ប្រមុខ​ដឹកនាំ​គណបក្សនយោបាយ​ធំ​ទាំងពីរ អវត្តមាន​ក្នុង​អង្គប្រជុំ​សភា​នៅ​ព្រឹក​នេះ​

, , Leave a comment

​រាជធានី​ភ្នំពេញ : សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ដឹកនាំក្រុម​តំ​ណាង​រាស្ត្រ​របស់​ខ្លួន ចូលរួម​ប្រជុំ​សភា នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៧​នេះ ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តីស្នើច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​ទេ​។​

 

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំ​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៨ នីតិកាល​ទី​៥ នៅ​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា​នេះ​។ ការកំណត់​ថ្ងៃ​ប្រជុំ​រដ្ឋសភា​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​គណៈកម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា បាន​បើក​កិច្ចប្រជុំ កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៧​។​

 

​អង្គប្រជុំ​គណៈកម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១៧ បានសម្រេច​ប្រគល់​សេចក្តីស្នើច្បាប់ ស្តីពី​ការបោះឆ្នោត ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ជូន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌ នៃ​រដ្ឋសភា ពិនិត្យ និង​សិក្សា​ហើយ​ធ្វើ​របាយការណ៍ ជូន​គណៈកម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា​វិញ​។​

 

​សេចក្ដីស្នើច្បាប់​ស្ដីពី​ការបោះឆ្នោត ជ្រើសតាំង​សមាជិក ព្រឹទ្ធសភា ដែល​រដ្ឋសភា នឹង​បើក​កិច្ចប្រជុំពេញអង្គ​ពិភាក្សា និង​អនុម័ត បានធ្វើ​ឡើង​តាម​ស្មារតី នៃ​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤ កន្លងមកនេះ​។ សេចក្ដីស្នើច្បាប់​នេះ ស្នើឡើង​ដោយ​សមាជិក​ព្រឹទ្ធសភា​ចំនួន​២៣​រូប​។​

 

​សេចក្តីស្នើច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា ដែល​គណបក្ស​ទាំងពីរ​បាន​កែសម្រួល​ធ្វើ​ថ្មី​នោះ បានកំណត់​ពី​ការបង្កើន​ចំនួន​អាសនៈ សមាជិក​ព្រឹទ្ធសភា​១​អាសនៈ​ទៀត គឺ​ពី ៦១​រូប ដល់​៦២ រូប ព្រមទាំង​កែប្រែ​មាត្រា​មួយចំនួនទៀត ដូចជា កាត់បន្ថយ​រយៈពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ព្រឹទ្ធសភា ពី​២១​ថ្ងៃ មក​នៅត្រឹម​១៤​ថ្ងៃ ព្រមទាំង​ការបញ្ចូល​អង្គ​បោះឆ្នោត​ថ្មី ទៅ​បោះឆ្នោត ជំនួស​អង្គ​បោះឆ្នោត​ចាស់ ដែល​ទើប​ទទួលមរណភាព និង​លើក​ពេល​បោះឆ្នោត ព្រឹទ្ធសភា ពី​ខែមករា ទៅ​ខែកុម្ភៈ ជាដើម​។ ពោលគឺ​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​ព្រឹទ្ធសភា បានកំណត់​នៅ​សប្តាហ៍​ទី​៨ នៃ​ឆ្នាំ​ទី​៦ របស់​អាណត្តិ​ព្រឹទ្ធសភា ដែល​ពីមុនមក​ភាគច្រើន គឺ​នៅ​សប្តាហ៍​ទី​៤ បានន័យថា នៅ​ចុងខែ​មករា ហើយ​បើ​នៅក្នុង​សប្តាហ៍​ទី​៨ បានន័យថា ចូលទៅក្នុង​ខែកុម្ភៈ នៅក្នុង​ឆ្នាំ​២០១៨​។​

 

​សូមបញ្ជាក់ថា ព្រឹទ្ធសភា ត្រូវបាន​បង្កើតឡើង​នៅក្រោយ​ការបោះឆ្នោត ជាស​កល ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​២ នា​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​១៩៩៨ បន្ទាប់ពី​កើត​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​មួយ​។ ព្រឹទ្ធសភា​នីតិកាល​ទី​១ កើតឡើង​ដោយ ការតែងតាំង និង​មាន​អាណត្តិ​៥​ឆ្នាំ​។ សមាជិក​ចំនួន​៦១​រូប ត្រូវបាន​ជ្រើសរើស ពី​ក្នុងចំណោម​ឥស្សរជន ជាន់ខ្ពស់ នៃ​គណបក្សនយោបាយ ដែលមាន​អាសនៈ នៅក្នុង​រដ្ឋសភា​នីតិកាល​ទី​២​។​

 

​ព្រឹទ្ធសភា​នីតិកាល​ទី​១ បាន​បើក​សម័យប្រជុំ លើក​ទី​១ នៅ​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​១៩៩៩​។ ព្រឹទ្ធសភា​នីតិកាល​ទី​២ កើតឡើង​ដោយ​ការបោះឆ្នោត​ជា​អសកល នា​ថ្ងៃអាទិត្យ ទី​២២ ខែមករា ឆ្នាំ​២០០៦ ដោយមាន​អាណត្តិ​៦​ឆ្នាំ​។ ក្នុងចំណោម​សមាជិក​៦១​រូប មាន​៥៧​រូប ត្រូវបាន​ជ្រើសតាំង ដោយ​ការបោះឆ្នោត ជា​អសកល​២​រូប ជ្រើសតាំង​ដោយ​រដ្ឋសភា និង​២​រូប តែងតាំង​ដោយ ព្រះមហាក្សត្រ​។​

 

​ចំណែក​ព្រឹទ្ធសភា នីតិកាល​ទី​៣ ចាប់ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៨ ដោយមាន​សមាជិក​សរុប​៦១ រូប ក្នុងនោះ​៥៧​រូប ត្រូវបាន​ជ្រើសតាំង ដោយ​ការបោះឆ្នោត ជា​អសកល​២​រូប ជ្រើសតាំង​ដោយ​រដ្ឋសភា និង​២​រូប ជ្រើសតាំង​ដោយ​ព្រះមហាក្សត្រ​។ ក្នុងនោះ​សមាជិក​ព្រឹទ្ធសភា​៥៧​រូប ដែល​ជ្រើសតាំង ដោយ​ការបោះឆ្នោត អសកល មាន​៤៦​រូប មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​១១​រូប មកពី​គណបក្ស សម រង្ស៊ី​។ អង្គ​បោះឆ្នោត ឬ​អ្នកបោះឆ្នោត​ជ្រើសតាំង សមាជិក​ព្រឹទ្ធសភា ទាំង​៥៧​រូបនោះ គឺជា​សមាជិក​ក្រុមប្រឹក្សា ឃុំ​សង្កាត់ និង​សមាជិក​រដ្ឋសភា ឬ​អ្នកតំណាងរាស្ត្រ ដែល​កំពុង​នៅក្នុង​តំណែង​៕

20-6-2017

 

Leave a Reply

(*) Required, Your email will not be published