នគរបាល លឹម ចំណាន គំរាម​បាញ់សម្លាប់​អ្នកដទៃ ព្រោះតែ​យក​កូន​ទៅ​ពេទ្យ​

, , Leave a comment

​រាជធានី​ភ្នំពេញ : ករណី​នគរបាល លឹម ចំណាន ដែល​បើករថយន្ត​ប៉ះ​គេ​ហើយ​ដក​កាំភ្លើង​បាញ់​គម្រាម​ថែមទៀត​នោះ ខណៈ​ចូលទៅ​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​នាំ​ទាំង​រថយន្ត​របស់​ជន​បង្ក​ទៅជា​មួយ​ផង ប៉ុន្តែ​ការចូល​ខ្លួន​នេះ ត្រូវបាន​នគរបាល​រាជធានី​ហាមប្រាម​អ្នកកាសែត​មិន​ឲ្យ​ចូល​សួរនាំ និង​ថតរូប​ភាព​ទេ​។​

 

​នៅ​រសៀល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៧ មហាជន​បាន​អស់សង្ឃឹម​យ៉ាងខ្លាំង​ចំពោះ​ការអនុវត្តន៍​ច្បាប់​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច ទៅលើ​ជនល្មើស ឈ្មោះ លឹម ចំណាន នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ដែល​ត្រូវជា​កូនប្រុស ឯកឧត្ដម ប៉ុល លឹម រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​។ ចំពោះ​ករណី​បុគ្គល​ឈ្មោះ លឹម ចំណាន បាញ់បោះ​សេរី គំរាមកំហែង​គេឯង​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​មិនបាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ទេ គឺ​បានត្រឹមតែ​ទទួលពិន័យ​តាម​បទបញ្ជា​នគរបាលជាតិ​ប៉ុណ្ណោះ​។​

 

​ក្រោយពី​ចូលទៅ​បំភ្លឺ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រមាណ​ជាង​១​ម៉ោង មន្ត្រីប៉ូលិស​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា ជាង​មួយ​ម៉ោង ដែល​មន្ត្រីប៉ូលិស​ដែល​បាញ់​មួយ​គ្រាប់​គំរាម​ពលរដ្ឋ បានផ្ដល់​ចម្លើយ​បំភ្លឺថា ដោយសារតែ​កូន​របស់លោក ក្ដៅខ្លួន​ខ្លាំងពេក ទើប​រូបលោក​ប្រញាប់​ទៅយក​កូន ដើម្បី​ទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ ទើប​លោក​សម្រេចចិត្ត​បើករថយន្ត​យ៉ាង​លឿន និង​បាន​បើកភ្លើង​ដើម្បី​សុំ​ផ្លូវ​ផងដែរ ប៉ុន្តែ​មកដល់​ចំណុចកើតហេតុ ក៏​ប៉ះគ្នា​បន្តិច ប៉ុន្តែ​មិនមាន​ស្លាកស្នាម​ធ្ងន់ធ្ងរ​ទេ ពេលនោះ​អ្នកបើករថយន្ត​ភាគី​ម្ខាង​ទៀត ក៏បាន​ដេញតាម​រថយន្ត​លោក ហើយ​រូបលោក​ក៏​សម្រេច​បាញ់​ឡើងលើ​មួយ​គ្រាប់​ទៅ ដើម្បី​បង្អាក់​ល្បឿន​រថយន្ត​នោះ ហើយ​លោក​ក៏​បន្តដំណើរ​ទៅមុខទៀត​។​

 

​ពាក់ព័ន្ធ​នឹង​បញ្ហា​ដ៏​រសើប​មួយ​នេះ​ដែល​មហាជន​ទាំង​ក្នុង​និង​ក្រៅប្រទេស​បាននិងកំពុង​តាមដាន​នោះ បាន​សម្តែង​ការសោកស្តាយ និង​ហួសចិត្ត​យ៉ាងខ្លាំង គួរតែមាន​ចំណាត់ការ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ តែ​បែរជា​ដាក់​ត្រឹម​ពិន័យ ចំពោះ​ជនដៃដល់​តែប៉ុណ្ណោះ ពីព្រោះ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បាន​អួតថា “​អំពើ​ល្មើសច្បាប់ ត្រូវ​ទទួលទោស​ចំពោះមុខ​ច្បាប់ ទោះ​ជន នោះ​ជាម​ន្ត្រី​អនុវត្ត​ច្បាប់​ក៏ដោយ​”​។ ក៏ប៉ុន្តែ​នៅ​ទីបំផុត​ក្រោយពី​មានការ​សួរនាំ​ពី លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​រួចមក ជនល្មើស​ត្រូវបាន​បញ្ជូន​ទៅ​អង្គភាព​របស់ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ដើម្បី​ទទួល​ការពិន័យ​ទៅតាម​ច្បាប់​របស់​នគរ​បាល​ជាតិ​តែប៉ុណ្ណោះ​។​

 

​សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង​៥​និង​៥៨​នាទី​ថ្ងៃ​សៅរ៍ ទី​១០ ខែមិថុនា ឆ្នាំ​២០១៧ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ជិត​បុរី​ប៉េង​ហួត​បឹង​ស្នោរ បុរស​ម្នាក់​មាន​តួនាទី​ជា​នាយរង​ការិយាល័យ​ចរាចរ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បើករថយន្ដ​កៀរ​រថយន្ដ​រងគ្រោះ​ហើយ មិន​ឈប់​ដោះស្រាយ​ទេ ថែមទាំង​ដក​កាំភ្លើង​បាញ់​មួយ​គ្រាប់​គំរាម​ភាគី​រងគ្រោះ​ទៀត​។​
​ដូច្នេះ អ្វីដែល​បងប្អូន​បាន​កំពុងតែ​រង់ចាំ​មើល​ទាំងអស់គ្នា គឺ​មិនបាន​ដូច​បំណង​ឡើយ ពីព្រោះ ការអនុវត្តន៍​ច្បាប់​នៅ​ស្រុក​ខ្មែរ នៅតែ​ជៀស​មិន​រួច​ពី ស្ដង់ដា​ពីរ ដដែល គឺជា​មួយ​រាស្ត្រ​ទន់ខ្សោយ អនុវត្ត​ផ្សេង ហើយ​ជាមួយ​អ្នកមានអំណាច អនុវត្ត​ផ្សេង​៕

14-6-2017 (1) 14-6-2017 (2)

 

Leave a Reply

(*) Required, Your email will not be published