកម្មការ​មេ​ប្រយោគ​គ្រប់លំដាប់​ថ្នាក់ មន្ត្រី អ្នកសង្កេតការណ៍​អង្គភាព​ប្រឆាំង​អំពើពុករលួយ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​។ ដោយឡែក បេក្ខជន​បាន​គោរព​បទ​ប្បញ្ញត្តិ​នៃ​ការប្រឡង​បាន​យ៉ាង​ល្អ និង​ប្រឹងប្រែង​ធ្វើ​កិច្ចការ​តាម​សមត្ថភាព​រៀងៗ​ខ្លួន​។​

 

​ក្រសួង អប់រំ បន្តថា ក្នុង​ដំណើរការ​សំណេរ នា​ថ្ងៃទី​១​នេះ ដែលមាន​បេក្ខជន​ប្រឡង​សរុប​ចំនួន​១០១៤១០​នាក់ ស្រី​៥០០៤៩​នាក់ អវត្តមាន​សរុប​ចំនួន​១៤៩៧​នាក់ ស្រី​៥៦៤​នាក់​។ ក្រសួង​អប់រំ បន្ថែមថា បេក្ខជន​ប្រព្រឹត្ត​កំហុសឆ្គង​ត្រូវបាន​រៀបចំ​កំណត់ហេតុ​ពិសេស ចំនួន​៧​ករណី ក្នុងនោះ ករណី​ដកហូត​ទូរស័ព្ទដៃ​៥​ករណី ប្ដូរ​លេខ​តុ​អង្គុយ​១​ករណី លួច​ចម្លង​សំណៅ​ឯកសារ​១​ករណី​។​

​ដោយឡែក​មាន​បេក្ខជន​មាន​បញ្ហា​សុខភាព​ចំនួន ២៣​ករណី ប៉ុន្តែ​អាច​ដំណើរការ​ប្រឡង​បន្តទៀត​បាន បន្ទាប់ពី​ទទួលបាន​ការសង្គ្រោះ​បឋម និង​មាន​២​ករណី ដែល​មិនអាច​បន្ត​ការប្រឡង​បាន​។ បុគ្គលិក​អប់រំ មាន​កំហុសឆ្គង​១​ករណី (​ធ្វើ​អនុរក្ស​ជំនួស​) ត្រូវបាន​បញ្ឈប់ មិន​អនុញ្ញាត​ឲ្យ​បន្តការងារ និង​រៀបចំ​កំណត់ហេតុ​ពិសេស​។​

 

​ក្រសួង អប់រំ បាន​បញ្ជាក់ថា មណ្ឌល​មួយចំនួន នាពេល​ព្រឹក​នៅ​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ មាន​ភ្លៀង​ធ្លាក់ និង​ពេល​រសៀល មាន​មណ្ឌល​មួយចំនួន​នៅ​ខេត្តបាត់ដំបង ខេត្តកណ្ដាល និង​ខេត្តក្រចេះ មាន​ភ្លៀង​ធ្លាក់ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ដំណើរការ​សំណេរ​របស់​បេក្ខជន​ឡើយ​។​

​នៅពេល ព្រឹក នា​ថ្ងៃទី​២១​សីហា ក្រសួង​អប់រំ បានប្រកាសថា ក្នុងចំណោម​បេក្ខជន​ប្រឡង​សរុប​ចំនួន ១០១៤១០ នាក់ ( ស្រី ៥០០៤៩​នាក់ ) គឺ​អវត្តមាន​សរុប​ចំនួន​១៤៤៣​នាក់ (ស្រី​៥៦៥​នាក់​)​។ ក្នុងនោះ​ក៏មាន​បេក្ខជន​ប្រព្រឹត្ត​កំហុសឆ្គង ត្រូវ​បានរៀបចំ​កំណត់ហេតុ​ពិសេស ចំនួន​២​ករណី ដោយឡែក​មាន​បេក្ខជន មាន​បញ្ហា​សុខភាព​ចំនួន​១០​ករណី ប៉ុន្តែ​អាច​ដំណើរការ​ប្រឡង​បន្តទៀត​បាន បន្ទាប់ពី​ទទួលបាន​ការសង្គ្រោះ​បឋម​។ មណ្ឌល​មួយចំនួន នៅ​ខេត្តកោះកុង និង​ព្រះសីហនុ​មាន​ភ្លៀង​ធ្លាក់ ប៉ុន្ដែ​មិន​ប៉ះពាល់​ដល់​ដំណើរការ​សំណេរ​របស់​បេក្ខជន​ឡើយ​។​

 

​ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រកាសថា ការប្រឡង​បាក់​ឌុប នៅ​ឆ្នាំនេះ មាន​បេក្ខជន​ប្រឡង​សរុប​១០៣១១២​នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន​១៧៨​មណ្ឌល ចែកចេញជា​៤១៥៥​បន្ទប់ នៅ​រាជធានី​ខេត្ត​ទាំង​២៥​នៅ​ទូទាំងប្រទេស​។​

​សូម​បន្ថែមថា ការប្រឡង​បាក់​ឌុប នឹងធ្វើ​ឡើង​១​ថ្ងៃ​ទៀត នា​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៧​។ រីឯ​លទ្ធផល​ប្រឡង នឹង​ប្រកា​សនា​ថ្ងៃទី​នឹង​ប្រកាស​នៅ​រសៀល​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៧ សម្រាប់​មណ្ឌល​ប្រឡង នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តកណ្តាល និង​នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ សម្រាប់​មណ្ឌល​ប្រឡង នៅ​ខេត្ត​ផ្សេងៗ​ទៀត​។​

 

​ក្រៅពីនោះ ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​ប្រកាស​ពី​ការផ្សព្វផ្សាយ​ព័ត៌មាន និង​លទ្ធផល​ប្រឡង​បាក់​ឌុប តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ តាមរយៈ​អ​សយ​ដ្ឋា​ន​៖ www.facebook.com/moeys.gov.kh ៕

 

 

Leave a Reply

(*) Required, Your email will not be published