សម្តេច​ហ៊ុនសែន បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្តកំពង់ធំ ធ្វើ​ផ្លូវ​នៅ​តំបន់​ប្រាសាទសំបូរព្រៃគុក​

, , Leave a comment

រាជធានី​ភ្នំពេញ : ក្នុង​ពិធី​អបអរសាទរ​ការដាក់​ប្រាសាទសំបូរព្រៃគុក ចូលក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នា​ព្រលប់​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​រាជធានី​ភ្នំពេញ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្តកំពង់ធំ ធ្វើ​ផ្លូវ​នៅ​តំបន់​ប្រាសាទសំបូរព្រៃគុក​។ ប្រាសាទសំបូរព្រៃគុក ត្រូវបាន​អង្គការ​យូណេស្កូ ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នា​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០១៧ ក្នុង​កិច្ចប្រជុំ​នៅ​ប្រទេស​ប៉ូឡូញ​។​

 

​ចំពោះមុខ​អ្នកចូលរួម​មិនតិចជាង​១​ម៉ឺន​នាក់ ហើយ​ផ្សាយ​ផ្ទាល់​តាម​គ្រប់​ទូរទស្សន៍​ក្នុងស្រុក នា​យប់​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧ សម្តេច​ហ៊ុនសែន បានប្រកាស​ឲ្យ​អាជ្ញាធរ​ខេត្តកំពង់ធំ ធ្វើ​ផ្លូវ​សម្រាប់​ចរាចរណ៍ និង​ដឹកទំនិញ វៀង​ចេញពី​ប្រាសាទសំបូរព្រៃគុក ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ប្រាសាទ​ដ៏​ចំណាស់​នេះ​។ ក្នុងនោះ អាជ្ញាធរ​ខេត្តកំពង់ធំ ក៏ត្រូវ​ធ្វើ​ផ្លូវ​ឲ្យ​ល្អ​ស្អាត សម្រាប់អ្នកទេសចរ​ផងដែរ​។​

 

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ក៏បាន​ប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ឲ្យ​ថែរក្សា​សន្តិភាព ដែល​ប្រទេស​កម្ពុជា​យើង រកបាន​ដោយ​កម្រ​។ ក្នុងនោះ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​អំពាវនាវ​ដល់​អង្គការ​យូណេស្កូ ឲ្យ​បន្ត​គាំទ្រ​កម្ពុជា និង​ផ្តល់ជំនួយ​សព្វបែបយ៉ាង ដើម្បី​អភិរក្ស និង​អភិវឌ្ឍន៍​ប្រាសាទសំបូរព្រៃគុក ក៏ដូចជា ប្រាសាទព្រះវិហារ និង​ប្រាសាទអង្គរវត្ត រួមទាំង​ប្រាសាទ​បូរាណ​ជាច្រើន​ផ្សេងទៀត ដែលជា​កេរ្តិ៍ដំណែល​របស់​បុព្វបុរស​ជំនាន់​ដើម​៕

 

Leave a Reply

(*) Required, Your email will not be published