ខេត្តសៀមរាប ៖ កាលពីយប់ថ្ងៃសៅរ៍ ទី២២ ខែកក្កដា ឆ្នាំ២០១៧ ក្មេងស្រីអាយុ១០ឆ្នាំម្នាក់ ជាជនជាតិចិន ត្រូវបានសមត្ថកិច្ចរាយការណ៍ថា បានលង់ទឹកស្លាប់ នៅអាង ហែលទឹក ស្ថិតនៅក្នុងសណ្ឋាគារ «លីន រតនៈអង្គរ»ស្ថិតនៅក្រុមទី៧ ភូមិ-សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប។ ខណៈដែលឪពុកម្តាយ បានចូលមកទៅស្នាក់ទីនោះ បង្កឱ្យមានការភ្ញាក់ផ្អើល ប៉ុន្តែត្រូវបានបិទបាំងជាមួយអ្នកព័ត៌មានមិនឱ្យចូលទៅថត ហើយនៅពេលនេះគេមិនទាន់ដឹងថា ខាងម្ចាស់សណ្ឋាគារ ត្រូវចេញសំណងដល់ក្រុមគ្រួសារសពជនបរទេសយ៉ាងណានោះទេ ?។
ប្រភពបានប្រាប់ថា ក្មេងស្រីរងគ្រោះស្លាប់នោះមានឈ្មោះ Meng Lina ភេទស្រី អាយុ១០ឆ្នាំ ជនជាតិចិនចូលមកស្នាក់នៅក្នុងសណ្ឋាគារ «លីន រតនអង្គរ» ជាភ្ញៀវទេសចរណ៍។នេះជាការធ្វេសប្រហែស របស់ម្ចាស់សណ្ឋាគារ និង បុគ្គលិកផ្នែកមើលការខុសត្រូវ នៅខាងអាងហែលទឹកនោះ ព្រោះក្នុងអាងទឹកនោះវាមានជម្រៅជ្រៅ គួរតែមានអ្នកប្រចាំការនៅទីនោះផងដែរ ទើបមិនអាចមានករណីកើតឡើងរបៀបនេះ។
បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានប្រាប់ថា មុនពេលកើតហេតុ ត្រូវបានខាងម្ចាស់សណ្ឋាគារ បានបិតបាំងមិនបានផ្តល់ព័ត៌មានឱ្យសមត្ថកិច្ចយើងនោះទេ កុំតែមានការភ្ញាក់ផ្អើលពេញសណ្ឋាគារ ទើបសមត្ថកិច្ចដឹង និងសុំគោលការណ៍ពីថ្នាក់លើ និងព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប ដើម្បីចូលទៅពិនិត្យសាកសព ប៉ុន្តែត្រូវបានបុគ្គលិកសណ្ឋាគារ ដឹកតាមរថយន្តរបស់សណ្ឋាគារយកជនរងគ្រោះទៅបាត់ហើយ។
បច្ចុប្បន្នសាកសពបានតម្កល់ទុកនៅមន្ទីពេទ្យរ៉ូយ៉ាល់ ដើម្បីប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ គេទន្ទឹងរង់ចាំមើលថា តើម្ចាស់សណ្ឋាគារ អាចគេចផុតពីសំណាញ់ច្បាប់ដែរឬទេ ប្រសិនបើមិនទទួលការខុសត្រូវចំពោះជនរងគ្រោះដែលជាភ្ញៀវបរទេសបែបនេះ៕
ករណីខាងលើ មិនអាចទាក់ទងសុំពន្យល់ ពីម្ចាស់សណ្ឋាគារ «លីន រតនៈអង្គរ»បាននៅឡើយទេ៕