រាជធានីភ្នំពេញ : រឿងរ៉ាវនៃការប្តឹងផ្តល់គ្នា របស់តារាចម្រៀង វ៉ាន់ នីឡា លោកគុយ សិទ្ធិស័ក្ដ ជាអតីតសង្សារនិងសង្សារបង្ហោះរូបអាក្រាតធ្វើឲ្យនាងរងការអាម៉ាស់ ឡើងផ្អើលគ្រប់ទីកន្លែង តែជនដែលបានបង្ករឿងនៅតែមានសេរីភាព ហើយសូម្បីតែតុលាការក៏បានត្រឹមកោះហៅៗ ក្នុងពេលភាគីជាជនបង្កជាកូនអ្នកមានអំណាច រហូតមកដល់ពេលនេះជិត១មួយឆ្នាំហើយ ដែលហាក់គ្មានពន្លឺបន្តិចសោះឡើយ។
ជាក់ស្តែងកាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៧ សាលាដំបូងរាជធានីភ្នំពេញបើកសវនាការជំនុំជម្រះរឿងក្តីជនជាប់ចោទ គុយ សិទ្ធិសក្តិ កូនប្រុសលោក គុយ ប៊ុនសន អតីតអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ជាមួយកញ្ញាវ៉ាន់ នីឡា ដោយអវត្តមានជនជាប់ចោទ និងដើមបណ្ដឹងរដ្ឋប្បវេណី។
ក្រោយការសួរដេញដោល លោក កោ វណ្ឌី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ បានលើកពេលប្រកាសសាលក្រមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះវិញ ។ មជ្ឈដ្ឋានមួយចំនួនរង់ចាំមើលថា តើជោគវាសនាជនជាប់ចោទ គុយ សិទ្ធិសក្តិ នឹងត្រូវតុលាការសម្រេចយ៉ាងណា។
ជនជាប់ចោទ គុយ សិទ្ធិសក្តិ ត្រូវបានចោទប្រកាន់ពីបទ «ហិង្សាដោយចេតនានិងចែកចាយរូបភាពអាសអាភាស» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ តាមមាត្រា២១៧នៃក្រមព្រហ្មទណ្ឌ និង មាត្រា៣៨ និងមាត្រា៣៩ ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ។
ទោះបីអវត្តមានជនជាប់ចោទ គុយ សិទ្ធិសក្តិ ក្នុងពេលសវនាការក៏ដោយ ក្រឡាបញ្ជីសវនាការបានអានចម្លើយរបស់គុយ សិទ្ធិសក្តិ នៅដំណាក់កាលចៅក្រមស៊ើបសួរ ដោយបញ្ជាក់ថា គុយ សិទ្ធិសក្តិ បានស្គាល់ សុខ ចិន្តា ហៅ វ៉ាន់ នីឡា តាមហ្វេសប៊ុកកាលពីឆ្នាំ២០១៤ហើយដល់ឆ្នាំ២០១៥ បានស្រលាញ់គ្នាហើយក៏បាននាំទៅលេងផ្ទះនិងជួបប៉ាម៉ាក់។ចំណែករឿងដែលចោទថា គុយ សិទ្ធិសក្តិ បង្ហោះរូបអាសអាភាស គឺជនជាប់ចោទមិនបានដឹងទេ និងសុំឲ្យតុលាការជួយរកយុត្តិធម៌។
ដោយឡែកលោក នួន បូរ៉ា មេធាវីការពារសិទ្ធិឲ្យដើមបណ្តឹងបាននិយាយនៅពេលសវនាការថា កាលពីថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០១៦ លោក គុយ សិទ្ធិសក្តិ និង ដើមបណ្តឹង សុខ ចិន្តា ហៅ វ៉ាន់ លីឡា បានឈ្លោះគ្នាហើយ គុយ សិទ្ធិសក្តិ បានវាយ វ៉ាន់ នីឡា ។ ពេលនោះជនរងគ្រោះ បានបើកឡានចេញឲ្យគេជួយ ហើយពេលនោះ គុយ សិទ្ធិសក្តិ បានបើកឡានរបស់ជនរងគ្រោះចេញទៅ ហើយនៅក្នុងឡាននោះក៏មានកាបូបទូរស័ព្ទរបស់ជនរងគ្រោះផងដែរដោយរយៈពេល ជិត១០ថ្ងៃ ទើបគុយ សិទ្ធិសក្តិ បានយកមកប្រគល់ឲ្យវ៉ាន់ នីឡា វិញ។
លោកមេធាវី បន្តថា ចំណែករូបដែលបានបង្ហោះនោះគឺដោយសារតែការស្រលាញ់គ្នានិងគិតថា បានគ្នាជាប្តីប្រពន្ធទើបមានការថតផ្ញើឲ្យគ្នាមើលដោយសារតែ គុយ សិទ្ធិសក្តិនៅរៀនឯបរទេស។ក្នុងរឿងក្ដីនេះ ដើមបណ្ដឹងរដ្ឋប្បវេណីទាមទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារ។
លោក សេង ហៀង ជាតំណាងអយ្យការ នៅតែសន្និដ្ឋានរក្សាបទចោទប្រកាន់លើជនជាប់ចោទ គុយ សិទ្ធិសក្តិ ដដែល ហើយស្នើតុលាការសម្រេចតាមច្បាប់៕
