តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ប្រជុំពិភាក្សា និង​អនុម័ត​លើ​ការកែប្រែ​ច្បាប់​គណបក្សនយោបាយ ខណៈដែល​សមាសភាព​គ​ណ​បក្សប្រឆាំង​ធ្វើពហិកា​

, , Leave a comment

​រាជធានី​ភ្នំពេញ : អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​៦៦​រូប បាន​ចូលរួម​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីស្នើច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​គណបក្សនយោបាយ នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​១០ ខែកក្កដា ឆ្នាំ​២០១៧​។ កិច្ចប្រជុំ​រដ្ឋសភា នា​ព្រឹក​នេះ មិនមាន​វត្តមាន​រប​ស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ​។​

​បន្ទាប់ពី​ប្រជុំពិភាក្សា​ជាង ១​ម៉ោង រួចមក តំណាងរាស្ត្រ​ទាំង ៦៦ រូប បាន​លើកដៃ​អនុម័ត​ដោយ​ឯកច្ឆ័ន្ទ​លើ​សេចក្តីស្នើច្បាប់ ស្តីពី វិសោធនកម្ម​ច្បាប់ ស្តីពី គណបក្សនយោបាយ ដោយ​គ្មាន​ការកែប្រែ​អ្វី​ឡើយ​។ អ្នកតំណាងរាស្ត្រ ៤១ រូប របស់​គណបក្ស​ប្រជាជន​កម្ពុជា បានរៀបចំ​សេចក្តីស្នើច្បាប់ ស្តីពី វិសោធនកម្ម​ច្បាប់ ស្តីពី គណបក្សនយោបាយ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម ចុះ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​១៩៩៧ និង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី គណបក្សនយោបាយ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម ចុះ​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០១៧​។​

 

​ច្បាប់​ស្តីពី​គណបក្សនយោបាយ ត្រូវបាន​ស្នើ​ធ្វើ​វិសោធនកម្ម លើ​មាត្រា ៦​ថ្មី មាត្រា ១១ និង​មាត្រា ៤៤​ថ្មី ដោយ​កែប្រែ និង​ត្រូវ​បន្ថែម មាត្រា ៤៥ ថ្មី ( ស្ទួន ) និង​មាត្រា ៤៨​ថ្មី ( ស្ទួន )។

 

​ក្នុងនោះ នៅ​មាត្រា ៦ ថ្មី ( ពីរ ) បាន​កំណត់ថា គ្រប់​គណបក្សនយោបាយ មិន​ត្រូវធ្វើ​សកម្មភាព ដោយបាន​បន្ថែម ៣ ចំណុច គឺ​នៅ​ចំណុច​ទី​៦-​បានកំណត់​ហាម​មិន​ឲ្យ​គណបក្សនយោបាយ “​ប្រើប្រាស់​សារ​ជា​សំឡេង រូបភាព ឯកសារ​ជា​លាយលក្ខណ៍អក្សរ ឬ​សកម្មភាព​របស់​ទណ្ឌិត​ជាប់ទោស​ពីបទ​ឧក្រិដ្ឋ ឬ​ពីបទ​ម​ជ្ឈឹ​ម ដើម្បី​ជា​ផលប្រយោជន៍​នយោបាយ សម្រាប់​គណបក្ស​របស់​ខ្លួន​”​។ ចំណុច​ទី​៧- កំណត់ថា “​យល់ព្រម​ដោយ​ចំហរ ឬ​ដោយ​តុណ្ហីភាព ឬ​ឃុបឃិត​ជាមួយ​ទណ្ឌិត​ជាប់ទោស​ពីបទ​ឧក្រិដ្ឋ ឬ​ពីបទ​ម​ជ្ឈឹ​ម ឲ្យ​ធ្វើ​សកម្មភាព​ណាមួយ ដើម្បី​ជា​ផលប្រយោជន៍​នយោបាយ សម្រាប់​គណបក្សនយោបាយ​របស់ខ្លួន​”​។ ចំណុច​ទី​៨-​កំណត់ថា “​គាំទ្រ ឬ​រៀបចំ​ផែនការ ឬ​ឃុបឃិត​ជាមួយ​រាល់​បុគ្គល ដែល​ធ្វើ​សកម្មភាព​ក្នុង​គោលបំណង​ប្រឆាំងនឹង​ផលប្រយោជន៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដូច​មានចែង​ពី​ចំណុច​ទី​១ ដល់​ចំណុច​ទី​៥ ខាងលើ​”​។​

 

​ចំណែក​មាត្រា ៤៤ ថ្មី ( ពីរ ) បាន​កំណត់ថា “​ដោយ​មិនទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត គណបក្សនយោបាយ ដែល​បាន​ប្រព្រឹត្តល្មើស​នឹង​មាត្រា ៦​ថ្មី ( ពីរ ) នៃ​ច្បាប់​នេះ និង​មាត្រា​៧ នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ តុលាការ​អាច​សម្រេច​ដូចខាងក្រោម​៖ ផ្អាក​សកម្មភាព​គណបក្ស​នយោបាយ​នោះ មិន​លើសពី ៥ ឆ្នាំ​។ រំលាយ​គណបក្សនយោបាយ​នោះ​”​។​

 

​រីឯ​មាត្រា ៤៥ ថ្មី ( ស្ទួន ) បាន​កំណត់ថា “​គណបក្សនយោបាយ ដែល​បានសម្រេច​ផ្អាក​សកម្មភាព មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ឡើយ​។ ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះឆ្នោត ក្នុងករណី ដែល​គណបក្សនយោបាយ​នោះ ត្រូវបាន​សម្រេច​ផ្អាក​សកម្មភាព ឬ​ត្រូវបាន​សម្រេច​រំលាយ ស្របតាម​ច្បាប់​នេះ​”​។​

Image may contain: 7 people, people sitting and indoor

​ជាមួយគ្នា​នោះ មាត្រា ៤៨ ថ្មី ( ស្ទួន ) បាន​កំណត់ថា “​ចំពោះ​គណបក្សនយោបាយ​ណា ដែលមាន​ឈ្មោះ ឬ​សញ្ញា​សម្គាល់​របស់​គណបក្ស​ជា​ឈ្មោះ ឬ​រូបភាព​របស់​រូបវ័ន្ត​បុគ្គល ត្រូវធ្វើ​ការផ្លាស់ប្តូរ​ឈ្មោះ ឬ​សញ្ញា​សម្គាល់ ឲ្យ​ស្របតាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​នេះ ក្នុង​រយៈពេល ៩០ ថ្ងៃ យ៉ាងយូរ គិត​ចាប់​ពីថ្ងៃ ដែល​ច្បាប់​នេះ ចូល​ជា​ធរមាន​”​។​

 

​កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៧ រដ្ឋសភា បាន​កែប្រែ​ម្តងមកហើយ​លើ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដោយបាន​កំណត់​មិន​ឲ្យ​ទណ្ឌិត មានឈ្មោះ​ជា​ប្រធាន អនុប្រធាន និង​សមាជិក​គណៈកម្មការ​នា​យក​របស់​គណបក្ស​ន​យោ​បា​ណាមួយ​ទេ​។ ពោលគឺ​ជាការ​កំណត់​មិន​ឲ្យ​លោក​សមរង្ស៊ី ធ្វើជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​។​

 

​ដោយឡែក នៅពេលនេះ គឺជា​ការកំណត់​មិន​ឲ្យ​ប្រើប្រាស់​រូបថត ឈ្មោះ សារ​ជា​សំឡេង​របស់​ទណ្ឌិត នៅក្នុង​គណបក្សនយោបាយ​ណាមួយ​ឡើយ​។ នេះ​គឺជា​ការកំណត់​ថ្មី​ទៀត មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ប្រើប្រាស់​រូបថត ឈ្មោះ និង​សារ​ជា​សំឡេង​របស់លោក​សមរ​ង្ស៊ី សម្រាប់​ការឃោសនាបោះឆ្នោត​នោះឡើយ​៕

 

 

Leave a Reply

(*) Required, Your email will not be published