ថៅកែ​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង​ខេត្ត​ព្រះសីហនុ​កាត់លុយ​កម្មករ​ម្នាក់​៣០​ដុល្លារ ដែល​ទៅ​បោះឆ្នោត​

, , Leave a comment

​ខេត្ត​ព្រះសីហនុ : ក្រុមកម្មករ​បម្រើការ​ងារ​នៅតាម​រោងចក្រ​មួយចំនួន​ស្ថិតក្នុង​បរិវេណ​តំបន់​សេដ្ឋកិច្ច​ពិសេស​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​អះអាងថា ពួកគេ​ម្នាក់ៗ ត្រូវ​ថៅកែ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ និង​រោងចក្រ​ផលិត​សម្ភារៈ​ផ្សេងទៀត ព្រមាន​កាត់​ប្រាក់ខែ​ក្នុង​ម្នាក់ៗ​ចំនួន​៣០​ដុល្លារ​សហរដ្ឋអាមេរិក ព្រោះ​មិន​ចូលធ្វើ​ការងារ​នៅ​ថ្ងៃ​សៅរ៍ ទី​៣ ខែមិថុនា ដោយ​យក​ពេលវេលា​នេះ នាំគ្នា​ធ្វើដំណើរ​ទៅ​បោះឆ្នោត​ឃុំ​សង្កាត់​នៅតាម​ស្រុកកំណើត​រៀងៗ​ខ្លួន​នោះ​។​

05-6-2017 (1)

​កម្មករ​មួយចំនួន​បញ្ជាក់ថា ពួកគេ​យល់ព្រម​ឲ្យ​ថៅកែ​កាត់លុយ​ប្រាក់ខែ​ពួកគេ​ក្នុង​ម្នាក់​៣០​ដុល្លារ ដោយ​មិន​សោកស្តាយ​ទេ ដើម្បី​យក​ពេលវេលា​ដ៏​មានតម្លៃ និង​មាន​ប្រយោជន៍​នេះ ជិះឡាន​ធ្វើដំណើរ​ទៅកាន់​ស្រុកកំណើត ដែល​ពួកគេ​បាន​ចុះឈ្មោះ​បោះឆ្នោត ហើយ​មាន​កម្មករ​ខ្លះ​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម ខេត្តកណ្តាល នៅ​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង​ជាដើម​នោះ ដើម្បី​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​មេឃុំ ដែលមាន​ឆន្ទៈ​បម្រើ​សង្គមជាតិ និង​បម្រើ​កង្វល់​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ពិតប្រាកដ​។​

05-6-2017 (4)

​ក្រុមកម្មករ​ដែល​ឈប់​មិន​ចូលធ្វើការ​នៅ​ថ្ងៃ​សៅរ៍ ទី​៣ ខែមិថុនា បានចាត់ទុក​សារ​ព្រមាន​កាត់លុយ​ប្រាក់ខែ​ពួកគេ​ចំនួន​៣០​ដុល្លារ របស់​ថៅកែ​រោងចក្រ ថា​ជាការ​គាប់សង្កត់ បំបិត​សិទ្ធិសេរីភាព​ដល់​ពួកគេ ដែល​បញ្ហា​នេះ ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​រដ្ឋបាលខេត្ត​ព្រះសីហនុ​ជួយ​ពិនិត្យ​អន្តរាគមន៍​។ ព្រម​គ្នា​នេះ ក្រុមកម្មករ​បម្រើការ​ងារ​នៅតាម​រោងចក្រ​ខ្លះ នា​តំបន់​សេដ្ឋកិច្ច​ពិសេស​ឃុំ​បិត​ត្រាំ​ង ដែល​ត្រូវ​ថៅកែ​ព្រមាន​កាត់លុយ​៣០​ដុល្លារ បាន​សំណូមពរ​ទៅ​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន ជួយ​អន្តរាគមន៍​ទៅ​ថៅកែ​រោងចក្រ កុំ​ឲ្យ​កាត់​ប្រាក់ខែ​ពួកគេ​ច្រើន​ហួសហេតុ​ពេក​។​

05-6-2017

​ក្រុមកម្មករ​រំពឹងថា លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ និង​លោក យ៉ូ​វ ខេមរា ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្ត​ព្រះសីហនុ នឹង​ជួយ​ដោះស្រាយ​កង្វល់ ដែល​កម្មករ​ពួកគាត់​កំពុង ជួបប្រទះ ឲ្យ​បានឃើញ​ជាក់ស្តែង នៅមុន​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់​អាណត្តិ​ទី​៤ នឹង​ចូល​មកដល់ នៅ​ថ្ងៃអាទិត្យ ទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ដោយ​អនុគ្រោះ​។​

05-6-2017 (2)

​ទាក់ទិន​ការចោទប្រកាន់​នេះ​មិនទាន់មាន​ប្រភព​ទាក់ទង​ជាមួយ​ភាគី​ថៅកែ​រោងចក្រ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ដើម្បី​បំភ្លឺ​ទៅលើ​ការចោទប្រកាន់​ពី​ក្រុមកម្មករ ដែល​ចោទថា បាន​ព្រមាន​កាត់​ប្រាក់ខែ​ពួកគេ​ក្នុង​ម្នាក់ៗ​៣០​ដុល្លារ អាមេរិក បាន​នៅឡើយ​ទេ​។​

05-6-2017 (3)

​ឆ្លើយតប​បញ្ហា​នេះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា នឹង​នាំយក​កង្វល់​កម្មករ​នេះ​ដាក់ជូន លោក យូវ ខេមរា ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្ត​ព្រះសីហនុ ឲ្យ​ចុះទៅ​សម្របសម្រួល​ជាមួយ​ភាគី​ថៅកែ​រោងចក្រ នៅ​តំបន់​សេដ្ឋ​ពិសេស​ឃុំ​បិត​ត្រាំ​ង ទាក់ទង​ការព្រមាន​កាត់លុយ​កម្មក​រ ៣០​ដុល្លារ ដោយសារ​ឈប់​មិន​ធ្វើ​ការងារ នៅ​ថ្ងៃទី​៣ ខែមិថុនា ដែល​កម្មករ​មួយចំនួន ត្រូវធ្វើ​ដំណើរ​ទៅ​បោះឆ្នោត​ឃុំ​សង្កាត់​នៅ​ស្រុកកំណើត​រៀងៗ​ខ្លួន ទៅតាម​សំណូមពរ របស់​ក្រុមកម្មករ​៕

 

Leave a Reply

(*) Required, Your email will not be published