លោក ឈាង វុន ៖ សហរដ្ឋអាមេរិក​នៅ​ពីក្រោយ​ចលនា​បដិវត្តន៍​ពណ៌​

, , Leave a comment

​រាជធានី​ភ្នំពេញ : អ្នកនាំពាក្យ​រដ្ឋសភា​លោក ឈាង វុន បាន​អះអាងថា ចលនា​បដិវត្តន៍​ពណ៌​កើតឡើង​ដោយសារ​អង្គការក្រៅរដ្ឋាភិបាល (NGOs) មួយចំនួន​ដែលមាន​សហរដ្ឋអាមេរិក​ នៅ​ពីក្រោយ​ជួយ​ទំនុកបម្រុង​និង​ការពារ​ដល់ ចលនា​ណាមួយ​ដែល​ប្រឆាំងនឹង​រដ្ឋាភិបាល​។ ប៉ុន្តែ​អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​បាន​ច្រានចោល​ចំពោះ​ការលើកឡើង​នេះ​។​

 

 

​បើតាម​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ការ​ថ្លែង​របស់លោក ឈាង វុន បាន​ធ្វើឡើង​នៅក្នុង​កម្មវិធី​ផ្តល់​បាឋកថា ដល់​មន្ត្រីក្រោមឱវាទរ​បស់ រដ្ឋសភា​ក្រោម​ប្រធានបទ​ស្តីអំពី​បដិវត្តន៍​ពណ៌ និង​វិនាសកម្ម​នៃ​សង្គ្រាម កាលពី​ថ្ងៃ​ម្សិលមិញ នៅ​វិមាន​រដ្ឋសភា ដែលមាន​បំណង​ចង់ឱ្យ យុវជន យុវនារី និង​មន្ត្រីរាជការ ទាំងអស់​ចូលរួម​ការពារ​ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​។​

 

​លោក ឈាង វុន បាន​ពន្យល់​អំពី​ការកើតឡើង​នៃ «​បដិវត្តន៍​ពណ៌​»​ទៅកាន់​អ្នកចូលរួម​ថា បដិវត្តន៍​ពណ៌​នេះ​កើតឡើង​ដោយសារ ប្រទេស​មហាអំណាច​មួយ​ដែល​ចង់​គ្រប់គ្រង​ប្រទេស​តូចៗ​ធ្វើជា​ចំណុះ ឬ​ជួយ​ការពារ​ផលប្រយោជន៍​របស់ខ្លួន​ប៉ុន្ដែ​ប្រទេស​តូច​នោះ​មិន​ដើរ​តាម និន្នាការ​គោលនយោបាយ​របស់ខ្លួន​ហើយ​ប្រទេស​មហាអំណាច​នោះ បញ្ជូន​ឬ​បង្កើត​ភ្នាក់ងារ​សម្ងាត់ CIA ក្រុម M16 (​ក្រុម​ចារកម្ម​អង់គ្លេស​) និង​ចែកចាយ​មធ្យោបាយ​ផ្សេងៗ​ទៅកាន់​ប្រទេស​គោលដៅ ក្រោមរូបភាព​ជា​អ្នកទេសចរ និស្សិត អ្នកស្ម័គ្រចិត្ត អ្នកជំនួញ និង​អ្នក​ហិរញ្ញវត្ថុ ឬ​អ្នកសេដ្ឋកិច្ច​ជាដើម​។​

 

​សម្រាប់​បដិវត្តន៍​ពណ៌​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​ព្រួយបារម្ភ លោក ឈាង វុន បញ្ជាក់ថា អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន បាននិងកំពុង​បណ្ដុះ​គំនិត​មនុស្ស​ឱ្យ​ស្អប់​ការដឹកនាំ​របស់​រដ្ឋាភិបាល “…​ពួកគេ​បង្កើត​បដិវត្តន៍​ពណ៌​ដើម្បី​ធ្វើ​ចលនា​បំភិតបំភ័យ​ពលរដ្ឋ​ធ្វើ ឱ្យ​ពលរដ្ឋ​បាត់បង់​ជំនឿ​លើ​រដ្ឋាភិបាល ហើយ​ដើរ​តាម​ឧបាយកល​របស់​ពួកគេ​…​ប្រសិនជា​ការឃោសនា បំភិតបំភ័យ​មិនបាន​សម្រេច ពួកគេ​នឹង​ស្នើសុំ​អន្តរាគមន៍​យោធា​ដើម្បី​វាយប្រហារ​ប្រទេស​ដែល​មិន​ស្តាប់ បញ្ជា​របស់ខ្លួន​តែម្តង​…​នៅ​ចុងបញ្ចប់​ប្រទេស​នោះ​នឹង​ធ្លាក់​ក្នុង ភ្លើងសង្គ្រាម​…”​។​

 

​ជាមួយគ្នានេះ​លោក វុន បានបង្ហាញ​ឈ្មោះ​អង្គការ​ដែល​លោក​ថា​ជា​មុខសញ្ញា​ក្នុង​បដិវត្តន៍​ពណ៌ រួមមាន អង្គការ National Endowment for Democracy (NED), National Democratic Institute for International (NDI), Freedom House (FH), និង​វិទ្យាស្ថាន Open Society Institute (OSI)​។​ល​។​

 

​ប៉ុន្តែ​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​លោក Jay Raman ថ្លែងថា “…​រដ្ឋាភិបាល​អាមេរិក​មិន​ចូលបក្ស​ខាង​ណា​នោះទេ​និង​ធ្វើការ​ជាមួយ ទាំង​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង​ដើម្បី​គាំទ្រ​ដំណើរការ​ប្រជាធិបតេយ្យ​ក្នុងប្រទេស​កម្ពុជា​…”៕

25-5-2017

 

Leave a Reply

(*) Required, Your email will not be published