រថយន្ត ​ក្រុមហ៊ុន​គា​ធី​ ក្រឡាប់​បះជើង ​ក្អួត​ចេញ​សុទ្ធតែ​ទំនិញ សង្ស័យ​គេចពន្ធ

, , Leave a comment

ខេត្តកោះកុង ៖ សេចក្តីរាយការណ៍បានអោយដឹងថា កាលពីព្រឹកព្រលឹមថ្ងៃទី ២៥ខែមិថុនាឆ្នាំ២០១៧ រថយន្តប្រភេទដឹកទំនិញសន្តោងកន្ទុយរ៉ឺម៉ក របស់ក្រុមហ៊ុន គា ធី ដែលដឹកទំនិញ ពីច្រកទ្វារអន្តរជាតិចាំយាម ឆ្ពោះទៅរាជធានីភ្នំពេញ

បានក្រឡាប់ដេកផ្អៀងនៅលើទ្រូងថ្នល់តែម្តង លើកំណាត់ផ្លូវជាតិលេខ 48 ត្រង់ចំណុចអន្ទង់អាំង ស្ថិតក្នុងភូមិជីមាលឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង ក្អួតចេញមក សុទ្ឋតែកង់រថយន្ត និង ភេសជ្ជៈគោជល់ដែលគេសង្ស័យថា ជាទំនិញគេចពន្ឋ។

 

តាមមន្ត្រីសមត្ថកិច្ចច្រកទ្វារចាំយាមបង្ហើបថា ក្រុមហ៊ុន គា ធី ដឹកទំនិញបង់ពន្ឋតិចតួចប៉ុណ្ណោះ ហើយត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចគយតាមបណ្តោយផ្លូវជាតិលេខ 48 ដូចជាកោះកុងមានឈរជើងនៅ ចាំយាម អណ្តូងទឹក ស្រែអំបិល និង គយចល័តតំបន់ ដែលឈរជើងនៅផ្លូវបំបែកស្រែអំបិលលើកំណាត់ផ្លូវជាតិលេខ4 ។ ជាពិសេសជាងនេះក្រុមហ៊ុន គាធី លួចដឹកតែទំនិញដែលជារបស់ក្រុមហ៊ុន មានកម្មសិទ្ឋបញ្ញាផ្តាច់មុខប៉ុណ្ណោះ ជាក់ស្តែងដូចជា ករណីរថយន្តក្រឡាប់នាពេលនេះ គឺក្អួតចេញមក សុទ្ឋតែកង់រថយន្ត និង ភេសជ្ជៈគោជល់ ដែលមានក្រហ៊ុនផ្តាច់មុខនៅក្នុងរាជធានីភ្នំពេញទាំងអស់ ។

 

ប្រភពខាងលើអះអាងទៀតថា ការប្រកបរបរលួចដឹកទំនិញដែលមានក្រុមហ៊ុនផ្តាច់មុខបែបនេះកាក់កបរាប់សិបឆ្នាំមកហើយ ចំណែកសមត្ថកិច្ចគយ ក៏កាក់កបជាមួយក្រុមហ៊ុនមួយនេះ មិនតិចដែរទេរឿង លួចកិបកេងប្រាក់ពន្ឋរដ្ឋ ចែកគ្នាជាមួយក្រុមហ៊ុនគាធីរហូតមក ។

 

ប្រភពបន្តថា ក្រុមហ៊ុន គា ធី មានខ្សែឡានដឹកទំនិញបែបនេះមិនតិចជាង 100គ្រឿងឡើយ សំរាប់ ច្រើនគោលដៅដែលនាំទំនិញចូលពីប្រទេសថៃ ដូចជាច្រកកោះកុង ច្រកស្រែអំបិល ច្រកកែវផុស ច្រកស្ទឹងហាវ ច្រកទំនប់រលក ច្រកប៉ោយប៉ែត ច្រកអូរស្មាច់ ច្រកប៉ៃលីន ច្រកបឹងត្រកួន ។ល។ នេះមិនទាន់គឹតទំនិញដែលនាំចូលតាមច្រកនានា ពីប្រទេសវៀតណាម ដែលមានរថយន្តប្រភេទយីឌុប និង សណ្តោងកន្ទុយរ៉ឺម៉កនោះផងដែរ៕

ទោះជាយ៉ាងណា មិនអាចទំនាក់ទំនង ដើម្បីសុំការបំភ្លឺពីនាយកក្រុមហ៊ុន គា ធីបាននៅឡើយទេ ៕

 

Leave a Reply

(*) Required, Your email will not be published