គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បន្ត​ឈ្នះ ក្នុងការ​បោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៤

, , Leave a comment

​រាជធានី​ភ្នំពេញ : លទ្ធផល​បឋម​ដែល​ទទួលបាន​ពី​តាម​បណ្តា​ខេត្ត​នានា បានឱ្យដឹងថា គណបក្ស​ប្រជាជន​កម្ពុជា បាន​បន្ត​ឈ្នះ​ដោយ​គ្រប់គ្រង​ឃុំ សង្កាត់ ភាគច្រើន​ជាថ្មី​ម្តងទៀត ក្នុងចំណោម​ឃុំ សង្កាត់​សរុប​១៦៤៦ ឃុំ​-​សង្កាត់ នៅ​ទូទាំងប្រទេស សម្រាប់​ការបោះឆ្នោត​ជ្រើសរើស ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧​។​

 

គ​.​ជ​.​ប បាន​ឲ្យ​ដឹងថា អ្នក​បាន​ទៅ​បោះឆ្នោត​មាន​ចំនួន​៦.៧៤៣.៣២៩​នាក់ ស្មើ ៨៥,៧៤ ភាគរយ​នៅក្នុង​ចំណោម​ប្រជាពលរដ្ឋ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​ជាង​៧,៨​លាន​នាក់។ សរុប​ទូទាំងប្រទេស​គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ចំនួន​២២​ខេត្ត ក្នុងចំណោម​២៥​ខេត្ត ក្នុងនោះ គណបក្ស​សង្គ្រោះ​ជាតិ នាំមុខ​ចំនួន​២​ខេត្ត និង​១​រាជធានី គឺមាន​រាជធានី​ភ្នំពេញ​ខេត្ត សៀមរាប និង​ខេត្តកំពង់ចាម​។​

 

​ពាក់ព័ន្ធ​ការរក្សាសន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សាធារណៈ ក្នុងការ​បោះឆ្នោត លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ឲ្យ​ដឹងថា បញ្ហា​សន្តិសុខ នៅតាម​ការិយាល័យ​បោះឆ្នោត ទូទាំងប្រទេស បាន​ដំណើរការ​យ៉ាង​ល្អប្រសើរ មិនមាន​អ្វី​កើតឡើង​ខុស​ប្រក្រតី​នោះទេ​។ នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជាក់ថា កម្លាំង​សមត្ថកិច្ច​ទាំងអស់​ដែល​យាម​តាម​ការិយាល័យ​បោះឆ្នោត​នីមួយៗ បាន​ប្រព្រឹត្តទៅ​យ៉ាង​ល្អប្រសើរ​ដោយ​គ្មាន​អំពើហិង្សា​ណាមួយ​កើតឡើង​នោះឡើយ​។​

 

​ការរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា ឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ នៅ​ទូទាំងប្រទេស​កម្ពុជា បាន​បិទ​បញ្ចប់​នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ដោយមាន​ការិយាល័យ​បោះឆ្នោត​ជាង​២​ម៉ឺន​កន្លែង​៕

06-5-2017

 

Leave a Reply

(*) Required, Your email will not be published