ស្ត្រី​ម៉ាស្សា និង​ការ​រួមភេទ​

, , Leave a comment

​រាជធានី​ភ្នំពេញ : មិន​ខុសពី​នារី​ប្រមាណ​ជា​៥០​នាក់​ផ្សេងទៀត​ទេ នាង​ម៉ី​ម៉ី [​ឈ្មោះ​ការី​និពន្ធ​សារព័ត៌​មានកំណើត​ថ្មី​ដាក់​ឲ្យ​ដើម្បី​រក្សា​តម្លៃ​] កំពុង​រង់ចាំ​បុរសៗ​មក​ជ្រើស​រើសយក​ឲ្យ​ទៅធ្វើ​សរសៃ (​ម៉ាស្សា​) នៅក្នុង​បន្ទប់​មួយ​ដោយឡែក​។ ដើម្បី​ជាការ​ងាយស្រួល​ដល់​បុរសៗ ក្នុងការ​ជ្រើស​រើសយក នាង​ម៉ី​ម៉ី និង​នារី​ដទៃទៀត​ត្រូវបាន​ថៅកែ​តម្រូវ​ឲ្យ​ពាក់​ស្លាក​លេខ​សម្គាល់​ខ្លួន​។ ទាំង នាង​ម៉ី​ម៉ី និង​នារី​ដទៃទៀត​បាន​ស្លៀកសំពត់ និង​ខោខ្លី និង​អាវ​ស្តើងៗ​បញ្ចេញ​ដើមទ្រូង ដោយ​អង្គុយ​តម្រៀប​គ្នា​ជា​ជួរ​តាម​ថ្នាក់ៗ រង់ចាំ​អតិថិជន​ក្នុង​បន្ទប់​មួយ​បំភ្លឺ​ដោយ​ភ្លើងពណ៌​លឿង​ឆ្លុះ​នឹង​សាច់​ក្នុង​ហាង​ម៉ាស្សា​ខារ៉ាអូខេ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​។​

«​រាល់ថ្ងៃ​គឺ ពិបាក​រកលុយ​ណាស់​។ មិន​ដូច​មុន​ទេ ព្រោះ​ឥឡូវ ខ្ញុំ​ក៏​កាន់តែ​ជ្រេ​ដែរ​ហើយ​» នេះ​ជា​សម្ដី​របស់ នាង​ម៉ី ដែល​ប្រក​បរបរ​ម៉ាស្សា​អស់​រយៈពេល​ជិត​៥​ឆ្នាំ មកហើយ​។ ឆ្នាំនេះ នាង​ម៉ី​ម៉ី មាន​វ័យ​៣០​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ ហើយ​មានកូន​ពីរ​នាក់​រស់នៅ​ជាមួយ​ជីដូន​នៅឯ​ខេត្តកំពុងធំ​។ ដោយនិយាយ​មិន​លាក់លៀម នាង​ម៉ី​ម៉ី បាន​បង្ហើប​ឲ្យ​ដឹងថា ថៅកែ​បានគិត​តម្លៃ​៦​ដុល្លារ ពី​ភ្ញៀវ​សម្រាប់​ម៉ាស្សា​ក្នុង​មួយ​ម៉ោង ហើយ​រូបនាង​បានតែ​២​ដុល្លារ​ប៉ុណ្ណោះ​។ នាង​បាន​បញ្ជាក់ថា ការធ្វើការ​ពី​ម៉ោង​១១:៣០ ថ្ងៃ រហូត​ម៉ោង​១១ យប់​ជា​រៀងរាល់ថ្ងៃ ជាទូទៅ​នាង​មាន​ភ្ញៀវ​ចន្លោះ​ពី​៣ ទៅ​៧ នាក់ និង​ថ្ងៃ​ខ្លះ​១០ នាក់​ក៏មានដែរ​។​

​នាង​ម៉ី​ម៉ី និយាយថា «​តាមពិត​លុយ​បានមកពី​ម៉ាស្សា​មិន​ប៉ុន្មាន​ទេ តែ​បានមកពី​ការ​ដេក​ជាមួយ​ភ្ញៀវ​។ ប្រុសៗ​មក​ទីនេះ​ភាគច្រើន​ស្រវឹង ហើយ​មិនមែន​មក​រកតែ​ម៉ាស្សា​ទេ គឺ​មក​រួមភេទ​»​។ នាង​ម៉ី​បាន​និយាយ​ត្រង់ៗ​ថា នាង​គិតពី​ភ្ញៀវ​ពី ២០ ទៅ​៥០​ដុល្លារ ក្នុងការ​រួមភេទ​ម្ដង ប៉ុន្តែ​ភាគច្រើន​បាន​ពី​២០ ទៅ​៣០ ដុល្លារ​ទេ ហើយ​ក្នុង​មួយថ្ងៃ​នាង​អាច​ដេក​ជាមួយ​ភ្ញៀវ​បាន​ពី​បី​ទៅ​ប្រាំ​នាក់ ដូចនេះ​នាង​អាច​រកបាន យ៉ាងហោចណាស់​១០០​ដុល្លារ​ក្នុង​មួយថ្ងៃ​។ ថ្វីត្បិតតែ​នាង​បម្រើសេវា​ផ្លូវភេទ​ក៏ដោយ ក៏​នាង​ម៉ី បាន​អះអាងថា នាង​តែងតែ​ប្រើ​ស្រោមអនាម័យ​ជានិច្ច​នៅពេល​រួមភេទ​ម្តងៗ តែ​ថា ក៏​នៅមាន​បុរស​ខ្លះ​សុំ​មិន​ប្រើ​ស្រោម​ដែរ តែ​នាង​មិន​ព្រម ព្រោះ​ខ្លាច​ឆ្លង​មេរោគ​អេដស៍​។​

​នាង​បាន​បន្តថា «​អ្វីដែល​ខ្ញុំ​ខ្លាច​គឺ​វ័យ​របស់ខ្ញុំ​កាន់តែ​ចាស់​សម្រស់​កាន់តែ​អន់ និង​មាន​កម្លាំង​ខ្សោយ​មិន​ដូច​មុន ដែល​ប្រុសៗ​មិនត្រូវ​ការ​»​។ នៅពេលដែល​សួរថា តើ​នាង​ខ្លាច​នគរបាល​ចាប់​ទេពី​ការប្រកប​របរ​នេះ នាង​បាន​ឆ្លើយ​យ៉ាង​រហ័ស​ថា «​ខ្លាច​ដែរ តែមាន​ថៅកែ​ជួយ​ការពារ​ហើយ​។ បើ​មាន​ប៉ូលិស​មក​ចាប់​មាន​គេ​ប្រាប់​ឲ្យ​ដឹង​មុន​»​។​

​នាង​ម៉ី​ម៉ី គឺជា​នារី​ម្នាក់​ក្នុងចំណោម​នារី​រាប់ម៉ឺន​នាក់​ដែល​បម្រើការ​នៅ​គ្រឹះស្ថាន​កម្សាន្ត​សប្បាយ ដែល គ្រឹះស្ថាន​នោះ​រួមមាន ហាង​ម៉ាស្សា ហាង​កោសខ្យល់ ហាង​ខារ៉ាអូខេ បៀរហ្គាឌិន រង្គសាល ក្លឹប​រាត្រី និង​កន្លែង​ផឹកស៊ី​រាំច្រៀង​ជាច្រើន​ទៀត​នៅ​ទូទាំងប្រទេស​៕

 

 

Leave a Reply

(*) Required, Your email will not be published