សកម្មភាព​ដឹកឈើ​គ្រញូង​របស់​យាយ ម៉ៃ នៅតែ​បន្ត ដើម្បី​បញ្ឈឺ​សមត្ថកិច្ច​ឲ្យ​ក្អួត​ឈាម​

, , Leave a comment

​ខេត្ត​ឧ​ត្ត​រ​មានជ័យ : មកទល់នឹង​ពេលនេះ សកម្មភាព​ដឹកឈើ​គ្រញូង​របស់​យាយ ម៉ៃ (​ជនជាតិ​វៀតណាម​) នៅតែ​បន្ត​កើតមាន​ដដែល បើទោះជា​អាជ្ញាធរខេត្ត លោក ស ថា​វី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​អាជ្ញាធរ​ជំនាញ​ពាក់ព័ន្ធ​បង្ក្រាប​ក៏ដោយ​នោះ​។​

 

​រាល់​ការដឹកជញ្ជូន​ឈើ​ទាំងនេះ ត្រូវបាន​យកទៅ​ស្តុក​ទុក​នៅ​ចំណុច​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​មួយចំនួនទៀត ដឹក​យកទៅលក់​តាម​ដេប៉ូ ក្នុង​ទី​រួម​ខេត្តបន្ទាយមានជ័យ​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា នៅ​ស្រុក​ត្រពាំង​ប្រាសាទ កន្លែង​ទីតាំង​ស្តុក​ឈើ​របស់​ឈ្មោះ ឆាយ និង​ឈ្មោះ រិ​ទ្ធ បានធ្វើ​ឲ្យ​ផ្លូវ​ជាច្រើន​នៅ​ទីនោះ​ខូចខាត នៅ​ភូមិ​ថ្នល់កែង និង​ផ្លូវជាតិ RP១៧៤ ភូមិ​ត្រាំ​ប៉ោង រហូតដល់​ក្រុង​សំរោង មាន​ករណី​ស្រុត​ប្រេះស្រាំ ខូច​ជា​ហូរហែ​។ មិនតែប៉ុណ្ណោះ ការដឹកជញ្ជូន​ឈើ​អារ​លេខ​២ ក៏​កាន់​តែមាន​ទ្រង់ទ្រាយ​ធំ ដោយ​ប្រើប្រាស់​សុទ្ធតែ​ប្រភេទ​ឡាន​យី​ឌុប ផ្ទុក​ធ្ងន់​លើស​ទម្ងន់ បំផ្លាញ​ផ្លូវ​ប្រជាពលរដ្ឋ​នេះ​ជាដើម​យ៉ាងធ្ងន់ធ្ងរ​។ ឈ្មួញ​ដ៏​ល្បីឈ្មោះ​ប្រចាំខេត្ត​ឧ​ត្ត​រ​មានជ័យ​ជំនាញ​ប្រមូល​ទិញ​ឈើ​អារ​ប្រភេទ​លេខ​២​គឺ​ឈ្មោះ ឆាយ និង​ឈ្មោះ រិ​ទ្ធ បាន​ប្រមូល​ទិញ​ឈើ​ពី​ស្រុក​ត្រពាំង​ប្រាសាទ​ចំនួន​២​កន្លែង នៅ​ម្តុំ​ភូមិ​ថ្នល់កែង និង​មួយកន្លែង​ទៀត​ម្តុំ​ភូមិ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ។​

 

​សកម្មភាព​ដឹកជញ្ជូន​ឈើ​របស់​អ្នក​ទាំងពីរ​គឺ​ប្រើប្រាស់​ឈ្មោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉ែត ប៊ុនថន ដើម្បី​បន្លាច​អាជ្ញាធរ សមត្ថកិច្ច​នៅ​ទីនោះ ដោយ​អះអាងថា យក​ឈើ​អារ​ទាំងនោះ​ទៅធ្វើ​ផ្ទះ​ឲ្យ​គ្រួសារ​អតីតយុទ្ធជន ប៉ុន្តែ​ករណីនេះ កន្លងទៅ​ធ្លាប់មាន​ស្នើសុំ​ដឹក​១០០​ម៉ែត្រគូប តែ​ដឹក​យ៉ាងតិច​៥០០​ម៉ែត្រគូប ជា​ទម្លាប់​ដែល​ពួកគេ​រកស៊ី​ដឹកជញ្ជូន​ឈើ និង​មាន​វប្បធម៌​ចែក រំលែក​ទៅកាន់​ជំនាញ​រដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច​គ្រប់​ស្ថាប័ន ក្នុង​មួយ​រថយន្ត​យី​ឌុប​ចាប់ពី​១០​ម៉ឺន​រៀល រហូតដល់​២០០​ដុល្លារ សម្រាប់​សមត្ថកិច្ច​ស្ថាប័ន​នីមួយៗ​។​

 

​ប្រភព​ឈើ​ទាំងនោះ បើទោះបី​មិនមាន​តំបន់​ព្រៃ​សម្បទាន ប៉ុន្តែ​មាន​ដៃ​ឈើ​របស់​ឈ្មួញ​ឈ្មោះ ឆាយ និង​ឈ្មោះ រិ​ទ្ធ កេណ្ឌ​ប្រមូល​ប្រជាពលរដ្ឋ​ឲ្យ​ចូលទៅ​កាប់​ផ្តួលរំលំ​នៅ​តំបន់​អភិរក្ស​ភ្នំ​ពល យ៉ាង​អនាធិបតេយ្យ រួចហើយ ប្រជាពលរដ្ឋ​បាន​អារច្រៀក​ដឹក​តាម​គោយន្ត ឬ​កាឡេ​ថង មក​ដាក់​តាម​ផ្ទះ ទើប​ក្រុម​របស់លោក រិ​ទ្ធ និង​ឈ្មោះ​ឆាយ យក​រថយន្ត​យី​ឌុប​ទៅ​ប្រមូល​ដឹកជញ្ជូន​យកមក​កាន់​ខេត្តបន្ទាយមានជ័យ និង​មួយចំនួនទៀត​ស្តុក​ទុក​នៅ​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

 

​ដោយឡែក​ឈើ​គ្រញូង នៅតែមាន​ការដឹកជញ្ជូន​ស្ទើរ​រាល់​យប់ ចេញពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ឆ្លងកាត់​ខេត្តព្រះវិហារ ស្ទឹងត្រែង​មកកាន់​ចំណុច​ស្រែ​ពក រវាង​ព្រំប្រទល់​ខេត្តស្ទឹងត្រែង នឹង​ខេត្តរតនគិរី ដោយមាន​ឈ្មួញ​រង់ចាំ​ទទួល​ទិញ​បន្ត ដឹក​ទៅ​វៀតណាម តាម​ច្រក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី​។ ឈើ​គ្រញូង​ភាគច្រើន​ក្រុម​ឈ្មួញ​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​កេណ្ឌ​ប្រមូល​ប្រជាពលរដ្ឋ​ឲ្យ​ទៅ​កាប់​នៅ​ទឹកដី​ថៃ រួចហើយ​លីឈើ​គ្រញូង​ទាំងនោះ តាម​ភ្នំ​ដងរែក យកមក​លាក់​នៅតាម​ចម្ការ​របស់​ប្រជាពលរដ្ឋ ទើប​មាន​ក្រុម​អ្នកប្រមូល​ទិញ​ដឹក​បន្ត តាមរយៈ​រថយន្ត​ប៉ា​ឡែ​ន វី​ហ្គូ ឡង់​គ្រី​ស័​រ ធ្វើជា​មធ្យោបាយ​ដឹកជញ្ជូន​។ បញ្ហា​បទល្មើស​ឈើ​គ្រញូង ប្រជាពលរដ្ឋ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​តែងតែ​រង​នូវ​ការធ្វើ​បាប និង​បាញ់សម្លាប់​ពី​សមត្ថកិច្ច​ប្រទេស​ថៃ ដូច្នេះ​គួរ​ណាស់​តែ​អាជ្ញាធរខេត្ត​ចាត់វិធានការ​បំបាត់​ឲ្យ​ខាងតែបាន​នូវ​បទល្មើស​ទាំងនេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ភាពសុខសាន្ត គេច​ផុតពី​ករណី​គ្រោះថ្នាក់ ដោយសារ​ការចូលទៅ​កាប់​ឈើ​នៅក្នុង​ទឹកដី​ថៃ​៕

21-6-2017 (1) 21-6-2017 (2)

 

Leave a Reply

(*) Required, Your email will not be published