ដឹក​ប្រពន្ធ​ទៅ​សម្រាល គ្រូពេទ្យ​មិន​ឈឺឆ្អាល ដឹក​សព​មក​ផ្ទះ​វិញ​

, , Leave a comment

រាជធានី​ភ្នំពេញ : ស្ត្រី​ជា​កម្មការិនី​កាត់ដេរ​ម្នាក់​សម្រាលកូន​ទី​៣​នៅ​មន្ទីរពេទ្យ​ជប៉ុន បែរជា​គ្រូពេទ្យ​មិន​យកចិត្តទុកដាក់​បណ្តោយ​ឲ្យ​ស្លាប់​ទាំង​ម្តាយ ទាំង​កូន មិនទាន់បាន​សម្រាល​ផង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​៧​យប់​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​៤៧ នៅក្នុង​មជ្ឈមណ្ឌល​គាំពារ​មាតា​និង​ទារក ហៅ​មន្ទីរពេទ្យ​ជប៉ុន ស្ថិតនៅក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។​

29-5-2017 (1)

​ស្ត្រី​រងគ្រោះ​ដែល​ស្លាប់​ពេល​សម្រាលកូន​មានឈ្មោះ ឈៀ សារិន អាយុ​៣០​ឆ្នាំ មុខរបរ​ជា​កម្ម​ការី​នី​រោងចក្រ ស្នាក់នៅ​ភូមិ​ក្រាំង​ម្កាក់ ឃុំ​ត្រពាំង​ស្វាយ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ ចំណែកឯ​ប្តី​មានឈ្មោះ ជូ ភា​រ៉ា ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ មុខរបរ​ជា​សមាជិក​សហជីព ស្នាក់នៅ​ជាមួយ​ប្រពន្ធ និង​មានកូន​ពីរ​នាក់​ក្នុងបន្ទុក រួមទាំង​កូន​ក្នុង​ពោះ​ដែល​ស្លាប់​ជាមួយ​ម្តាយ​ផង​សរុប​៣​នាក់​។​

29-5-2017

​តាម​ការរៀបរាប់​ពី​ឪពុក និង​ប្តី របស់​ស្រី្ត​រងគ្រោះ​បាន​ឲ្យ​ដឹង​ទាំង​ទឹកភ្នែក​ថា ស្ត្រី​ដែល​ស្លាប់​នោះ​មានកូន​ប្រុស​២​នាក់ រួចមកហើយ ដែល​កូនប្រុស​បង​អាយុ​១០​ឆ្នាំ និង​កូនប្រុស​ប្អូន​អាយុ​៦​ឆ្នាំ​ហើយ​បាន​ពពោះ​កំណើត​កូន​ទី​៣ បាន​ទៅពិនិត្យ​ឃើញថា ជា​កូនស្រី​ម្នាក់ទៀត​។ កាលពី​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០១៧ ប្រពន្ធ​របស់គាត់ ឈឺពោះ​សម្រាលកូន ហើយ​នៅវេលា​ម៉ោង​១០​ព្រឹក ថ្ងៃនោះ​គាត់​បាន​ដឹក​ប្រពន្ធ​ទៅពិនិត្យ​ផ្ទៃពោះ ដើម្បី​សម្រាលកូន នៅ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា​និង​ទារក ហៅ​ពេទ្យ​ជប៉ុន ពីព្រោះ​គាត់​មាន​ប័ណ្ណ ស​.​ស​.​ប ។​

29-5-2017 (4)

​បន្ទាប់ពី​គ្រូពេទ្យ​ពិនិត្យ​ផ្ទៃពោះ​នៅ​ថ្ងៃទី​២៧ ខែឧសភា បាន​ប្រាប់ថា ជិត​ដល់ពេល​សម្រាលកូន​ហើយក៏​បានឱ្យ​សម្រាក​នៅ​មន្ទីរពេទ្យ​នេះ ដើម្បី​តាមដាន ហើយ​រូបគាត់ និង​ប្រពន្ធ បាន​សម្រាក​នៅក្នុង​មន្ទីរពេទ្យ​បាន​មួយ​យប់​។ រហូតដល់​ម៉ោង​៦​ល្ងាច ថ្ងៃទី​២៨ ខែ ឧសភា ស្រាប់តែ​ប្រពន្ធ​របស់គាត់ ចាប់ផ្តើម​ឈឺពោះ​ខ្លាំង​គាត់​ក៏បាន​ទៅប្រាប់​គ្រូពេទ្យ ហើយ​គ្រូពេទ្យ​បាន​យកទៅ​ពិនិត្យ ហើយ​ប្រាប់​គាត់​វិញ​ថា ជិត​ដល់ពេល​សម្រាលកូន​ហើយ​ទើប ភ្លាមៗ​នោះ គាត់​បាន​ទូរស័ព្ទ​ប្រាប់​ឪពុក​ថា ប្រពន្ធ​ឈឺពោះ​សម្រាលកូន​ហើយ​។​

  29-5-2017 (3)

​ចំណែក​ប្រពន្ធ​របស់គាត់ ត្រូវបាន​គ្រូពេទ្យ រុញ​ដាក់​លើ​ប្រង់​កា យក​ចូលទៅក្នុង បន្ទប់​សម្រាលកូន ដែល​នៅក្នុង​បន្ទប់​សម្រាលកូន​នោះ មាន​ពេទ្យឆ្មប​ស្រី​៤​ទៅ​៥​នាក់​ដែលជា​ក្មេងៗ​សង្ស័យថា ជា​គ្រូពេទ្យ​ស្តារ ជា​អ្នក​ចាំ​បង្កើតកូន​របស់គាត់​។ ម្យ៉ាងទៀត​នៅក្នុង​បន្ទប់​នោះ មិនមាន​ឧបករណ៍​គ្រប់គ្រាន់​សម្រាប់​បង្កើតកូន​ទេ ទើប​ធ្វើ​ឲ្យ​គ្រូពេទ្យ​បន្តិច​រត់​ទៅយក​នេះ រត់​ទៅយក​នោះ និង​មាន​គ្រូពេទ្យ​ពាក់​ស្រោមដៃ លូក​បង្កើតកូន​ទេ បង្ក​ឲ្យ​ប្រពន្ធ​របស់គាត់​បែក​ទឹកភ្លោះ ហូរឈាម​ចេញមក​រួច​ក៏​ដាច់ខ្យល់​ស្លាប់ ទាំង​ម្តាយ​ទាំង​កូន​ដែល​មិនទាន់​សម្រាល​ផង។​

  w

​បុរស​ខាងលើ​បាន​បន្តទៀតថា បន្ទាប់ពី​ឃើញ​ប្រពន្ធ​របស់គាត់​ស្លាប់​ទាំង​មិនទាន់បាន​សម្រាលកូន​ផង​នោះ ក្រុមគ្រូពេទ្យ​ដែលជា​អ្នក​សម្រាលកូន​របស់គាត់​នោះ បាននាំគ្នា​គេចខ្លួន​បាត់អស់ មិនមាន​គ្រូពេទ្យ​ណា​ម្នាក់ ចេញមុខ​មក​បកស្រាយ ប្រាប់​ពួកគាត់​ដែលជា​សាច់ញាតិ ជនរងគ្រោះ​ទេ​។ ទាំងនេះ​សង្ស័យ​ពួកគេ​យល់ថា គ្រួសារ​គាត់​ក្រីក្រ គ្មាន​លុយ​គ្មាន អំណាច​តទល់​ជាមួយ​ពួកគេ ទើប​មិន​យកចិត្តទុកដាក់​ទុក​រហូត​ធ្វើ​ឲ្យ​ប្រពន្ធ​ជាទី​ស្រឡាញ់​ស្លាប់​ទាំង​វេទនា​បែបនេះ​។​

29-5-2017 (2)

​បុរស​ជា​ប្តី និង​សាច់ញាតិ​ស្ត្រី​រងគ្រោះ បាន​អំពាវនាវ​ដល់​ក្រសួងសុខាភិបាល មេត្តាជួយ​រក​យុត្តិធម៌ ដល់​គ្រួសារ​ពួកគាត់​ផង កុំឱ្យ​អ្នកក្រ​ស្លាប់​ដូច​ខ្មោចសត្វ​ធាតុ​បែបនេះ​បន្តទៀត​។ ក្រោយពេល​កើតហេតុ សព​ជនរងគ្រោះ ត្រូវបាន​សាច់ញាតិ​បងប្អូន រួមទាំង​ប្តី​បាន​ដឹក​សព យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត ទៅតាម​ប្រពៃណី ទាំង​មិន​អស់ចិត្ត​និង​មាន​ភាព​សោកសង្រេង​ក្រៃលែង​៕

 

 

Leave a Reply

(*) Required, Your email will not be published