ពីង រ៉ូ​ហ្សា ខ្លាចរ​ការ​ដែក​

, , Leave a comment

​រាជធានី​ភ្នំពេញ : អាច​ចាត់ទុកថា ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ នៅពេលដែល​មហាជន​បានដឹង និង​ឮ​ពី​រឿង​របស់​តារា​សម្ដែង ល្បីឈ្មោះ​បង្គួរ​មួយ​ដួង គឺ​កញ្ញា ពីង រ៉ូ​ហ្សា ដែល​បានប្រកែក​យ៉ាង​ដាច់ខាត​ថា មិន​ហ៊ាន​ប្រថុយ​ស្នេហ៍ ជាមួយ​ប្រុស​អ្នកមាន ព្រោះតែ​នាង​ខ្លាច​ប៉ះចំ​ប្ដី​គេ នាំ​តែ​ដំបៅ​ទ្រូង ពោលគឺ​នាង​សុខចិត្ត​នៅ​ទំនេរ ល្អ​ជាង ទៅ​ជាប់​ពាក់ព័ន្ធ​ជាមួយ​រឿង​ស្នេហា​ត្រីកោណ​។​

​តារា​សម្ដែង​វ័យក្មេង មាន​សម្រស់​ស្រស់ស្អាត ប្រៀប​បីដូច​ជា​បុប្ផា​ក្រពុំ កំពុង​ជះក្លិន​បញ្ច្រាស់​ខ្យល់​ធ្វើ​ឲ្យ​កន្លង់ៗ​ជាច្រើន ជ្រើម​ជ្រួល​តាម​ស្នេហ៍ កញ្ញា ពីង រ៉ូ​ហ្សា បាន​បង្ហើប​ថា បន្ទាប់ពី​នាង​ដាក់ចិត្ត​ដាក់​កាយ​បង្ហាញខ្លួន ក្នុង​សង្វៀន​សិល្បៈ​រួចមក ឃើញថា មាន​ប្រុសៗ​សម្បូរ​ទ្រព្យ​ស្ដុក​ជាច្រើន បាន​បុក​ទ្រ​គេច​ក្បាល​គ្នា តាម​ចោល​រោម​សុំ​ស្នេហ៍​នាង​ឥត​ដាច់ ដោយ​អ្នកខ្លះ​ថែមទាំង​ហ៊ាន​ចំណាយ ប្រាក់​ដុំ​ដុល្លារ​ជះ​មកលើ​ខ្លួន​នាង ជា​ថ្នូរ​នឹង​សេចក្ដីស្នេហា ចង់បាន​នាង​ធ្វើជា​កំណាន់ចិត្ត​ទៀតផង​។​

 

​ប៉ុន្តែ​សុំ​ណើ​រ​នេះ ត្រូវបាន​ស្រី​ស្រស់​សម្រស់​មាន​មន្ត​ស្នេហ៍ ពីង រ៉ូ​ហ្សា ច្រានចោល​ភ្លាមៗ ដោយ​អះអាងថា មិន​ហ៊ាន​យក​ខ្លួន ទៅ​ប្រឡូកប្រឡាក់ នឹង​ស្នេហា​មួយ​ចំអិន​កំ​ពិស​នេះ​ទេ ហើយក៏​មិន​ត្រូវការ​ស្នេហា​ពី​បុរស​អ្នកមាន ដែល​ចូលចិត្ត​ជះ​លុយ​ទាំង​ដុំៗ ទិញ​ស្នេហា​ដែរ ព្រោះ​ទៅ​ថ្ងៃ​អនាគត ខ្លាច​នាំ​ឲ្យ​មាន​ដំបៅ មាន​វិប្បដិសារី​អស់​មួយជីវិត ព្រោះតែ​ប៉ះចំ​លើ​ប្ដី​គេ ដែលជា​មិនមែន​បំណងប្រាថ្នា របស់​នាង​ឡើយ​។​

 

​ពីង រ៉ូ​ហ្សា បាន​ប្រាប់ថា បន្ទាប់ពី​ដណ្ដើមបាន​ភាពលេច​ធ្លោ នៅក្នុង​សួន​សិល្បៈ មានឈ្មោះ​ល្បី​គួរសម​រួចមក មាន​បុរសៗ អ្នកមាន​ជាច្រើន តាម​ក្រវែល​ថ្ពក់​ស្នេហ៍ ខណៈដែល​នាង បាន​ច្រានចោល​សំណើរ​ស្នេហ៍​បុរសៗ ទ្រព្យ​ស្ដុក​ជា​បន្តបន្ទាប់​។ នាង​គិតថា បុរសៗ​ទាំងនោះ​ហាក់​គ្មាន​បំណង​ពិតប្រាកដ​ជាមួយ​នាង​។ ម្យ៉ាងទៀត រឿង​ដៃគូ​ស្នេហា មិនអាច​សម្រេចចិត្ត ដោយ​ប្រថុយប្រថាន បានទេ គឺ​ត្រូវតែ​ម៉ត់ចត់​នឹង​ច្បាស់លាស់​។ ត្បិត​អី​នាង​ខ្លាច​ប៉ះ​បុរស ដែលមាន​ប្រពន្ធ​កូន​រួចហើយ​។ ណាមួយ​ការជ្រើសរើស​ដៃគូ​ស្នេហា​នាង មិន​សំឡឹង​ឃើញ​ទ្រព្យ​ជាធំ​នោះទេ ពោលគឺ​នាង​ចង់បាន​ស្នេហា​មួយ​និង​មួយ ហើយ​ច្បាស់លាស់ ពិត​ប្រក​ដ​តាម​គន្លង​ប្រពៃណី ដូច​ស្ដ្រី​ទូទៅ​ដែរ​។​

 

​តារា​សម្ដែង​សំបូរ​មន្ត​ស្នេហ៍​រយ​ពាន់ ពីង រ៉ូ​ហ្សា អះអាង​ទៀតថា នាង​ចង់​ផ្ដោតលើ​ការពង្រឹង​អាជីព​សិល្បៈ​ច្រើនជាង ខណៈដែល​មួយរយៈ​ចុងក្រោយ​នេះ នាង​ទទួលបាន ឱកាស​ថត​ភាពយន្ត ជា​បន្តបន្ទាប់ ដូច្នេះ​រឿង​ស្នេហា មិនសូវ​ទាន់​គិតគូ​ប៉ុន្មាន​ឡើយ​។​

 

​សូមបញ្ជាក់ថា កញ្ញា​ពីង រ៉ូ​ហ្សា ត្រូវបាន​គេ​ស្គាល់ តាមរយៈ​ការសម្ដែង​នៅ​ភាពយន្ត​មួយចំនួន ដូចជា​រឿង «​ណា​រ៉ូ​និង​សូ​ម៉ាលី​,​ម្ចាស់​ចម្ការ​,​ទឹកភ្នែក​ព្រោះ​សម្រស់​» និង​ភាពយន្ត​ជាច្រើន​ទៀត រួមទាំង​រឿង​អប់រំ​មួយចំនួន​។ នាង​ក៏មាន​វត្តមាន​ជា​ញឹកញាប់ នៅក្នុង​ក្រុម​បង្ហាញ​ម៉ូដ​របស់​ក្រុម​កញ្ញា ឌួង ហ្ស៊ូ​រី​ដា ផងដែរ ខណៈដែល​អំឡុង ពេលនេះ នាង​កំពុង​សម្រុក​ថត​ភាពយន្ត​៥​រឿង ព្រម​គ្នា​ទាំង​រឿង​ដុំ និង​រឿង​ភាគ ដែល​គេ​មើលឃើញ ថា​អាជីព​សិល្បៈ របស់​នាង​កំពុងតែ​ស្ទុះ​ឡើង លេចធ្លោ​គួរ​ឲ្យ​កត់សម្គាល់​។ ពេលនេះ នាង​កំពុង​ថត​ភាពយន្ត​៥​រឿង​ព្រម​គ្នា ដូចជា​រឿង «​រ៉ៃ​មាស​,​សំបុត្រ​ទុកចោល​,​ម្ចាស់​ចម្ការ​,​ម្ចាស់​សំបុត្រ​» និង​មួយ​រឿង​ទៀត សុំ​លាក់​ចំណងជើង​សិន​៕

 

Leave a Reply

(*) Required, Your email will not be published