លោក វ៉ាន់ ពុទ្ធិពល អគ្គនាយករងពន្ធដារ ក្រុមសមាជិកគណះមេធាវី ដាក់ពាក្យប្តឹងចោទប្រកាន់ថា បង្ហោះសារលើ Facebook ប្រមាថគណៈមេធាវី

, , Leave a comment

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានអោយដឹងថា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ មេធាវីម្នាក់ឈ្មោះ លី ច័ន្ទតុលា បានដាក់ពាក្យប្តឹង លោក វ៉ាន់ ពុទ្ធិពល អគ្គនាយករង អគ្គនាយកដ្ឋានពន្ធដារ ដោយចោទថា បានសរសេរលើ Facebook ប្រើប្រាស់ពាក្យពេចន៍មួយចំនួន ប្រមាថមេធាវី ថា ជាសត្វគោ ដែលរូបលោកមិនអាចទទួលយកបានឡើយ។

ប្រភពបានអោយដឹងថា ការប្រតិកម្មឈានដល់ការដាក់ពាក្យប្តឹងនេះ ត្រូវបានគេដឹងថា កើតឡើងបន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារនិងគណៈមេធាវីកម្ពុជា បានបើក សិក្ខាសាលារួមគ្នាមួយ ស្តីពី​ «កាតព្វកិច្ច​បង់​ពន្ធ​របស់​មេធាវី»នាថ្ងៃទី០៣ខែសីហា ឆ្នាំ ២០១៧ម្សិលមិញ ដោយភាគីទាំងពីរពិភាក្សាដេញដោលគ្នាយ៉ាងតឹងតែងមួយ។

 

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិភាក្សាគ្នានេះ លោក វ៉ាន់ ពុទ្ធិពល នៅយប់ថ្ងៃដដែលនោះ បានបង្ហោះនូវលើ Facebook របស់លោកដោយសរសេរថា «ថ្ងៃ​នេះ​ថ្នាក់​លើ​ប្រើ​ទៅ​ឲ្យ​ប្រមូល ​គោ​បញ្ជូល​ក្រោល​ដើម្បី​ថែរក្សា​ឲ្យ​គត់​មត់​។​ គោ​មួយ​ចំនួន​ធំ​ បាន​ចូល​ក្រោល​ត្រឹមត្រូវ​ វៀរ​លែង​តែ​ អា​ពាល​ អា​ត្នោត​ និង​ អា​ទែក​ វា​ធ្លាប់​តែ​នៅ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅ​ក្រៅ​ ដើរ​ជាន់​ដំណាំ​ ស៊ី​ដំណាំ​អ្នក​ស្រុក​ កៀច​មិន​ព្រម​ចូល​ក្រោល​។​មិន​ត្រឹម​តែ​កៀច​វា​ចង់​ជល់​ហើយ​ធាក់​ខ្ញុំ​ទៀត​សុំ​សួរ​ប្រិយមិត្ត​ តើ​អា​៣ក្បាល​ហ្នឹង​ សម​នឹង​ចាក់​កន្លុះ​ឲ្យ​តឹង​ ហើយ​សំពង​នឹង​ទំពក់​រនាស់​ឲ្យ​បាក់​លោង​ទេ​ ?​ សើច​ !​»។

ពាក្យពេចន៍របស់លោក វ៉ាន់ ពុទ្ធិពល សរសេរលើ Facebook យ៉ាងដូច្នេះបានធ្វើឲ្យគណៈមេធាវីប្រតិកម្ម និងបានចេញសេចក្តីជូនដំណឹងមួយ នៅថ្ងៃទី០៤ ខែសីហានេះ ដោយកោះប្រជុំគណៈមេធាវី ជាបន្ទាន់មួយដើម្បីពិភាក្សាលើរបៀបវារៈ ចំនួន២ គឺ ទី១៖ ពិនិត្យ និងពិភាក្សាលើបញ្ហានៃការបង់ពន្ធរបស់មេធាវី និងទីពិនិត្យ និងពិភាក្សា លើការវាយប្រហារលើមេធាវី របស់លោក វ៉ាន់ ពុទ្ធិពល តំណាងអគ្គនាយកដ្ឋានពន្ធដារ។

ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើ មិនអាចទាក់ទងសុំ ការពន្យល់ពី លោក វ៉ាន់ ពុទ្ធិពល អគ្គនាយករង អគ្គនាយកដ្ឋានពន្ធដារ បាននៅឡើយទេ៕

 

 

 

 

Leave a Reply

(*) Required, Your email will not be published