រាជធានីភ្នំពេញ : ស្ត្រីជាកម្មការិនីកាត់ដេរម្នាក់ បានហៅប្រុសស្នេហ៍មកដេករួមមេត្រីដល់បន្ទប់ជួលរបស់ខ្លួន ហើយត្រូវបានប្តីខ្ទប់ចាក់សោទ្វារពីខាងក្រៅជាប់ រួចទៅប្តឹងប៉ូលិសចាប់ឃាត់ហៅនាំទៅសាកសួរនៅប៉ុស្តិ៍ចោមចៅ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតនៅបន្ទប់ជួល ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា ភាគីខាងស្រីមានឈ្មោះហោ គន់ធឿន អាយុ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិព្រៃទាសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិព្រៃឥដ្ឋ ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ។ ភាគីខាងប្តីដើមមានឈ្មោះ អែត ដូយ អាយុ៤០ឆ្នាំ មុខរបរកសិករ រស់នៅភូមិប្រហារ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ចំណែកឯភាគីខាងសហាយ មានឈ្មោះ មាច ប៊ុនធឿន អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត ភូមិពាម ឃុំរកាកោងទី១ មុខកំពូល កណ្តាល។
តាមប្រភពពីភាគីខាងប្តីដើមបានឲ្យដឹងថា សព្វថ្ងៃរូបគាត់ និងប្រពន្ធបានរស់នៅបែកគ្នា ដោយគាត់រស់នៅឯស្រុក ចំណែកប្រពន្ធ ជាកម្មកររោងចក្រស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុភូមិព្រៃទាសង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មិនដែលមានពេលរួមមេត្រីនឹងគ្នាឲ្យល្អូកល្អឺនឡើយ ដោយសារ ការរស់នៅបែកគ្នា អស់រយៈពេល២ឆ្នាំមកហើយ។ លុះនៅយប់ថ្ងៃកើតហេតុ មានបងប្អូនទូរស័ព្ទប្រាប់ថា ប្រពន្ធខ្លួននាំប្រុសស្នេហ៍ មកដេករួមមេត្រី ដល់ក្នុងបន្ទប់ ទើបគាត់ជួលតាក់ស៊ីជិះមកទាំងយប់ នៅពេលមកដល់ ពុទ្ធោ ឃើញផ្ទាល់នឹងភ្នែក ភរិយាខ្លួន ត្រូវបានប្រុសផ្សេង មកដេករួមភេទជាមួយគ្នាយ៉ាងត្រេកត្រអាលទៅវិញ ធ្វើឲ្យគាត់ហួសចិត្តទើបប្តឹងប៉ូលិសឲ្យឃាត់ខ្លួន។
ប្រភពបន្តថា នៅពេលឃើញប្រពន្ធផិតក្បត់លួចរួមមេត្រីជាមួយប្រុសសហាយ នៅនឹងមុខបែបនេះទ្រាំលែងបាន តែមិនវាយដំនោះទេ តាំងចិត្តថាឈប់យកធ្វើជាប្រពន្ធទៀតហើយ ក្នុងលក្ខខណ្ឌមួយ សូមតែប្រគល់លុយទាំងប៉ុន្មានដែលប្រពន្ធយកមកនោះ ប្រគល់ឲ្យគាត់ជាប្តីដើមវិញ ជាការបញ្ចប់រឿង តែដោយសារនាងគ្មានលុយ មានតែគ្រឿងអលង្ការ ដោះអស់ពីខ្លួន គិតជាទឹកប្រាក់បានជាង២០០ដុល្លារ ប៉ុណ្ណោះប្រគល់ឲ្យគាត់។ តែគាត់មិនទទួលយក ដោយសារ តិចពេក ទើបរឿងដោះស្រាយមិនចេញនៅប៉ុស្តិ៍រដ្ឋបាលចោមចៅ ម្យ៉ាងមន្ត្រីគរបាល ជាប់បំពេញភារកិច្ចចុះ យាមការពារគោលដៅការិយាល័យបោះឆ្នោតផង ទើបសម្រេច នាំខ្លួន អ្នកទាំង៣ ទៅប្រគល់ជូនផ្នែកជំនាញ ខណ្ឌដើម្បីដោះស្រាយបន្តទៀត៕