ប្រជាពលរដ្ឋ​ប្រមាណ​២​លាន​នាក់ នឹងត្រូវ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី បើតាម​ការប៉ាន់ស្មានរ​បស់ គ​.​ជ​.​ប​

, , Leave a comment

​រាជធានី​ភ្នំពេញ : គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅថា គ​.​ជ​.​ប បាន​ប៉ាន់​ស្មានថា មាន​ប្រជាពលរដ្ឋ​ប្រមាណ​២​លាន​នាក់ នឹងត្រូវ​ចុះឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧​នេះ។ ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី ប្រចាំឆ្នាំ​២០១៧ នឹងធ្វើ​ឡើង​ពី​ថ្ងៃទី​១ ខែកញ្ញា ដល់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ ដោយឡែក​ចំពោះ​អ្នក​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៦ រួចហើយ គឺ​មិនចាំបាច់​ទៅ​ចុះឈ្មោះ​បោះឆ្នោត ជាថ្មី​ម្តង​ទៀតឡើយ​។​

ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី គ​.​ជ​.​ប និង​ភាគី​ពាក់ព័ន្ធ​ស្ដីអំពី​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ អ្នកបោះឆ្នោត កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៧ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ក្នុង​រាជធានី​ភ្នំពេញ លោក គួ​យ ប៊ុន​រឿន អនុប្រធាន គ​.​ជ​.​ប បាន​លើកឡើងថា មាន​ពលរដ្ឋ​បី​ក្រុម ដែល គ​.​ជ​.​ប កំណត់​ជា​អ្នក​ត្រូវ​ចុះឈ្មោះ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧​នេះ​។ នោះ​គឺ​ក្រុម​ពលរដ្ឋ ទើប​គ្រប់​អាយុ​បោះឆ្នោត គិតដល់​ថ្ងៃ​បោះឆ្នោត ពលរដ្ឋ​គ្រប់​អាយុ​ហើយ តែ​មិនបាន​ចុះឈ្មោះ​កាលពី​ឆ្នាំ​២០១៦ និង​ពលរដ្ឋ​បាន​ចុះឈ្មោះ​ហើយ តែ​ចង់​ចុះឈ្មោះ​ម្ដងទៀត បន្ទាប់ពី​បាន​ផ្លាស់ប្ដូរ​ទីលំនៅ​។​

លោក គួ​យ ប៊ុន​រឿន ក៏បាន​លើកឡើងថា ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ទូទាំងប្រទេស​ឡើងវិញ កាលពី​ឆ្នាំ​២០១៦ គជប បាន​ប៉ាន់ប្រមាណ​ថា មាន​ពលរដ្ឋ​គ្រប់​អាយុ តែ​មិនបាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​មាន​ប្រហែល​១​លាន​នាក់ ដែល​ក្នុងនោះ​ជា​ប្រជាពលរដ្ឋ ទើប​គ្រប់​អាយុ​គិត​ត្រឹម​ថ្ងៃ​បោះឆ្នោត​ឃុំ​សង្កាត់ ថ្ងៃទី​៤​មិថុនា ឆ្នាំ​២០១៧ ប្រហែល​ជិត​៥០​ម៉ឺន​នាក់ និង​ប្រជាពលរដ្ឋ​ផ្លាស់ប្ដូរ​ទីលំនៅ​មាន​ប្រហែល​ជាង​៦០​ម៉ឺន​នាក់​។​

ប្រតិទិន​របស់ គ​.​ជ​.​ប បាន​បង្ហាញថា ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៧ ដល់​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ចុះឈ្មោះ​អ្នកបោះឆ្នោត​ប្រចាំឆ្នាំ​២០១៧ ដើម្បី​ឈានដល់​ការបោះឆ្នោត​តំណាងរាស្ត្រ អាណត្តិ​ទី​៦ នា​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ​។​

 

​សូមបញ្ជាក់ថា បញ្ជី​បោះឆ្នោត កាលពី​ឆ្នាំ​២០១៦ ត្រូវបាន គ​.​ជ​.​ប ប្រកាសថា មាន​អ្នក​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ដែល​ចុះ​ដោយ​កុំ​ព្យួ​ទ័​រ ចំនួន​សរុប ៧ ៨៦៥ ០៣៣​នាក់​៕

 

Leave a Reply

(*) Required, Your email will not be published