រាជធានីភ្នំពេញ : សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការភ្ញាក់ផ្អើលមួយខណៈស្ត្រីជាថៅកែនំម្នាក់បានធ្វើដំណើរមកលើស្ពានជ្រោយចង្វារ ប៉ងលោតទឹកទន្លេសម្លាប់ខ្លួន តែមិនសម្រេចនោះទេ ព្រោះត្រូវអ្នកដំណើរជាសិស្សរត់មកជួយឃាត់ទាន់ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចលើស្ពានជ្រោយចង្វារផ្នែកខាងកើត ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយសារតែតូចចិត្តធ្លាក់ខ្លួនក្រពេក។
ប្រភពឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះហុង គន្ធា អាយុ៤៧ឆ្នាំ ជាអតីតថៅកែនំយីហោ «ហុង អ៊ីនហ្វុង» នៅម្តុំផ្សារដើមគរ សព្វថ្ងៃស្នាក់នៅផ្ទះជួលជិតផ្សារចាស់ មានប្តីជាមន្ត្រីអាវុធហត្ថ និងមានកូន៥នាក់។ បើតាមការអះអាងពីស្ត្រីរងគ្រោះ បន្ទាប់ឃាត់ហើយនាំយកមកសួរនាំទើបដឹងថា រូបគាត់តូចចិត្តនិងវាសនាខ្លួនឯងណាស់ ដែលពីមុន គាត់ជាថៅកែនំម្នាក់ តែអភ័ព្វដោយសារត្រូវប្តី បានបំផ្លាញទ្រព្យទៅលេងល្បែងស៊ីសងក្នុងណាហ្គា ។ ចំណែកកូន ក៏ធ្វើបាបផ្លូវចិត្តទៀត ហើយសព្វថ្ងៃ គាត់អស់ទ្រព្យសម្បត្តិរលីងហើយ ដោយធ្លាក់ខ្លួនទៅស៊ីឈ្នួលលាងចានឱ្យបងប្អូន ។ ដូច្នេះ គាត់ខូចចិត្តដោះស្រាយវាសនាខ្លួនឯងលែងចេញ ទើបសម្រេចចិត្តមកបញ្ចប់ជីវិតតែម្តងទៅ៕
