ចំណេះដឹង : អំពើហិង្សាលើ កុមារ ឬលើកូនតូចៗ នៅជាបញ្ហាធ្ងន់ធ្ងរមួយសម្រាប់ប្រទេសកម្ពុជា ដែលបង្អាក់ដល់ការអភិវឌ្ឍសមត្ថភាពរបស់កូន ហើយវាក៏អាចធ្វើអោយឱ្យកុមារមានបញ្ហាផ្លូវចិត្តទៀតផងដែរ។ បញ្ហាទាំងអស់នេះត្រូវបានគេមើលឃើញថា វាហាក់បីដូចក្លាយជាទម្លាប់ទៅហើយ ដែលអាណាព្យាបាលនៅកម្ពុជាមួយចំនួនធំ នៅតែប្រើប្រាស់ការប្រើអំពើហិង្សាធ្វើជាវិធី ដើម្បីបង្រៀន និងប្រដៅកូនៗរបស់ខ្លួន។
ថ្មីៗនេះ អង្គការទស្សនៈពិភពលោកបានបង្ហាញថា ឪពុកម្តាយជនជាតិខ្មែររហូតដល់៧៧ភាគរយ បានប្រើអំពើហិង្សាលើរាងកាយ ដើម្បីដាក់ពិន័យដល់កូនៗរបស់ពួកគាត់។ ការធ្វើបែបនេះជាទង្វើដែលគ្រប់សមាសភាពក្នុងសង្គមចង់លុបបំបាត់ចោលខ្លាំងបំផុត ព្រោះនាពេលបច្ចុប្បន្ន មានវិធីអប់រំជាច្រើន ដើម្បីធ្វើឱ្យកូនក្លាយជាមនុស្សល្អ។ អាណាព្យាបាលគួរប្រើប្រាស់វិធីដែលទន់ភ្លន់ ឬប្រើប្រាស់ហេតុផល ដើម្បីណែនាំកូនជាជាងការវាយដំ។
អំពើហិង្សាបង្កឡើងពីឪពុក-ម្តាយ ឬអាណាព្យាបាល បានផ្តល់ជាគំរូអាក្រក់ដល់កូន ទៅថ្ងៃអនាគតបាន ព្រោះថា ឪពុកម្តាយនៅពេលមានបង្កអំពើហិង្សាដល់កូនហើយ នោះទង្វើនេះ បានផ្តល់គំរូឲ្យកូនប្រុស-ស្រីរបស់ខ្លួនបាន ជាក់ស្តែងកូនប្រុសអាចប្រើហិង្សាដល់ប្រពន្ធ ដៃគូស្និទ្ធស្នាល ឬកូនរបស់ពួកគេ នៅពេលដែលគេមានគ្រូសារនៅថ្ងៃអនាគត ចំណែកឯកូនស្រីវិញនោះ ភាគច្រើននៅពេលដែលពួកគេរងនូវហិង្សា ពីឪពុក ដៃគូស្និទ្ធស្នាល ពីប្តីនោះ ពួកអាចនឹងនៅស៊ូទ្រាំ ដោយគេគិតថា ពួកគេសមនឹងទទួលបែបនេះ ព្រោះថា ម្តាយរបស់គេតែងស៊ូទ្រាំជាមួយនឹងឪពុកគេបែបនេះ វានឹងជះឥទ្ធពលអាក្រក់ដល់ខួរក្បាល និងផ្តល់ជាគម្រូអាក្រក់ដល់កូននៅក្នុងបន្ទុក។
ការកាត់បន្ថយ ឬមិនប្រើអំពើហិង្សានេះ គឺយើងអាចរកដំណោះបញ្ឈប់អំពើហិង្សាទាំងនោះ ឧទាហរណ៍ ដូចជារុក្ខជាតិផ្តិតអញ្ចឹង បើយើងដកផ្សិតចាស់ចោល វានឹងដុះផ្សិតថ្មីឡើងមក អីចឹងអ្វីដែលសំខាន់ យើងត្រូវរករឹសគល់របស់វា ដូចជាយើងត្រូវធ្វើការអប់រំវ័យជាកុមារភាព មានន័យថា យើងត្រូវនិយាយពន្យល់ អប់រំ ណែនាំ និង បញ្ជូនទៅរៀនសូត្រនៅតាមសាលាវិញ (តំបន់ខ្លះតាមវត្តអារាម) ឲ្យគាត់យល់ ឲ្យគាត់ដឹងជាមុន ព្រោះពួកគាត់អាចយល់ដឹងថា អំពើហិង្សាវាអាចជះឥទ្ធិពលយ៉ាងម៉េច ហើយវាអាចផ្តល់ផលអាក្រក់យ៉ាងម៉េចដល់លើរូវរាងការរបស់គាត់ ហើយវាជះឥទ្ធពលយ៉ាងម៉េច ទៅដល់សង្គម ដល់ញាតិជិតខាង ដល់កូនរបស់គាត់ យើងអប់រំគាត់តាំងពីក្មេងទៅ ដើម្បីឲ្យគាត់បានចេះ បានដឹងកាន់តែច្រើនឡើងបន្ថែមទៀត ចៀសជាងប្រើហិង្សាដើម្បីអប់រំ។
សរុបមកឪពុកម្តាយគ្រប់រូប ត្រូវតែផ្តល់គំរូល្អៗ ដល់កូនជាពិសេស មិនត្រូវបង្កហិង្សា ឬប្រើហិង្សាមកលើសមាជិកគ្រួសារ ដែលជាគំរូអាក្រក់ដល់កូនៗ របស់ពួកគាត់ យើងអាចងាកមកប្រើវិធីសាស្ត្រអប់រំ ឬដោះស្រាយគ្នាដោយសន្តិវិធីវិញ ទើបជាការល្អ៕