រាជធានីភ្នំពេញ : បុរសម្នាក់ដែលគេស្គាល់ថា ជាតារាជើងចាស់ឈ្មោះ សាពូន មីដាដា ត្រូវបានជាប់ចោទថា ជាបក្សពួកក្រុមយកដុំថ្ម ដេញគប់គ្នាផ្អើលហាង ខណៈពេលលោកនិងមិត្តភក្តិទៅលេងអុកនៅទីនោះ បង្កឱ្យការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២២ សីហា នេះ ស្ថិតតាមបណ្តោយផ្លូវ២១៥ ត្រង់ចំណុចមុខហាងមួយកន្លែង ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។
បើតាមសាក្សីឃើញហេតុការណ៍ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញលោក សាពូន មីដាដា គាត់បានចូលមកហូបអីនៅក្នុងហាង V-Stneet food Band ជាមួយក្មេងតូចៗ២ ទៅ៣នាក់រួមជាមួយមិត្តភក្តិ២នាក់ទៀត ដោយហូបបណ្តើរ លេងអុកបណ្តើរ។ មួយសន្ទុះក្រោយស្រាប់តែមានតុជិតគាត់២តុទៀត អង្គុយផឹកស៊ីជិតនោះមិនដឹងថា ទាស់សម្តីគ្នារឿងអ្វីនោះទេ បានជាចេញទៅយកដុំថ្មដេញគប់គ្នាផ្អើលពេញផ្លូវជិតស្តុបDN។ ភ្លាមៗនោះដែរលោក សាពូន មីដាដា ភ័យខ្លាចណាមួយមិនចង់ឱ្យល្បីផងនោះ ក៏បើករថយន្តដឹកក្មេងៗ និងមិត្តភក្តិចេញទៅបាត់។
ក្រោយមកគាត់ភ្លេចគិតលុយឱ្យគេ ក៏បត់ត្រឡប់មកវិញ ដើម្បីគិតលុយឱ្យម្ចាស់ហាង ស្រាប់តែមានបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ ដែលរងរបួសដោយសារវាយតប់គ្នានោះបានមកចោទលោក សាពូន មីដាដា ថា ជាបក្សពួកជនបង្ក ដែលយកដុំថ្មគប់ទៅលើពួកគាត់ ធ្វើឲ្យផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកកន្លែងកើតហេតុសួរនាំ ម្ចាស់ហាង និងលុះពេលដែលសួរនាំទៅ ទើបដឹងរឿងរ៉ាវថា លោកសំពូន មីដាដា មិនមែនជាបក្សពួកជនបង្កទេ ចំណែកជនបង្កបានរត់គេចខ្លួនបាត់អស់ហើយ។
ក្រោយពេលកើតហេតុ បុរសដែលចោទប្រកាន់លោកសំពូន មីដាដា មិនបានទៅដាក់ពាក្យបណ្តឹងអីនោះទេ ក៏ត្រឡប់ទៅផ្ទះរៀងៗខ្លួន៕

